ស្រូវធ្លាក់ថ្លៃ

បញ្ហាស្រូវធ្លាក់ថ្លៃ៖ រដ្ឋមន្ត្រីកសិកម្មបានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យ បញ្ចេញថវិកាជួយទិញស្រូវពីកសិករ


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្ន តម្លៃស្រូវរបស់ប្រជាកសិករពិតជាបាននិងកំពុងមានការធ្លាក់ថ្លៃមែន ក្រោយពីប្រទេសវៀតណាមដែលជាប្រទេសបញ្ជាទិញស្រូវពីកម្ពុជា មានការរឹតត្បិតច្រកព្រំដែននៅអំឡុងពេលមានការរាតត្បាតកូវីដ-១៩។ ក្នុងនោះ ក្រសួងកសិកម្មក៏បានស្នើទៅក្រសួងសេដ្ឋកិច្ចឲ្យពិចារណាទម្លាក់ថវិកាបន្ថែម ដើម្បីប្រមូលទិញស្រូវពីកសិករ ដែលកំពុងជួបការលំបាកនេះ។
នៅអំឡុងគ្រោះទឹកជំនន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ជុំវិញបញ្ហាស្រូវធ្លាក់ថ្លៃនេះ ខាងក្រសួងកសិកម្មពុំមានលទ្ធភាពជួយបានច្រើនទេក្នុងបញ្ហាទីផ្សារស្រូវធ្លាក់ថ្លៃនេះ ដោយកិច្ចការងារនេះ គឺត្រូវមានការចូលរួមដោះស្រាយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រសួងពាណិជ្ជកម្មផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានគូសបញ្ជាក់ទៀតថា ខាងក្រសួងកសិកម្មបានដាក់លិខិតផ្លូវការមួយទៅកាន់ក្រសួងសេដ្ឋកិច្ច ដើម្បីឲ្យបញ្ចេញថវិកា និងកោះប្រជុំជាមួយនឹងក្រុមហ៊ុនរកស៊ីស្រូវអង្ករធំៗ ឲ្យធ្វើយ៉ាងណាជួយប្រមូលទិញស្រូវពីប្រជាកសិកម្មក្នុងកាលៈទេសៈនេះ។

ជុំវិញនឹងបញ្ហាស្រូវធ្លាក់ថ្លៃនេះដែរ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម មាស សុខសេនសាន បានអះអាងថា បច្ចុប្បន្នការងារនេះ កំពុងស្ថិតនៅក្នុងការដោះស្រាយរវាងក្រសួង និងក្រសួង ហើយឯកឧត្តម មិនទាន់អាចផ្ដល់ព័ត៌មានអ្វីបានច្រើននៅឡើយទេ។

តម្លៃស្រូវសើមសម្រាប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន Agribee Cambodia បានឲ្យដឹងថា ចំពោះ ប្រភេទស្រូវអ៊ីអ៊ែ៨៥ នៅតាមបណ្ដាខេត្តមួយចំនួន មានតម្លៃចន្លោះពី៦៩០ ទៅ៧១០រៀលក្នុងមួយគីឡូក្រាម ខណៈប្រភេទស្រូវអូអឹមវិញមានតម្លៃចន្លោះពី ៧១០ ទៅ ៧៤០រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃមានការល្អៀងគ្នាតិចតួចទៅតាមតំបន់ផ្សេងៗគ្នា។

សូមបញ្ជាក់ថា ស្រូវរបស់កម្ពុជា គឺមានការពឹងផ្អែកខ្លាំងបំផុតទៅលើទីផ្សារប្រទេសវៀតណាម ហើយនៅមួយរយៈកន្លង ពោលគឺនៅមុនពេលដែលវៀតណាមមានការរឹតត្បិតតឹងរ៉ឹងតាមច្រកព្រំដែន គេសង្កេតឃើញថា ការនាំចេញស្រូវពីកម្ពុជាទៅវៀតណាមមានការកើនឡើងយ៉ាងគំហុក ស្របពេលដែលការនាំចេញអង្ករវិញបាននិងកំពុងមានការដាំក្បាលចុះខ្លាំង។

ជាក់ស្ដែង របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថា នៅ៦ខែពាក់កណ្ដាលឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញស្រូវក្នុទំហំទឹកប្រាក់ជិត២៨០លានដុល្លារ ក្នុងបរិមាណស្រូវជិត ១លាន៧សែនតោន កើនដល់ទៅជាង ៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញអង្ករវិញ សម្រេចបានត្រឹមតែប្រមាណ២៨ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត៣០% និងមានក្នុងទំហំទឹកប្រាក់នាំចេញសរុបប្រមាណជាង២៣៧លានដុល្លារ។ ដូច្នេះ បើប្រៀបធៀបតម្លៃទឹកប្រាក់នាំចេញ ឃើញថា នៅ៦ខែដំបូងឆ្នាំ២០២១ ការនាំចេញស្រូវមានលើសទឹកប្រាក់ពីការនាំចេញអង្ករដល់ទៅជិត ៤២លានដុល្លារអាមេរិកឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសហគ្រិនខ្មែរ (KE) បើក​ការ​​បណ្តុះបណ្តាល​ស្តីពី“ការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា”

ព័ត៌មាន
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២១នេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសហគ្រិនខ្មែរ (KE) បានរួមគ្នារៀបចំកម្មវិធីសម្ភោធជាផ្លូវការនូវ…

កូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្តើមវិលមករកតុចរចាឡើងវិញ ក្រោយផ្ដាច់ទំនាក់ទំនងជាង២ឆ្នាំ

ព័ត៌មាន
បងប្អូនកូរ៉េទាំងពីរផ្តើមវិលមករកតុចរចាឡើងវិញបន្ទាប់ពីបានតឹងសសៃកដាក់គ្នាបញ្ហាអាវុធនុយក្លេអ៊ែរ។ បងប្អូនកូរ៉េទាំងពីរ គឺ ទាំងកូរ៉េខាងជើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ