UN ទួរគី និងអ៊ុយក្រែនបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិតទៅទៀត!

UN តួកគី និងអ៊ុយក្រែន នៅតែបន្តដំណើរការកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅ ទោះបីជារុស្ស៊ីប្រកាសផ្អាកក៏ដោយ


អង្គការសហប្រជាជាតិ តួកគី និងអ៊ុយក្រែនកំពុងជំរុញឱ្យមានការបន្ដអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅបន្តទៅទៀត បើទោះបីជាប្រទេសរុស្ស៊ីបានប្រកាសផ្អាកប្រតិបត្តិការ និងដកខ្លួនចេញពីកតិកាសញ្ញា ដែលបានអនុញ្ញាតឱ្យនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោកក៏ដោយ។
UN តួកគី និងអ៊ុយក្រែន នៅតែបន្តដំណើរការកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅ ទោះបីជារុស្ស៊ីប្រកាសផ្អាកក៏ដោយ

ការប្រកាសផ្អាកការនាំចេញរបស់ទីក្រុងម៉ូស្គូនេះ កំពុងបង្កជាក្ដីបារម្ភជាថ្មី ចំពោះស្ថានភាពទីផ្សារស្បៀងអាហារពិភពលោក ដែលកំពុងជួបបញ្ហាធ្ងន់ធ្ងរតាំងតែពីមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ នេះបើតាមការចុំផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។

ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៩ តុលា បានប្រកាសផ្អាកតួនាទីរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនចេញពីតំបន់សមុទ្រខ្មៅក្នុង «រយៈពេលមិនកំណត់» ក្រោមហេតុផលថា ខ្លួនមិនអាច «ធានាសុវត្ថិភាពនៃកប៉ាល់ស៊ីវិល» ដែលបើកចេញចូលតំបន់នោះបាន បន្ទាប់ពីទីក្រុងម៉ូស្គូបានចោទប្រកាន់ថា កងនាវាចម្បាំងរបស់ខ្លួននៅសមុទ្រខ្មៅត្រូវបានវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនដែលមានក្រុមជំនាញយោធាអង់គ្លេសជាអ្នកនៅពីក្រោយខ្នងចាំជួយតែម្តង។

យ៉ាងណាមិញ អង្គការសហប្រជាជាតិ និងប្រទេសតួកគី ដែលជាអ្នកដើរតួនាទីសម្របសម្រួលដ៏សំខាន់នៃកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអាទិត្យ ទី ៣០ តុលា បាននិយាយរួមគ្នាថា នឹងរក្សាកិច្ចព្រមព្រៀមស្បៀងនេះឱ្យនៅដដែល។

ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងចំណាត់ការរបស់រុស្ស៊ីនេះ ដោយលោកបានគិតគូរលើកិច្ចព្រមព្រៀងនេះឡើងវិញក្នុងការរក្សាការបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដែលកំពុងធ្លាក់ផុងជ្រៅដោយសារសង្គ្រាមនៅអ៊ុយក្រែន។

ក្រោយពីការផ្អាកការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពីសំណាក់ទីក្រុងម៉ូស្គូ គេសង្កេតឃើញថា តម្លៃស្រូវសាលីនៅថ្ងៃទី ៣១ តុលា បានហក់ឡើងជាង ៥% និងពោតបានកើនឡើង%ផងដែរ។

ការដើរថយក្រោយនៃកិច្ចព្រមព្រៀងនាំចេញគ្រប់ធញ្ញជាតិពីតំបន់សមុទ្រខ្មៅនេះ ត្រូវបានគេមើលឃើញថា ទំនងជានឹងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនស្បៀងទៅកាន់ប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូល ហើយវានឹងធ្វើឲ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ និងតម្លៃស្បៀងនឹងកើនកាន់តែខ្ពស់ដែរ។

ជាការពិត ពោត ស្រូវសាលី ផលិតផលផ្កាឈូករ័ត្ន និងសណ្តែកសៀងជាង ៩,៥ លានតោនត្រូវបាននាំចេញពីអ៊ុយក្រែនចាប់តាំងពីខែកក្កដាមកក្រោមកិច្ចព្រមព្រៀងនេះ ដែលមានមជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) បង្កើតឡើងដោយមន្ត្រីអង្គការសហប្រជាជាតិ ទួរគី រុស្ស៊ី និងអ៊ុយក្រែនរួមគ្នា ដើម្បីយល់ព្រមឱ្យមានកប៉ាល់ដឹកជញ្ជូនអាចចេញចូលក្នុងសមុទ្រខ្មៅប្រកបដោយសុវត្តិភាព និងគ្មានការគំរាមកំហែង។

ប៉ុន្ដែ ចាប់តាំងពីការប្រកាសផ្អាករបស់រុស្ស៊ីមក គ្មានវានាដឹកជញ្ជូនណាមួយហ៊ានធ្វើដំណើរចូលក្នុងច្រករបៀងនេះទេកាលពីថ្ងៃអាទិត្យ ទី ៣០ តុលា។ ដោយឡែក អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមជាមួយអ៊ុយក្រែន និងទួរគីដើម្បីសម្របសម្រួលឱ្យកប៉ាលចំនួន ១៦ គ្រឿងចេញចូលច្រកនេះបានដូចធម្មតា តែនៅសល់ ៤០ គ្រឿងផ្សេងទៀតកំពុងត្រួតពិនិត្យ។

រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានទាក់ទងជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែនដើម្បីព្យាយាមរក្សា និងសង្គ្រោះកិច្ចព្រមព្រៀងនេះដោយបានស្នើឱ្យភាគីទាំងពីររក្សាភាពអត់ធ្មត់ និងជៀសវាងការបង្កហេតុណាមួយដាក់គ្នាទៅវិញទៅមកផងដែរ។ រីឯសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុបក៏បានជំរុញឱ្យរុស្ស៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួឡើងវិញដែរ។

គួរជម្រាបដែរថា កាលពីថ្ងៃសៅរិ៍ ទី ២៩ តុលា ក្រសួងការពារជាតិរុស្ស៊ីបានចេញមុខចោទប្រកាន់អ៊ុយក្រែនថា បានធ្វើការវាយប្រហារដោយយន្តហោះដ្រូនចំនួន ១៦ គ្រឿងមកលើកងនាវាចម្បាំងរបស់ខ្លួននៅសមុទ្រខ្មៅ ដែលទីក្រុងម៉ូស្គូថាមាន «ក្រុមយោធាអង់គ្លេស» ជាអ្នកណែនាំនិងសម្របសម្រួលដែលខ្លួនចាត់ទុកថាជាការវាយប្រហារភេរវកម្មតែម្តង។

តែយ៉ាងណា ចក្រភពអង់គ្លេសបានបដិសេធច្រានចោលការចោទប្រកាន់នេះទាំងស្រុង។ ចំណែកឯអ៊ុយក្រែនក៏មិនបានបញ្ជាក់ ឬបដិសេធថា ខ្លួនមិនបាននៅពីក្រោយការវាយប្រហារនោះដែរ ប៉ុន្តែយោធាអ៊ុយក្រែនថា មានតែយោធារុស្ស៊ីខ្លួនឯងទៅវិញទេ ដែលត្រូវទទួលខុសត្រូវ ចំពោះបង្កើតការវាយប្រហារនេះឡើងមក៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានការនាំចេញជិត៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុ…

IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីនឹងក្លាយជាអ្នករងគ្រោះខ្លាំងបំផុត ប្រសិនបើពាណិជ្ជកម្មពិភពលោកបាក់បែក

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានកាលពីពេលថ្មីៗនេះថា អាស៊ីប៉ាស៊ីហ្វិកនឹងខាតបង់ច្រើនជាងគេ ច្រើនជាងតំបន់ណានាទាំងអស់ ក្នុងករណីប្រព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ