វិស័យថាមពល

ជប៉ុង គ្រោងផ្ដល់ឧបបត្ថម្ភធនជាង២០ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្មឥន្ធនៈស្អាតអ៊ីដ្រូសែន


ជប៉ុន គ្រោងចំណាយដល់២០,៣ពាន់លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដើម្បីផ្ដល់ឧបត្ថម្ភធនដល់ការផលិតឥន្ធនៈ អ៊ីដ្រូសែន ដែលកាន់តែស្អាតជាមួយនឹងគោលដៅជំរុញកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ប្រភពថាមពលនេះ។ សារព័ត៌មានជប៉ុន បានរាយការណ៍ថា ជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោកបាននិងកំពុងតែយកចិត្តទុកដាក់ខ្លាំងលើប្រភពឥន្ធនៈស្អាតនេះ។
វិស័យថាមពល
ដោយ

ឥន្ធនៈអ៊ីដ្រូសែន ដែលបញ្ចេញកាកសំណល់មកវិញជាចំហាយទឹកសុទ្ធសាធ ដោយមិនបញ្ចេញឧស្ម័នកាបូនិចដូចជាថាមពលផូស៊ីលនោះ ត្រូវបានចាត់ទុកថាជាប្រភពថាមពលជំនាន់ក្រោយ នៅពេលដែលប្រទេសនានាបន្តខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចូលទៅក្នុងបរិយាកាស។

ទោះជាយ៉ាងណា ឥន្ធនៈអ៊ីដ្រូសែនត្រូវបានរាយការណ៍ថាមានតម្លៃខ្ពស់ជាងដល់ទៅ១០ដងឯណោះបើធៀបនឹងតម្លៃឧស្ម័នធម្មជាតិ គិតចាប់ពីផលិតកម្មដល់ការចែកចាយ។

ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ក៏ជប៉ុន នៅមិនបោះបង់គោលដៅនេះចោលឡើយ ដោយក្រុងតូក្យូ គ្រោងផ្ដល់ឧបត្ថម្ភធនដល់បណ្ដាក្រុមហ៊ុនដែលផលិតអ៊ីដ្រូសែនកាន់តែស្អាត ឬ ដែលគេស្គាល់ថា អ៊ីដ្រូសែនបៃតង ឬ អ៊ីដ្រូសែនខៀវ ដើម្បីកាត់បន្ថយគម្លាតតម្លៃកុំឱ្យខុសគ្នាឆ្ងាយពេក។

សារព័ត៌មាន Nikkei បានរាយការណ៍ថា បច្ចុប្បន្នឥន្ធនៈអ៊ីដ្រូសែនភាគច្រើនត្រូវបានផលិតចេញពីឧស្ម័នធម្មជាតិ ឬ ធ្យូងថ្មដែលបណ្តាលឱ្យមានការបំភាយឧស្ម័នកាបូនិចក្នុងកម្រិតខ្ពស់អំឡុងពេលផលិត។

នៅពេលនេះប្រទេសជប៉ុន គ្រោងនឹងបង្កើនការផ្គត់ផ្គង់ឥន្ធនៈអ៊ីដ្រូសែនក្នុងស្រុកចំនួន៥០%ឈានដល់៣លានតោននៅឆ្នាំ២០៣០ និងដល់២០លានតោននៅឆ្នាំ២០៥០។

បច្ចុបប្បន្ន សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធា និងសហភាពអឺរ៉ុប កំពុងដឹកនាំការជួយគាំទ្រដល់ការផលិតអ៊ីដ្រូសែនស្អាត។

ហើយក្រៅពីនេះ បណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដូចជាប្រទេសអូម៉ង់ និងអារ៉ាប៊ីសាអូឌីត ជាដើមក៏កំពុងប្រញាប់ប្រញាល់ផលិតអ៊ីដ្រូសែនពីថាមពលកកើតឡើងវិញផងដែរ ប៉ុន្តែមិនបានអនុម័តគោលនយោបាយឧបត្ថម្ភធនដូចជប៉ុន និងសហភាពអឺរ៉ុប នោះទេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន CSNC របស់សិង្ហបុរីមានផែនការទិញគ្រាប់ស្វាយចន្ទីកម្ពុជា ដោយឱ្យតម្លៃលើសទីផ្សារ៣%

ព័ត៌មាន
ក្រុមហ៊ុន CSNC របស់ប្រទេសសិង្ហបុរី មានផែនការប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករកម្ពុជាចំនួនជាង១ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំ ដោយផ្តល់តម្លៃបន្ថែម…

ក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបនាគមាសកំពុងមានហាងឆេងខ្ពស់នៅវៀតណាម

ព័ត៌មាន
ពលរដ្ឋវៀតណាម កំពុងផ្អើលនាំគ្នាទិញក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបនាគពណ៌មាស និងមានលេខរៀងក្រដាសប្រាក់ (Serial Number) “៩៩៩៩” ក្នុងតម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ