រុស្សីធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន

រុស្សីប្រកាសបើកប្រតិបត្តិការយោធាជាផ្លូវការនៅភាគខាងកើតអ៊ុយក្រែន ស្លាប់របួស និងខូចខាតអស់ជាច្រើន


ក្រោយមានការផ្ទុះសង្គ្រាមប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ មក សភាពការណ៍នៅអ៊ុយក្រែននៅបន្ដវឹកវនៅឡើយ ដោយប្រជាពលរដ្ឋសម្រុកនាំគ្នាចាកចេញពីរដ្ឋធានីទៅកាន់ទីក្រុង និងតំបន់ផ្សេងដើម្បីសុវត្ថិភាព។ សង្គ្រាមវាយប្រហាររយៈពេល១ថ្ងៃមកនេះ បានសម្លាប់មនុស្សរាប់រយនាក់ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនជាច្រើនផងដែរ។
ប្រជាជនអ៊ុយក្រែនរងរបួសដោយប្រតិបត្តិការយោធារុស្សី

លោកពូទីនអះអាងថា ការសម្រេចរបស់លោកគឺដើម្បីការពារអាយុជីវិតមនុស្សនៅក្នុងតំបន់ តបតាមការស្នើសុំពីក្រុមឧទ្ទាមផ្តាច់ទឹកដី ហើយលោកពូទីន ថែមទាំងបានស្នើឲ្យទ័ពអ៊ុយក្រែនទម្លាក់អាវុធចុះ បើពុំនោះទេលោកនឹងមិនអត់ឱនឲ្យនរណាម្នាក់ដែលជ្រៀតជ្រែកបញ្ហានេះជាដាច់ខាត ហើយការប៉ះទង្គិចគ្នារវាងទ័ពរុស្សី នឹងអ៊ុយក្រែន នឹងក្លាយជារឿងជៀសមិនរួចទេ។

តាមការរាយការណ៍ដោយរ៉យទ័រ បានឲ្យដឹងថា យោធាអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់ទាហានរុស្ស៊ីចំនួន៥០នាក់ត្រូវបានស្លាប់ និងរថក្រោះចំនួន៤ និងយន្ដហោះចម្បាំងរបស់រុស្ស៊ីចំនួន៦ត្រូវបានបំផ្លាញ នៅក្នុងការផ្ទុះសង្គ្រាមនៅក្បែរទីក្រុងមួយ នៅក្នុងតំបន់ Luhansk  នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ប្រភពពីយោធាអ៊ុយក្រែនបានអះអាងទៀតថា មានអ្នកយាមព្រំដែនរបស់ខ្លួន៣នាក់ ក៏ត្រូវបានស្លាប់ផងដែរ នៅក្នុងការវាយប្រហារនោះ។

ប៉ុន្ដែ ខាងភាគីរុស្ស៊ី បានចេញបដិសេធចំពោះការរាយការណ៍ថា យន្ដហោះចម្បាំងរបស់ខ្លួន ឬ រថគ្រោះរបស់ខ្លួនត្រូវបានកម្ទេចនោះ។

អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងបញ្ហាវិបត្តិនៅអ៊ុយក្រែននេះផងដែរ។

អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជំរុញឲ្យរុស្ស៊ីបញ្ឈប់សកម្មភាពទាំងអស់នេះ។ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានស្នើទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា កុំបើកការវាយប្រហារលើអ៊ុយក្រែន។ លោក ហ្គូទែរែស បាននិយាយចំៗថា ប្រធានាធិបតីពូទីន សូមបញ្ឈប់កងទ័ពរបស់លោកពីការវាយប្រហារអ៊ុយក្រែនទៅ សូមបង្កើតសន្តិភាព ព្រោះមានមនុស្សជាច្រើនណាស់ហើយបានស្លាប់បាត់បង់ជីវិត។

មន្ត្រីការបរទេសអ៊ុយក្រែននិយាយថា រុស្ស៊ី បានចាប់ផ្ដើមការឈ្លានពានអ៊ុយក្រែនហើយ ដោយបានបាញ់មីស៊ីលទៅលើរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតនៅក្បែរព្រំដែន។ សារព័ត៌មាន CNN បានរាយការណ៍ថា មានអ្នកស្លាប់ និងរបួសជាច្រើនរយនាក់នៅទូទាំងប្រទេស ដោយសារការបាញ់មីស៊ីល ជាច្រើនរយគ្រាប់ពីសំណាក់ប្រទេសរុស្ស៊ីចូលក្នុងទឹកដីអ៊ុយក្រែន។ ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងទ័ពរបស់ខ្លួន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ុយក្រែនផងដែរ។

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិនឯណោះវិញ បានថ្កោលទោសខ្លាំងៗលើសកម្មភាពរបស់រុស្ស៊ី តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី ប្រកាសពីការធ្វើប្រតិបត្តិការយោធា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍លោក ចូ បៃដិន គូសបញ្ជាក់ថា  លោកប្រធានាធិបតី ពូទីន បានជ្រើសរើសយកសង្គ្រាមមួយដែលបានគិតទុកជាមុន ហើយដែលនឹងបង្កមហន្តរាយដល់អាយុជីវិត និងក្តីឈឺចាប់របស់មនុស្សជាតិ។ រុស្ស៊ីតែម្នាក់គត់ គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងប្រាកដជាឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត។

ក្រៅពីនោះក៏មានសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួនទៀត ដូចជាសហភាពអឺរ៉ុប អូស្រ្តាលី ជប៉ុន កូរ៉េខាងត្បូង និងបារាំង សុទ្ធតែបានចេញមកថ្កោលទោស និងរិះគន់ការវាយប្រហាររបស់រុស្សី ដោយបានហៅសកម្មភាពនេះថាជាការគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោក ខណៈពួកគេសន្យាថានឹងដាក់ទណ្ឌកម្មរុស្ស៊ី ទុកជាការឆ្លើយតប។

ក្រុមមេដឹកនាំសហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មថ្មីទៀត ទៅលើប្រទេសរុស្ស៊ី ដូចជាការបង្កកទ្រព្យសម្បត្តិ ផ្អាកសកម្មភាពធនាគាររុស្ស៊ី នៅក្នុងទីផ្សារហិរញ្ញវត្ថុរុស្ស៊ី និងកំណត់គោលដៅលើទណ្ឌកម្មផ្សេងទៀត ទាក់ទងនឹងផលប្រយោជន៍របស់វិមានក្រឹមឡាំង ជុំវិញការឈ្លានពានអ៊ុយក្រែននេះ។

ដោយឡែក អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្កោលទោសចំពោះ "ការវាយប្រហារដោយឥតប្រុងប្រយ័ត្ន និងឥតញញើតរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន" ហើយបានចោទប្រកាន់រុស្ស៊ីថា រុស្ស៊ីធ្វើឲ្យមានហានិភ័យ ដល់ អាយុជីវិត ជនស៊ីវិលរាប់មិនអស់។

ទន្ទឹមនឹងនោះ បេសកកម្មអាល្លឺម៉ង់ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន «ក្រោកឈរឡើងជាមួយអ៊ុយក្រែន និងប្រឆាំងនឹងការបំពានច្បាប់អន្តរជាតិដោយឥតអៀនខ្មាស»។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានរិះគន់ "ការវាយប្រហារដោយអយុត្តិធម៌របស់រុស្ស៊ីលើអ៊ុយក្រែន" ដោយសច្ចាថានឹង "ធ្វើឲ្យវិមានក្រឹមឡាំងត្រូវទទួលខុសត្រូវចំពោះរង្វើរបស់ខ្លួន" ។

ចំណែកឯ ប្រទេសចិនវិញ បានអំពាវនាវឲ្យគ្រប់ភាគីមានការអត់ធ្មត់នៅក្នុងស្ថានការណ៍នៅប្រទេសអ៊ុយក្រែន និងបានច្រានចោល នូវការពិពណ៌នាររបស់អ្នកកាសែតបរទេសអំពីសកម្មភាពរុស្ស៊ីថាជាការឈ្លានពាន។ នេះបើតាមការរាយការណ៍ពីរ៉យទ័រ។

ចិនក៏បានប្រាប់ទៅកាន់ប្រជាជនរបស់ខ្លួននៅអ៊ុយក្រែន ឲ្យស្នាក់នៅក្នុងផ្ទះ និងមានដាក់ទង់ជាតិចិននៅក្នុងលើយានជំនិះរបស់ពួកគេបើត្រូវការចេញទៅក្រៅ។

ស្ថានភាពនៅអ៊ុយក្រែនពេលនេះ កំពង់ស្ថិតក្នុងភាពវឹកវ ខណៈដែលរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់អាជ្ញាសឹក ហើយប្រជាជនវិញក៏មានការភ័យស្លន់ស្លោ ដោយអ្នកខ្លះ បាននាំគ្នាសម្រុកទៅដកលុយពីធនាគារ ពីទូម៉ាស៊ីន ATM សម្រុកចាក់សាំងឡានទុក និងទិញស្បៀងអាហារ ដើម្បីត្រៀមនឹងស្ថានភាពណាមួយកើតឡើង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO៖ ករណីកូវីដ១៩ និងការស្លាប់ថ្មីនៅជុំវិញពិភពលោកមានការធ្លាក់នូវសប្តាហ៍ទី ៣ ខែកុម្ភៈនេះ

ព័ត៌មាន
អង្គការសុខភាពពិភពលោកបានអះអាងថា ចំនួនករណីមេរោគថ្មីនៅជុំវិញពិភពលោកបានធ្លាក់ចុះ ២១% ក្នុងសប្តាហ៍ចុងក្រោយនេះ ខណៈដែលការកត់សម្គាល់នៅ ៣ សប្…

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរុស្ស៊ី និងអ៊ុយក្រែនជួបពិភាក្សា និងដោះស្រាយវិបត្តិដោយសន្តិវិធី

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ចង់ឃើញថ្នាក់ដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជួបពិភាក្សាគ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ