
លោក តានីត សុរ៉ាត (Tanit Sorat) អនុប្រធានសហព័ន្ធនិយោជកពាណិជ្ជកម្ម និងឧស្សាហកម្មថៃ បាននិយាយថា ក្រុមហ៊ុនផលិតកម្មជាច្រើន ជាពិសេសនៅក្នុងឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់រថយន្តទំនងជានឹងបញ្ឈប់បុគ្គលិក ឬបិទទ្វារអាជីវកម្មនៅឆ្នាំនេះ ខណៈពួកគេបានធ្លាក់ចុះការលក់ក្នុងស្រុកកាន់តែអាក្រក់ទៅៗ ដោយសារផលប៉ះពាល់នៃគោលនយោបាយពន្ធថ្មី និងសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយលោក ដូណាល់ ត្រាំ។
បើតាមការអះអាងរបស់លោក តានីត មានរោងចក្រជាង១០០ បានបិទទ្វារជារៀងរាល់ខែកាលពីឆ្នាំមុននៅក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ហើយថា អត្រានេះនឹងបន្តកើតឡើងនៅជិតដំណាច់ត្រីមាសទីពីរឆ្នាំ២០២៥។ លោកបានអះអាងថា ការបិទអាជីវកម្មនេះ បានកើតឡើងភាគច្រើនក្នុងឧស្សាហកម្មរថយន្ត ដែលបានជួបប្រទះបញ្ហាការលក់ធ្លាក់ចុះចាប់តាំងពីឆ្នាំ២០២៣។ បើយោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) ការលក់រថយន្តក្នុងស្រុកកាលពីឆ្នាំ២០២៤ បានធ្លាក់ចុះជាង២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយសារលក្ខខណ្ឌតឹងរ៉ឹងរបស់ធនាគារ និងក្រុមហ៊ុនផ្តល់ហិរញ្ញវត្ថុសម្រាប់ប្រាក់កម្ចីទិញរថយន្ត ដោយសារពួកគេព្រួយបារម្ភចំពោះកម្ចីមិនដំណើរការដោយសារបំណុលគ្រួសារកើនខ្ពស់។
លោក តានីត បាននិយាយថា នេះគឺជាស្ថានភាពដ៏ធ្ងន់ធ្ងរមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត នៅក្នុងប្រទេសថៃ។ ក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានព្យាយាមជៀសវាងការបញ្ឈប់បុគ្គលិករយៈពេលពីរឆ្នាំមកហើយ ប៉ុន្តែពួកគេអាចនឹងធ្វើនៅឆ្នាំនេះដោយសារតែការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
លោក ត្រាំ បានប្រកាសកាលពីខែមុនថា លោកនឹងចាប់ផ្ដើមអនុវត្តពន្ធ២៥% លើការនាំចូលរថយន្តនៅថ្ងៃទី២ ខែមេសា ប៉ុន្តែពន្ធលើការនាំចេញពីប្រទេសកាណាដា និងម៉ិកស៊ិក ត្រូវបានផ្អាករយៈពេលមួយខែបន្ទាប់ពីបានចូលជាធរមាននៅថ្ងៃទី៤ ខែមីនា៕
អត្ថបទ៖ សុខ មង្គល