អត្រាខ្ពស់នៃការច្រានចោលសំណើកម្ចីទិញផ្ទះ និងកម្ចីទិញរថយន្តក្នុងប្រទេសថៃ នៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់វិស័យទាំងពីរខាងលើនេះ ខណៈដែលធនាគារនានាមានការប្រយ័ត្នប្រយែងកាន់តែខ្ពស់នៅក្នុងការបញ្ចេញប្រាក់កម្ចី ដើម្បីបញ្ចៀសហានិភ័យដោយសារព្រួយបារម្ភអំពីកម្ចីខូច ឬឥណទានមិនដំណើរការ (NPLs) ដែលជំរុញឱ្យរដ្ឋាភិបាលថៃ រិះរកវិធីដើម្បីដោះស្រាយឫសគល់នៃបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
លោក ផនឆៃ ធីរ៉ាវេចា (Pornchai Thiraveja) អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធថៃ (FPO) បានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុថៃ ក្រោមកិច្ចសហការជាមួយធនាគារកណ្ដាលថៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងសមាគមធនាគារថៃ (TBA) កំពុងត្រៀមវិធានជាច្រើនដែលផ្តោតលើការសម្រាលបន្ទុកនៃការបង់កម្ចីសម្រាប់អ្នកខ្ចី ឬ កូនបំណុល ដែលរួមមានបុគ្គល និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលរងផលប៉ះពាល់ដោយការងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប និងបំណុលខ្ពស់។
វិធានការទាំងនេះនឹងគ្របដណ្តប់លើប្រាក់កម្ចីដែលមានទំហំតូចដូចជាកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងកម្ចីអាជីវកម្មខ្នាតតូចជាដើម។ លោក ផនឆៃ ធីរ៉ាវេចា បានលើកឡើងទៀតថា វិធានការទាំងនេះនឹងប្រើប្រាស់វិធីសាស្ត្ររៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកបង់កម្ចីសម្រាប់អ្នកខ្ចី។
អ្នកខ្ចី ឬកូនបំណុលត្រូវសងត្រលប់តែប្រាក់ដើមប៉ុណ្ណោះ ចំណែកឯការបង់ការប្រាក់ត្រូវផ្អាកជាបណ្តោះអាសន្ន។ ប្រសិនបើអ្នកខ្ចីបំពេញបានតាមលក្ខខណ្ឌដូចមានចែងបានល្អ ការប្រាក់ដែលផ្អាកនោះនឹងត្រូវបានលើកលែងតែម្ដងទុកជាការលើកទឹកចិត្តសម្រាប់ពួកគេក្នុងការរក្សាវិន័យនៃការបង់សងប្រាក់កម្ចីវិញ។
លោក ផនឆៃ ធីរ៉ាវេចា (Pornchai Thiraveja) បានបន្ថែមទៀតថា ខណៈការពេលចូលរួមក្នុងកម្មវិធីនេះ អ្នកខ្ចី ឬ កូនបំណុលនឹងមិនត្រូវបានអនុញ្ញាតឱ្យខ្ចីប្រាក់បន្ថែមទៀតឡើយនៅក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅនៃការសម្រាលបន្ទុកបំណុលរបស់ពួកគេ ដោយទប់ស្កាត់អ្នកខ្ចី ឬកូនបំណុលដែលចូលរួមក្នុងកម្មវិធីនេះពីការខកខានបង់កម្ចីដោយមានចេតនា ដើម្បីកេងចំណេញលើវិធានការនេះ។
លោកបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះនឹងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះសម្រាប់ជួយគាំទ្រដល់អ្នកខ្ចីខ្នាតតូចដែលមានបំណងកាត់បន្ថយបំណុលរបស់ខ្លួនពិតប្រាកដ ហើយពួកគេនឹងត្រូវបានតម្រូវឱ្យសងបន្តឡើងវិញ នៅពេលដែលប្រាក់ចំណូលរបស់ពួកគេកើនឡើងវិញ៕
ដោយ: តែម សុខុម