ស្រូវ​អង្ករ​កម្ពុជា

កម្ពុជា​នឹង​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បណ្តុះ​ពូជ​ស្រូវ​៣០០​ប្រភេទ ធំ​ដំបូង​គេ​នៅ​កម្ពុជា


ប្រទេស​កម្ពុជា​បាន​និង​កំពុង​សហការ​ជាមួយ​ប្រទេស​ចិន ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បណ្តុះ​ពូជ​​ស្រូវ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​ពូជ​ស្រូវ​ជាង ៣០០​​ប្រភេទ ដោយ​ចាប់​ផ្តើម​មុន​គេ នៅ​ក្នុង​ខេត្ត បន្ទាយមានជ័យ ខណៈ​ខេត្ត​នេះ​មាន​សក្តានុពល​​ដែល​អាច​​ទាញ​​យក​ទិន្នផល​ស្រូវ​កើន​ជាង​​ទ្វេ​ដង។ នេះ​បើ​តាម​ការ​អះអាង​​​​របស់​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​​អង្ករ​​កម្ពុជា។
កសិករ​ប្ដី​ប្រពន្ធ​ប្រមូល​ផល​ស្រូវ​នៅ​ខេត្ត​កណ្ដាល។ រូបថត​នេះ​ស្ថិត​ក្នុង​ចំណោម​រូបថត​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ រូបថត៖ Rithy Kheurn/MRC
ដោយ

គម្រោង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បណ្ដុះ​ពូជ​ស្រូវ​ខាង​លើ​​នេះ​ដែរ អាច​នឹង​ចាប់​​ផ្តើម​ជំហាន​ដំបូង​ជាមួយ​នឹង​ការ​បង្កើត​ពូជ​ស្រូវ​ដែល​ត្រូវ​នឹង​​ទីផ្សារ​​ចង់​​បាន ពូជ​​ស្រូវ​​សម​នឹង​​អាកាស​ធាតុ និង​ទទួល​ទិន្នផល​កាន់​តែ​ខ្ពស់ និង​អាច​ធានា​​ទីផ្សារ​​​សម្រាប់​កសិករ​យ៉ាង​មាន​ប្រសិទ្ធភាព។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជាអគ្គនាយក​ក្រុមហ៊ុន មេគង្គ អូរីហ្សា ត្រេឌីង ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គម្រោង​​បង្កើត​​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​បណ្តុះ​ពូជ​ស្រូវ​ខ្នាត​ធំ​ដំបូង​គេ​នេះ ខាង​ក្រុមហ៊ុន​លោក​ក៏​បាន​​និង​កំពុង​សហការ​ជាមួយ​ចិន ក្នុង​​ការ​សិក្សា​ស្រាវជ្រាវ​​និង​អភិវឌ្ឍ​ពូជ​ស្រូវ​នេះ​ដែរ។ ​

លោក​​ឧកញ៉ា​បាន​បញ្ជាក់​ថា អ្វី​ដែល​យើង​កំពុងតែ​គិត​ធ្វើ​នេះ​គឺ​ការ​ផលិត​ពូជ​​ស្រូវ​ឲ្យ​ត្រូវ​នឹង​ទីផ្សារ ពូជ​​ស្រូវ​សម​​នឹង​អាកាសធាតុ និង​ពូជ​ស្រូវ​មាន​​ទិន្នផល​ខ្ពស់។ លោក​​ឧកញ៉ា​​បន្ត​​ថា យើង​ចាប់​ផ្តើម​មុន​គេ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ រួច​បង្កើត​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ 

សូម​បញ្ជាក់​ថា ខេត្ត​បន្ទាយមានជ័យ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៧៦​ម៉ឺន​នាក់ ក្នុង​នោះ ៨០​​ភាគរយ​​​ជា​កសិករ និង​ក្នុង​ចំណោម ៨០​ភាគរយ​នេះ ភាគ​​ច្រើន ពួកគាត់​​ដំា​ដំណាំ​ស្រូវ​លើ​ផ្ទៃ​ដី ២៦​ម៉ឺន​ហិកតា។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន មេគង្គ អូរីហ្សា ត្រេឌីង។

ពិតណាស់​ ក្នុង​​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​នាំ​មក​​នូវ​គម្រោង​ជា​​ច្រើន​ទាំង​​វិស័យ​រដ្ឋ និង​ឯកជន ជា​ពិសេស ផ្នែក​ខាង​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ និង​នៅ​ក្នុង​នោះ​ដែរ ​​ក៏​មាន​​កសិកម្ម ​ផង​ដែរ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​មាន​សញ្ញា​ល្អ​ច្រើន​​សម្រាប់​​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ទាមទារ​ឲ្យ​​មាន​ការ​ចូលរួម​រវាង​ឯកជន​និង​រដ្ឋ​ក្នុង​ការ​​ចងក្រង​គ្រឹះ​ក្រោម​ឲ្យ​ខ្លាំង ដោយ​បង្កើត​ឲ្យ​មាន​​សហ​គមន៍​តាម​ខេត្ត​នីមួយៗ​ដែល​មាន​សក្តា​នុពល​ក្នុង​​ការ​ផលិត​ស្រូវ​ឲ្យ​មាន​និរន្តរភាព​អាច​នាំ​ចេញ​​លើស​ការ​រំពឹង​ទុក។

របាយការណ៍​ពី​ក្រសួង​កសិកម្ម បាន​បង្ហាញ​ថា កំណើន​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​តួលេខ​វិជ្ជមាន​ដដែល។ តួយ៉ាង សរុប​មួយ​ឆ្នាំ​ពេញ ឆ្នាំ​២០១៧ កម្ពុជា​នាំ​​អង្ករ​ចេញ​បាន ៦៣៥.៦៧៩​តោន ទៅ​កាន់​ជាង ៦០​ប្រទេស គិត​ជា​កំណើន​កើន​ជាង១៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ បើពិនិត្យ​ទៅ​មើល​ទិន្នន័យ​ពេញ​១​ឆ្នាំ​២០១៦ ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​មាន​តែ​ជាង​៥៤​ម៉ឺន​តោន​ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ផ្សារដារ ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​ហើយ បន្ទាប់​ពី​​ពន្យារ​ពេល​អស់​ជា​ច្រើន​ឆ្នាំ

ព័ត៌មាន
ក្រោយ​ពី​ពន្យារពេល​អស់​ជា​ច្រើន​ឆ្នាំ ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៣​មក នៅ​ទីបំផុត ផ្សារដារ ដែល​ជា​ផ្សារ​គំរូ​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម…

ចំណូល​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កើន​ឡើង​១៦%

ព័ត៌មាន
ចំណូល​​បាន​មក​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​​ឆ្លងកាត់​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​ជា​សហគ្រាស​រដ្ឋ​ ក្នុង​មួយ​​ឆ្នាំ​២០១៧​ពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ