លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានចាត់ទុកវិធានការកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មតាមបណ្តាក្រសួងស្ថាប័នរដ្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាយន្តការដ៏សំខាន់មួយក្នុងការកាត់បន្ថយការចំណាយថវិកាជាតិ និងសន្សំសំចៃប្រេងឥន្ធនៈ ដែលកំពុងហក់ឡើងថ្លៃខ្ពស់។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះទំនងជាមិនងាយនឹងបញ្ចប់នោះទេ ដែលវានឹងធ្វើឱ្យតម្លៃប្រេងបន្តហក់ឡើងខ្ពស់ និងអាចប្រឈមនឹងការខ្វះខាតការផ្កត់ផ្គង់ ដូច្នេះរាជរដ្ឋាភិបាលគួរបន្តដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀត ដើម្បីសម្រាលបន្ទុកពលរដ្ឋ និងជួយសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័ន។
តាមរយៈសារាចរ ស្ដីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលចំនួន៣០% នៃឥណទានសរុបរបស់ក្រសួងស្ថាប័នទាំងអស់ រួមទាំងសា្ថប័នកំពូលដូចជាព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃប៉ុណ្ណោះ ក្នុងគោលដៅរក្សាឥណទានទុកសម្រាប់យថាហេតុ ដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែមសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ក្រសួងសេដ្ឋកិច្ច ក៏បានកាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងក្រៅប្រទេសចំនួន៣០% ដូចគ្នាដែរ។ ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា នៅក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមានក្នុងច្បាប់ថវិកាឆ្នាំ២០២៦ ក្រសួងស្ថាប័នត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ដោយបង្វែរថវិកាពីចំណាយមិនសូវចាំបាច់ ឬលែងចាំបាច់ ទៅមុខចំណាយដែលចាំបាច់ខ្លាំង ព្រមជាមួយការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ។
បើតាមក្រសួងសេដ្ឋកិច្ច ការធ្វើវិចារណកម្មចំណាយ និងព្យួរឥណទានចំណាយនេះ ត្រូវបានលើកលែងចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាល, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, សាលាឧទ្ធរណ៍តំបន់ទាំង៤, មន្ទីរជំនាញរាជធានីខេត្ត, និងមុខងារដែលបានប្រគល់ដោយមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទោះជាយ៉ាងណា ស្ថាប័ន និងអង្គភាពទាំងនេះ ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈក្នុងស្មារតីសន្សំសំចៃខ្ពស់ ស្របតាមសារាចររបស់រាជរដ្ឋាភិបាល៕