ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំបំផុតទី៣ក្នុងពិភពលោក Dell បានប្រាប់ទៅអ្នកផ្គត់ផ្គង់កាលពីចុងឆ្នាំកន្លងទៅថា ខ្លួននឹងបន្ទាបចំនួនការប្រើប្រាស់ឈីប ដែលផលិតនៅប្រទេសចិន ពោលគឺមិនថាជាក្រុមហ៊ុនចិន ឬក្រុមហ៊ុនបរទេសដែលផលិតនៅចិននោះទេ។
គោលដៅរបស់ក្រុមហ៊ុន Dell គឺឈីបទាំងអស់ ដែលក្នុងផលិតផលរបស់ខ្លួន គឺត្រូវតែផលិតនៅក្រៅប្រទេសចិន ត្រឹមឆ្នាំ២០២៤។
ផែនការនេះ គឺជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញថា សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិក និងចិន កំពុងធ្វើឱ្យក្រុមហ៊ុនធំៗស្វែងរកទីតាំងផលិតក្រៅពីប្រទេសចិនជាបន្តបន្ទាប់។
បើតាមក្រុមហ៊ុន Dell ឱ្យដឹងថា ខ្លួនកំពុងបន្តការរុករកនូវប្រភពផ្សេងៗនូវខ្សែចង្វាក់ផលិតកម្មនៅជុំវិញពិភពលោក ដើម្បីផ្តល់ការជឿជាក់ដល់អតិថិជន និងក្រុមហ៊ុនខ្លួន។ ទោះយ៉ាងណា ក្រុមហ៊ុន Dell នៅតែចាត់ទុកចិនថា ជាទីផ្សារសំខាន់មួយដដែល ហើយក៏មិនបានលម្អិតពីការស្វែងរកទីតាំងផ្សេងក្រៅពីប្រទេសនេះដែរ។
គួរដឹងដែរថា ក្រុមហ៊ុនកុំព្យូទ័រអាមេរិកមួយទៀត ដែលជាគូប្រជែងនឹង Dell គឺ HP ក៏ចាប់ផ្តើមប្រាប់ឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួនត្រៀមរើផលិតកម្មចេញពីប្រទេសចិនផងដែរ។
លោក Eddi Han អ្នកវិភាគមួយរូបនៅក្រុមហ៊ុនស្រាវជ្រាវ Isaiah បាននិយាយថា ការកើនឡើងនូវភាពតានតឹងភូមិសាស្រ្តនយោបាយរវាងអាមេរិក និងចិន គឺជាមូលហេតុដ៏ធំមួយ ដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ស្វែងរកការបង្កើតរោងចក្រនៅក្រៅប្រទេសចិន។ ជាក់ស្តែង គេបានឃើញរួចមកហើយមានដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនធំៗជាច្រើនទៀត។
សូមជម្រាបថា ថ្មីៗនេះក្រុមហ៊ុន Apple បានដកការផលិតកុំព្យូទ័រ MacBook របស់ខ្លួនមួយចំនួនពីរោងចក្ររបស់ក្រុមហ៊ុន Foxconn នៅប្រទេសចិន ដើម្បីរើទៅផលិតនៅប្រទេសវៀតណាមវិញ ដោយអាចនឹងចាប់ផ្តើមផលិតនៅអំឡុងខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ Apple ក៏កំពុងសម្លឹងឃើញការរើផលិតកម្ម iPad ពីចិន ទៅកាន់ប្រទេសឥណ្ឌាបន្ថែមទៀតដែរ បន្ទាប់ពី iPhone ដោយសារមានការបារម្ភខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសចិន។
បើតាមការចុះផ្សាយរបស់ Business Insider បានឱ្យដឹងថា ដោយសារភាពតានតឹងជាមួយអាមេរិក និងជំងឺរាតត្បាតកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននឹងកំពុងធ្វើឱ្យប្រទេសចិន បាត់បង់តំណែងជាមជ្ឈមណ្ឌលខ្សែចង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗហើយ ដោយប្រទេសដែលអាចចូលខ្លួនមកជំនួសតំណែងចិននោះ អាចមានដូចជា ឥណ្ឌា វៀតណាម ថៃ ម៉ាឡេស៊ី និងបង់ក្លាដែសជាដើម៕