បន្លីគីមី

ដាំបន្លែគីមីផ្តល់ចំណូលច្រើនមែន តែប៉ះពាល់សុខភាពទាំងអ្នកហូបនិងអ្នកដាំ


នៅឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្ដាល ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងត្បូងក្រុងភ្នំពេញ មានកសិករជាច្រើន ដែលបានប្រកបរបរដាំបន្លែ។ កសិករនៅទីនេះ បានបែងចែកជាពីរផ្នែក គឺអ្នកដាំបន្លែគីមី និងអ្នកដាំបន្លែសរីរាង្គ ប៉ុន្ដែ កសិករភាគច្រើននិយមដាំបន្លែគីមីជាង ដោយសារតែវាទទួលបានផលច្រើន និង ទទួលបានចំណូលក្រែលដែរ។
កសិករនៅឃុំស្វាយប្រទាល ស្រុកស្អាង កំពុងស្រោចទឹកខាត់ណាឈើ (រូបថត៖ រ៉ឹម ភារី)
ដោយ

អ្នកស្រី សៀប ប៉ិច កសិករដាំស្ពៃក្រញាញ់ បានប្រាប់ខេមបូណូមីសថា អ្នកស្រីបានដាំបន្លែចំនួន១០០រង ដោយកាត់លក់រៀងរាល់សប្តាហ៍ ហើយកាត់ម្តងបានចំនួនពី១តោនទៅ៣តោន និងទទួលបានប្រាក់ចន្លោះ១ទៅ៣លានរៀល។ 

កំពុងកាត់បន្លែបណ្តើរ និង រៀបរាប់ប្រាប់អ្នកកាសែតបណ្តើរ អ្នកស្រី សៀប ប៉ិច អះអាងថា៖ «បើយើងធ្វើស្មៅខ្លួនឯង និងមិនសូវជួលគេ អស់សូវអស់ថ្លៃដើមច្រើនទេ អស់តែថ្លៃថ្នាំ៥០ម៉ឺន គឺបានកាត់ម្តងហើយ»។  

ដូចគ្នាដែរ លោកតា ចក់ អ្នកដាំខាត់ណាឈើ និង លោក ហេង ហាក់ អ្នកដាំស្ពៃជើងទា បានអះអាងដូចគ្នាថា លោកតាទាំងពីរ បានដាំបន្លែទាំងនេះ ដោយប្រើជីគីមី និងជីអាចម៍គោ និងបាញ់ថ្នាំ ដើម្បីជំនួយ។  «ខ្ញុំប្រើថ្នាំអស់៤០ទៅ៥០ម៉ឺនដែរហ្នឹង បើមិនប្រើ វាអត់ល្អ មើលនែ វាទក់ ហើយយកទៅទីផ្សារ គេអត់ទិញ គេរកតែល្អ»។ នេះជាការអះអាងរបស់លោក ហេង ហាក់ អ្នកដាំស្ពៃជើងទា។  

បន្លែនៅឃុំស្វាយប្រទាល បានផ្គត់ផ្គង់មួយភាគធំនៅផ្សារដើមគ និងផ្សារនាគមាស និងមួយចំណែកទៀត ត្រូវបានចែកចាយទៅបណ្ដាខេត្តនានា។ តាមពិតទៅ ការផ្តតផ្គង់បន្លែ មិនមែនមានប្រភពតែនៅស្រុកស្អាតខេត្តកណ្តាល ឬបណ្ដាខេត្តផ្សេងៗរបស់កម្ពុជានោះទេ តែប្រទេសកម្ពុជា ដែលមានកសិករលើពី៥០ភាគរយនៃប្រជាជនសរុបក្នុងប្រទេសមួយនេះ បាននាំចូលបន្លែ ពីក្រៅប្រទេស ជាពិសេស វៀតណាម និងថៃ ក្នុងមួយថ្ងៃៗប្រមាណ ៤០០តោន ស្មើនឹងជាង ១៤ម៉ឺនតោនក្នុងមួយឆ្នាំៗ ដែលគិតជាទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារឯណោះ។ នេះបើតាមការសិក្សាពីក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។  

ការនាំចូលបន្លែដ៏សន្ធឹកសន្ធាប់នេះ ពលរដ្ឋជាទូទៅ មិនបានដឹងថា បន្លែនោះមានជាតិគីមីលើសកម្រិតសុវត្ថិភាព ឬយ៉ាងណានោះទេ មានតែអ្នកជំនាញមន្ទីរពិសោធន៍ប៉ុណ្ណោះ ដែលអាចដឹងពីបញ្ហានេះ។ 

ទាក់ទងនឹងការដាំបន្លែគីមីនេះដែរ អ្នកស្រី តុង ចាន់ធាង នាយិកាប្រតិបត្តិការអង្គការសេដាក បានមានប្រសាសន៍ថា ការដាំបន្លែដោយប្រើជី និងថ្នាំគីមី មិនសូវប៉ះពាល់សុខភាពអ្នកហូបនោះទេ ប្រសិនបើកសិករបានប្រើប្រាស់ថ្នាំ ឬជីគីមីទាំងនោះ ស្របតាមគោលការណ៍បច្ចេកទេស។ 

អ្នកស្រី ថ្លែងយ៉ាងដូច្នេះថា៖ «នៅទីផ្សាររាល់ថ្ងៃ មានបន្លែដែលប្រើសារធាតុគីមីច្រើន តែការប្រើ ជីគីមី និងថ្នាំពុលក្តី បើយើងប្រើតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ក៏មិនសូវប៉ះពាល់សុខភាពដែរ។ ឧទាហរណ៍ ថា ពេលប៉ុន្មានថ្ងៃបាញ់ថ្នាំម្តង ប៉ុន្មានថ្ងៃ ដាក់ជីម្តង មុនដកមកលក់ ត្រូវការប៉ុន្មានថ្ងៃ ដើម្បីឲ្យវាសាបថ្នាំ។ ប៉ុន្ដែ ជាទូទៅ យើងសង្កេតឃើញថា កសិករ មិនបានគោរពតាមគោលការណ៍បច្ចេកទេសទេ។ ជួលកាល គាត់បាញ់ថ្នាំថ្ងៃហ្នឹង ស្អែក ឬខានស្អែក គាត់កាត់មកលក់ ព្រោះមានទីផ្សារល្អ គាត់មិនគិតថា កាកសំណល់គីមីនៅជាប់បន្លែនោះ វាបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកហូបនោះទេ»។

អ្នកស្រី តុង ចាន់ធាង នាយិកាប្រតិបត្តិការអង្គការសេដាក (រូបថត៖​ ហេង ភារម្យ)

បើតាមអ្នកជំនាញផ្នែកកសិកម្មរូបនេះ ការដាំបន្លែគីមី មិនត្រឹមតែប៉ះពាល់ត្រឹមតែអ្នកហូបនោះទេ ប៉ុន្ដែ អ្នកដាំ ក៏ជាជនរងគ្រោះដូចគ្នាដែរ។

អ្នកស្រីពន្យល់យ៉ាងដូច្នេះថា៖ «ការប្រឈម គឺមានទាំងអ្នកហូប និងអ្នកដាំ ព្រោះ អ្នកដាំ ដែលបាញ់ថ្នាំ វាភាយមកចូលតាមដង្ហើមរបស់អ្នកបាញ់ថ្នាំ។ បើមានខ្យល់ទៀត វាសាចមកលើខ្លួនគាត់ បើសិនគាត់មិនបានស្លៀកពាក់ត្រឹមត្រូវ។ កន្លងមក មានកសិករជាច្រើន មានជំងឺរ៉ាំរៃ នៅពេលបានប៉ះពាល់ជាមួយថ្នាំពុល។ រីឯអ្នកហូបបន្លែគីមី ក៏បណ្តាលឲ្យក្អួត ឬខ្លះទៀតដល់ថ្នាក់សន្លប់ក៏មានដែរ បើសុខភាពគាត់ខ្សោយ»។     

នាយិកាប្រតិបតិ្តអង្គការសេដារូបនេះ បានស្នើឲ្យពលរដ្ឋងាកមកដាំបន្លែសរីរាង្គវិញ ដើម្បីការពារសុខភាពខ្លួនឯង និងអ្នកបរិភោគផងដែរ៕         

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វាសនាអនាគត គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ១៥០០លានដុល្លារ នឹងទៅជាយ៉ាងណា?

ព័ត៌មាន
បន្ទាប់ពីផ្អើលភ្លូកទឹកភ្លូកដីពេញផ្ទៃប្រទេសកាលពីចុងឆ្នាំ ២០១៧ និង ដើមឆ្នាំ២០១៨កន្លងមកនេះ ដែលពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាត…

Pi Pay ចុះ MoU ជាមួយក្រសួងសាធារណការ ផ្តល់សេវាទូទាត់ប្រាក់ឌីជីថល

ព័ត៌មាន
ក្រុមហ៊ុន Pi Pay បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ