
សម្តេច ស ខេង ថ្លែងយ៉ាងដូច្នេះថា៖ «មានផ្លូវមួយចំនួន គុណភាពល្អ ប៉ុន្តែ ផ្លូវមួយចំនួនទៀត ខ្វះគុណភាព ដូចជា ពេលយើងធ្វើដំណើរទាំងអស់គ្នាលើផ្លូវជាតិលេខ៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ជាផ្លូវទើបធ្វើថ្មី ប៉ុន្តែ មកដល់ពេលនេះ មានសភាពទ្រុឌទ្រោម ជាងផ្លូវដែលចាស់ពីមុន និងមិនសូវបានជួសជុល។ ផ្លូវលេខ៨បានជួសជុលជាបន្តបន្ទាប់ ប៉ុន្តែ នៅតែមិនធានាគុណភាព»។
បើតាមសម្តេច ស ខេង បញ្ហានេះជាបទពិសោធន៍មួយ ដែលក្រសួងសាធារណការត្រូវត្រួតពិនិត្យគុណភាពឲ្យបានច្បាស់លាស់ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ និងអ្នកដំណើរដែលប្រើប្រាស់ផ្លូវនេះ។
របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ឆ្នាំ២០១៧ បានឲ្យដឹងថា ស្ថិតិផ្លូវថ្នល់ទាំងផ្លូវជាតិ និងផ្លូវខេត្ត មានប្រវែងសរុប ១៦.២៩២ គីឡូម៉ែត្រ ក្នុងនោះផ្លូវចាក់កៅស៊ូនិងបេតុង មានប្រវែង ៨.៥២៦ គីឡូម៉ែត្រ។
ទន្ទឹមនឹងការរិះគន់ខាងលើ សម្តេច ស ខេង បានបង្គាប់ឲ្យក្រសួងសាធារណការ ពង្រឹងការត្រួតពិនិត្យនិងទប់ស្កាត់យានយន្តដឹកលើសទម្ងន់ ដែលសម្តេចចាត់ទុកថា ជាជំងឺនិងមេរោគក្នុងការបំផ្លាញផ្លូវថ្នល់ ដែលនាំឲ្យខាតបង់ថវិកាជាតិ។ បន្ថែមពីនេះ សម្តេចបង្គាប់ឲ្យក្រសួងត្រួតពិនិត្យការកែច្នៃរថយន្តខុសបច្ចេសទេស និងអំពាវដល់ពលរដ្ឋ ជាពិសេស អ្នកជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងមួយឆ្នាំៗ បណ្តាលឲ្យកម្ពុជាខាតបង់ថវិកាជាង៣០០លានដុល្លារសហរដ្ឋអាមេរិក៕