លោក គួច សុខលី នាយកចាត់ការទូទៅ ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា កិសដ្ឋានគោទឹកដោះមួយនេះ គឺជាកសិដ្ឋានទំនើបទាន់សម័យ ធំជាងគេនិងដំបូងគេដែលមានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែលទាំងការចិញ្ចឹម ការដាំស្មៅជាចំណីលើផ្ទៃដី ២០០ហិកតា រចនាសម្ព័ន្ធស្រោចស្រព ប្រើប្រព័ន្ធបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គីសនី ផ្លូវ រោងចក្រកែច្នៃទឹកដោះ អគាររដ្ឋបាល អគារផលិតចំណី ឃ្លាំងចំណី កន្លែងថែរក្សា និងសម្លាប់មេរោគ និងស្រះស្តុកទឹកធំជាដើម។
លោក គួច សុលី បានបន្ថែមទៀតថា គំនិតផ្តួចផ្តើមដំបូងនៃការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះនេះឡើង គឺបន្ទាប់ពីមានជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាបានអញ្ជើញទៅបំពេញបេសកកម្មជាផ្លូវការនៅប្រទេសអីស្រាអែលក្នុងខែសីហា ឆ្នាំ២០១៥។ ជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្រ្តី ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មអីស្រាអែល និងនាយកគ្រប់គ្រងនៃទីភ្នាក់ងារជំនួយអន្តរជាតិសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាលអីស្រាអែលនៅពេលនោះបានរកឃើញកម្មវត្ថុសំខាន់មួយដែលមានសក្តានុពលគួរតែធ្វើការវិនិយោគនោះគឺ "ការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ (Dairy Farm)"។លោកបានបន្តទៀតថា ផ្តើមចេញពីលទ្ធផលនៃជំនួបពិភាក្សានេះ ក្រុមហ៊ុន Khmer Fresh Milk Co., Ltd បានចាប់ផ្តើមរៀបចំបែបបទទៅតាមនីតិវិធីរដ្ឋបាលបច្ចេកទេស និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គឺបានចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្មកាល ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន ឲ្យបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះនេះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ លើផ្ទៃដី ៣០០ហិកតា និងចុងក្រោយទទួលបានការអនុម័តជាផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
កសិដ្ឋាន ចិញ្ចឹមគោទឹកដោះគីរីសួ នេះត្រូវបានដឹងថា ជាការវិនិយោគរួមគ្នាដោយក្រុមហ៊ុនក្នុងស្រុក និងបរទេស ជាមួយទំហំវិនិយោគ ១៥លានដុល្លារអាមេរិក លើផ្ទៃដី ៣០០ហិកតា។
បច្ចុប្បន្ន កសិដ្ឋានមានមន្រ្តី បុគ្គលិក និងកម្មករក្នុងស្រុកចំនួន ៦០នាក់ និងមន្រ្តីជំនាញបច្ចេកទេសគ្រប់ផ្នែកចំនួន ៦នាក់ (អីស្រាអែល ៤ និងរុស្សី ២)។ នៅក្នុងខែវិច្ឆិកាខាងមុខសង្ឃឹម ថាគ្រប់ផ្នែកទាំងអស់ក្នុងកសិដ្ឋាននឹងចាប់ផ្តើមប្រតិបត្តិការពេញលេញ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានរំលេចថា គម្រោងនេះ ពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ គម្រោងនឹងជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗនៅកម្ពុជាមានចំនួនបីកន្លែងហើយ ដោយក្នុងនោះ រួមមានកសិដ្ឋានចិញ្ចឹមគោទឹកដោះ តេជោសែន ឫស្សីត្រឹប នៅស្រុកឆែបខេត្តព្រះវិហារ, កសិដ្ឋានចិញ្ចឹមគោទឹកដោះ Momo Farm នៅអរិយក្សត្រ និងកសិដ្ឋានគោទឹកដោះ គិរីសួរ នៅស្រុកបាទី ខេត្តតាកែវ៕