វិស័យពាណិជ្ជកម្ម

ការធ្លាក់ចុះការបញ្ជាទិញកំពុងទាញទម្លាក់សកម្មភាពផលិតកម្មរោងចក្រនៅអាស៊ី កាន់តែយ៉ាប់យ៉ឺន


ការធ្លាក់ចុះការបញ្ជាទិញកំពុងទាញទម្លាក់សកម្មភាពផលិតកម្មរោងចក្រនៅតំបន់អាស៊ីកាន់តែយ៉ាប់យ៉ឺន ដោយសារតែសម្ពាធពន្ធគយបដិការដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក។ ទិន្នន័យបង្ហាញថា សម្ទុះផលិតកម្មរោងចក្រនៅអាស៊ី បានធ្លាក់ចុះកាន់តែខ្លាំងនៅខែមិថុនា នេះ ដែលបង្កជាក្ដីបារម្ភអំពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ខណៈដែលពន្ធគយបដិការថ្មីៗរបស់សហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមចូលជាធរមាននៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

សម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះដែលនាំឱ្យសកម្មភាពផលិតកម្មនៅតាមរោងចក្រក្នុងតំបន់អាស៊ី កាន់តែយ៉ាប់យ៉ឺន។ សន្ទស្សន៍ការបញ្ជាទិញ នៃបណ្ដាប្រទេសដែលជំរុញដោយការនាំចេញដូចជាវៀតណាម និងតៃវ៉ាន់ ជាដើម បានធ្លាក់ចុះបន្ថែមទៀតដោយសារការធ្លាក់ចុះការបញ្ជាទិញថ្មីៗ និងការកាត់បន្ថយការផលិត។ ជាក់ស្ដែងសន្ទស្សន៍ការបញ្ជាទិញរបស់តៃវ៉ាន់ បានធ្លាក់ចុះមកនៅត្រឹម៤៧,២% ដែលបង្ហាញពីតម្រូវការធ្លាក់ចុះទាំងក្នុង និងក្រៅប្រទេសដោយសារតែការបារម្ភអំពីពន្ធគយ។

សន្ទស្សន៍ការបញ្ជាទិញរបស់កូរ៉េខាងត្បូង បានកើនឡើងបន្តិចឈានដល់៤៨,៧% ប៉ុន្តែវានៅតែបង្ហាញពីសញ្ញាធ្លាក់ចុះនៅឡើយ ហើយខណៈដែលតម្រូវការក្នុងស្រុកបានបង្ហាញសញ្ញាស្ទុះងើបឡើងវិញខ្លះ ការបញ្ជាទិញទូទាំងពិភពលោកនៅតែចុះខ្សោយ។

នៅបណ្ដាប្រទេសផ្សេងៗដូចជាវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាដើម បានរាយការណ៍ថា ការបញ្ជាទិញដែលខ្លួនទទួលបាន គឺបានបន្តធ្លាក់ចុះ ដោយសន្ទស្សន៍បញ្ជាទិញ របស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះមកនៅត្រឹម៤៦,៩% ដែលជាកម្រិតទាបជាងគេបំផុតនៅក្នុងតំបន់​។

ប្រទេសខ្លះទទួលបានសញ្ញាចម្រុះ ដោយក្នុងនោះការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើងដោយសារតែការលក់បន្ទះឈីប ហើយសន្ទស្សន៍បញ្ជាទិញឯកជនរបស់ប្រទេសចិន បានកើនឡើងដល់៥០,៤% ដែលបង្ហាញពីកំណើនតិចតួច។ ទោះជាយ៉ាងណា សន្ទស្សន៍ការបញ្ជាទិញផ្លូវការរបស់ប្រទេសចិន នៅតែបង្ហាញពីការចុះមកនៅត្រឹម៤៩,៧%។

ទន្ទឹមនេះ សកម្មភាពផលិតកម្មរបស់ប្រទេសជប៉ុន បានវិលទៅរកកំណើនវិញហើយជាមួយនឹងសន្ទស្សន៍ការបញ្ជាទិញរបស់ខ្លួនស្ថិតក្នុងរង្វង់៥០,១% ប៉ុន្តែភាពមិនប្រាកដប្រជានៅតែមាន នៅពេលដែលពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក លើទំនិញជប៉ុន អាចនឹងកើនឡើងដល់២៤% នៅត្រឹមថ្ងៃទី៩ ខែកក្កដា លុះត្រាតែមានកិច្ចព្រមព្រៀងថ្មីរវាងប្រទេសទាំងពីរ។ សរុបមក វិស័យផលិតកម្មនៅអាស៊ី នៅតែស្ថិតក្រោមសម្ពាធ ជាពិសេសដោយសារវិធានការពាណិជ្ជកម្មថ្មីៗដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលតម្រូវការទូទាំងពិភពលោកនៅតែខ្សោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ម៉ាក្រុង ចាត់ទុកការយកពន្ធរបស់ប្រទេសមហាអំណាចមួយចំនួនថា ធ្វើឡើងជាទម្រង់សម្លុត

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា ពន្ធគយដែលត្រូវបានដាក់ដោយប្រទេសអ្នកមានអំណាចមួយចំនួនជារឿយៗមានទម្រង់ជាការសម្លុត ម…

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែក សីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ១ ខែកក្កដា បានបើកកិច្ចពិភាក្សាថ្នាក់ជាតិ លើសេចក្ដីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ