កម្ពុជាពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំង

សម្ដេចតេជោ ហ៊ុន សែន ជំរុញជាថ្មីឲ្យពន្លឿនបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញសារជាថ្មីឱ្យដៃគូពាក់ព័ន្ធបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលចិនក៏បានឯកភាពរួចហើយដែរ លើការងារផលិតវ៉ាក់សាំងនៅកម្ពុជានេះ។ ការជំរុញរបស់សម្ដេចបែបនេះ បានធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ រូបភាព ៖ SPM Page

ថ្លែងនាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ចំពោះការផលិតវ៉ាក់សាំង ក៏ត្រូវបន្តជំរុញ ដៃគូក្នុងប្រទេស ក៏ត្រូវតែបង្កើនល្បឿន ក្នុងការធ្វើការជាមួយភាគីចិន ដើម្បីបង្កើតឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងនៅកម្ពុជា។

ការថ្លែងរបស់សម្ដេចបែបនេះ បន្ទាប់ពី កាលពីពេលថ្មីៗ កន្លងទៅ តាមរយៈឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថា ប្រទេសចិនគាំទ្រកម្ពុជា ដើម្បីសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯង។ យ៉ាងណាមិញ បើតាមសម្ដេច ហ៊ុន សែន គោលបំណងនៃការជំរុញពន្លឿនបង្កើតរោងចក្រវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គឺដើម្បីធានាបាននូវដំណើរការ នៃការការពារសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាលពីខែធ្នូ ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ទៀតនោះទេ ក្រោយរដ្ឋាភិបាលចិនសម្រេចយល់ព្រមតាមសំណើររបស់សម្ដេចរួចហើយ ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។ ទោះជាបែបនេះក្ដី សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែត្រៀមថវិកាបន្តសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីផ្គត់ផ្គង់បន្តដដែល។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ខែមីនា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបប្រមាណជាង១៤លាននាក់ហើយ ឬស្មើនឹង ជាង៩២% នៃចំនួនប្រជាជនសរុប១៦លាននាក់។ ក្នុងនោះ អ្នកដែលបានចាក់គ្រប់ចំនួនដូស មានជាង ១៣លាននាក់ និងអ្នកបានចាក់ដូសជំរុញ ឬដូសទី៣ មានជាង ៧លាននាក់ ខណៈអ្នកបានចាក់ដូសទី៤ មានជាង១លាននាក់។ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមីនា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរសម្រុកទៅទស្សនាប្រាសាទអង្គរវត្ត ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងលោក ជាកន្លែងដ៏ល្អបំផុតសម្រាប់ទស្សនាព្រះអាទិត្យរះនិងលិច

ព័ត៌មាន
ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាទៅទស្សនាព្រឹត្តិការណ៍ ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរះនៅពេលព្រលឹមស្រា…

វិបត្តិនៅអ៊ុយក្រែន កំពុងរុញច្រានឲ្យប្រទេសចិនជួបការលំបាកក្នុងការសម្រេចចិត្តចាប់យករវាងបស្ចិមលោក និងយករុស្ស៊ី ឬក៏យ៉ាងណា?

ព័ត៌មាន
ប្រធានាធិបតីអាមេរិក Joe Biden បានព្រមានពី«ផលវិបាក» ដែលអាចកើតឡើងទៅលើប្រទេសចិន ប្រសិនបើចិនមានផ្ដល់ជំនួយណាមួយ ដល់រុស្ស៊ីក្នុងកិច្ចខិតខំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ