ក្រុមប្រឹក្សាអឺរ៉ុបដែលជាអង្គការសិទ្ធិមនុស្សឈានមុខគេរបស់ទ្វីបអឺរ៉ុប បានសម្របសម្រួលឱ្យមានគណៈកម្មការទាមទារសំណងអន្តរជាតិ ដែលទទួលបានការគាំទ្រពីប្រទេសចំនួន៣៥ រួមទាំងអ៊ុយក្រែនផង ដើម្បីអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែនស្វែងរកសំណងសម្រាប់ការខូចខាត ការខាតបង់ ឬការរងរបួស ដែលបង្កឡើងដោយការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក។
លោក Zelenskyy បានប្រាប់មេដឹកនាំប្រទេសផ្សេង ដែលបានជួបជុំគ្នានៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃអង្គារ ថា លោកសង្ឃឹមថា នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ ដើម្បីឱ្យការខូចខាតណាមួយ ដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ីអាចត្រូវបានផ្តល់សំណងដល់អ៊ុយក្រែន។ ក្រុមប្រឹក្សាអឺរ៉ុបបានទទូចថា រុស្ស៊ីត្រូវតែទទួលបន្ទុកចំណាយ ប៉ុន្តែមិនមានវិធីច្បាស់លាស់ណាមួយសម្រាប់បង្ខំឱ្យទីក្រុងមូស្គូ ត្រូវតែបង់ប្រាក់សំណងទាំងនោះទេ។ សំណើមួយទាមទារឱ្យប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីរាប់សិបពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅអឺរ៉ុប។ លោក Zelensky បានប្រាប់សភាហូឡង់ថា អ្នកឈ្លានពានត្រូវតែចេញថ្លៃសំណងការខូចខាតទាំងនេះ។
គណៈកម្មការសំណងអន្តរជាតិនឹងវាយតម្លៃការទាមទារសំណងដែលបានចុះបញ្ជីការខូចខាតដែលបានធ្វើរួចហើយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបក្នុងឆ្នាំ២០២៣។ ការទាម ទារសំណងប្រហែល៨ម៉ឺនករណី ត្រូវបានដាក់ចូលទៅក្នុងបញ្ជី នៃការខូចខាត ដែលបានរក្សាទុកនៅទីក្រុងឡាអេរួចហើយ៕
ដោយ៖ សុខ មង្គល