លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ខេមបូណូមីសថា ការហូរចេញនូវគ្រាប់ស្វាយចន្ទីឆៅក្នុងចំនួនយ៉ាងច្រើនទៅក្រៅប្រទេស បានធ្វើឱ្យឈ្មួញកណ្ដាលនៅប្រទេសជិតខាងហ៊ានបន្ទាបតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជាហេតុធ្វើឱ្យកសិករមួយចំនួនបាក់ទឹកចិត្តក្នុងការបន្តអាជីពក្នុងវិស័យមួយនេះ។ ហើយកត្តានេះ ក៏ជាមូលហេតុមួយធ្វើឱ្យទីផ្សារគ្រាប់ស្វាយចន្ទីនៅកម្ពុជាពុំមានស្ថិរភាពផងដែរ។ អ្នកជំនាញរូបនេះបានបន្ថែមថា ការអស្ថិរភាពទីផ្សារតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានេះ គឺដោយសារតែសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នាពេលបច្ចុប្បន្ននៅមានកម្រិត ដែលជាហេតុធ្វើឱ្យឈ្មួញកណ្ដាលបន្ទាបតម្លៃទីផ្សារ។
យ៉ាងណាមិញ លោក អួន ស៊ីឡុត បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួល និងរក្សាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន CSNC របស់ប្រទេសសិង្ហបុរី រួមទាំងកសិករដាំស្វាយចន្ទីមួយចំនួនគ្រោងធ្វើកិច្ចសហការរួមគ្នា ដោយទិញលក់គ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃពាក់កណ្តាលសម្រេចតាមកិច្ចសន្យា។ បើតាមការអះអាងរបស់អ្នកជំនាញរូប ក្រោមកិច្ចសហការនេះ ភាគីក្រុមហ៊ុន CSNC ហ៊ានឱ្យតម្លៃលើសទីផ្សាររហូតដល់៣% ខណៈក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី មួយនេះ មានគម្រោងទិញគ្រាប់ស្វាយចន្ទីកម្ពុជាប្រមាណ១ម៉ឺន៤ពាន់៥រយតោនក្នុង១ឆ្នាំ។ ការទិញគ្រាប់ស្វាយចន្ទីតាមកិច្ចសន្យានេះ ត្រូវបានលោក អួន ស៊ីឡុត ជឿថា នឹងជួយបង្កើតការងារនៅក្នុងសហគមន៍ និងបន្ថែមតម្លៃជូនដល់កសិករបន្ថែមទៀត។
បើតាមលោកថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជារូបនេះ គម្រោងទិញគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន CSNC នឹងក្លាយជាផ្នែកមួយជួយដល់កសិករ តាមរយៈការប្រើប្រាស់យន្តការ“ផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដោយពួកគេលែងពិបាកក្នុងការស្វែងរកទីផ្សារ និងជំនួសមកវិញដោយការខិតខំប្រឹងប្រែងមើលថែទាំចម្ការ ដើម្បីពង្រីកទិន្នផលស្វាយចន្ទី ដែលមានស្រាប់ឱ្យកាន់តែប្រសើរបន្ថែមទៀត។
បច្ចុប្បន្នកម្ពុជា មានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២ ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រះវិហារ។ តាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ ការថយចុះនេះ គឺដោយសារតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករមួយជំនួនបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ តាមទិន្នន័យដដែល នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជា សម្រេចបានជាង៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំ៨៣៧លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២៕