ការអះអាងរបស់លោក មើសៀរ ហ្គ៊ូណា អគ្គលេខាធិការរងនៃអង្គការណាតូ (Mircea Geoana) យ៉ាងដូច្នេះ បន្ទាប់ពីលោកមើលឃើញថា ទីក្រុងមូស្គូខ្លួនឯង ក៏មិនបានគោរព និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងអង្គការណាតូ និងរុស្ស៊ីដែរ ដោយរុស្សីបានបើកការវាយប្រហារទៅលើអ៊ុយក្រែន និងបញ្ឈប់ការសន្ទនាផ្លូវទូតជាមួយសម្ព័ន្ធមិត្តណាតូទាំងអស់។
គួររំលឹកថា នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ ១៩៩៧ រវាងណាតូនិងរុស្សី ភាគីទាំងពីបានកំណត់ឡើងវិញនូវទំនាក់ទំនងរវាងគ្នា ដោយក្នុងនោះ បានយល់ព្រមធ្វើកិច្ចការ ដើម្បីទប់ស្កាត់ការគម្រាមកំហែងណាមួយ ដែលអាចកើតមានតាមរយៈការកសាងកម្លាំងយោធា នៅក្នុងតំបន់អឺរ៉ុប រួមទាំងអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតផងដែរ។
លោកបន្តថា កិច្ចព្រមព្រៀងនេះក៏មិនអនុញ្ញាតឲ្យមានឈ្លានពានប្រទេសជិតខាងខ្លួននោះដែរ។ ទោះបីជាយ៉ាងនេះក្តី ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយយក្រែន សរបញ្ជាក់យ៉ាងច្បាស់ថា ភាគីរុស្សីគឺមិនបានគោរពតាមកិច្ចព្រមព្រៀងជាមួយណាតូនោះទេ ស្របពេលណាតូគោរពតាម និងអនុវត្តវារហូតមក។
លោក ហ្គ៊ូណា បានបន្ថែមថា បើទីក្រុងម៉ូស្គូដើរហួសបន្ទាត់នៃកិច្ចព្រមព្រៀងគ្នាទៅហើយ យើងក៏ត្រូវមានជំហររឹងមាំឡើងវិញក្នុងការពង្រឹងអឺរ៉ុបខាងកើត និងដើម្បីធានាថា រាល់ចង្អាមនៃទឹកដីរបស់ប្រទេសនៃសមាជិកណាតូត្រូវបានការពារ ដូចដែលមានចែងក្នុងមាត្រាទី៥នៃកិច្ចព្រមព្រៀងដូច្នោះដែរ។
គួររំលឹកផងដែរថា មាត្រាទី ៥ នៃកិច្ចព្រមព្រៀងរបស់អង្គការណាតូ គឺសំដៅទៅលើការការពារសន្តិសុខរួម ដែលបានចែងថា ការវាយប្រហារលើសមាជិកណាមួយនៃអង្គការណាតូ គឺជាការប្រកាសសង្គ្រាមលើសមាជិកទាំងអស់របស់ខ្លួន ហើយខ្លួននឹងធ្វើការវាយបកវិញភ្លាមៗ។
គួរេជម្រាបថា កាលពីឆ្នាំ ២០១៧ ណាតូបានដាក់ពង្រាយក្រុមយុទ្ធសាស្ត្រចម្រុះរួចហើយ ទៅកាន់ប្រទេសនៅតំបន់បាល់ទិក និងប៉ូឡូញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅចុងខែកុម្ភៈមក អង្គការនេះបានបញ្ជូនកម្លាំងនៅទីនោះបន្ថែមទៀត។
មួយវិញទៀត រដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនឹងជួបប្រជុំគ្នានៅពាក់កណ្តាលខែមិថុនាខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហានេះ និងបញ្ហាចាក់ស្រេះផ្សេងទៀត ហើយមេដឹកនាំនៃរដ្ឋសមាជិកណាតូនឹងជួបប្រជុំគ្នាដើម្បីអនុម័តការផ្លាស់ប្តូរណាមួយ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីតនៅចុងខែមិថុនាខាងមុខនេះផងដែរ។
ទន្ទឹមនឹងនេះដែរ ប្រទេសដែលមានឥទ្ធិពលមួយនៅទ្វីបអឺរ៉ុប និងជាសមាជិកមួយដែរនៃអង្គការណាតូ គឺ អាល្លឺម៉ង់។ ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសអាល្លឺម៉ង់បានយល់ព្រមផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីអនុញ្ញាតបន្ថែមកញ្ចប់ថវិកាពិសេសទៅលើវិស័យការពារជាតិ ប្រហែល១០៨ ពាន់លានដុល្លារ ដែលបានស្នើឡើងដោយសភាអាល្លឺម៉ង់ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
ថវិកាយោធានេះនឹងត្រូវប្រើប្រាស់ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ ដើម្បីបង្កើនថវិកាការពារជាតិប្រចាំឆ្នាំរបស់អាល្លឺម៉ង់ ដែលឆ្នាំមុនៗមានត្រឹមប្រហែល ៥០ ពាន់លានដុល្លារប៉ុណ្ណោះ ហើយក៏អាចឱ្យប្រទេសខ្លួនសម្រេចបានតាមគោលដៅរបស់អង្គការណាតូក្នុងការចំណាយ ២% នៃសេដ្ឋកិច្ចរបស់ខ្លួនលើវិស័យការពារជាតិជារៀងរាល់ឆ្នាំផងដែរ។
បើក្រឡេកទៅមើលប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលសុំចូលជាសមាជិកភាពណាតូវិញ ក៏មិនទាន់មានផ្លែផ្កានៅឡើយ ដោយសារតែលោកអ៊ែរដូហ្កាន់ ប្រធានាធិបតីរបស់តួគីនៅតែមានការជំទាស់ជាដាច់ណាត់ចំពោះសំណើរបស់ប្រទេសទាំងពីរនេះ។
លោកបានលើកឡើងក្នុងសារព័ត៌មានមួយថា ដរាបណាលោកនៅ ជាប្រមុខរដ្ឋនៃសាធារណរដ្ឋទួរគី លោកមិនអាចនិយាយយល់ព្រម ចំពោះប្រទេសដែលគាំទ្រអំពើភេរវកម្មឲ្យចូលជាសមាជិកភាពរបស់ NATO បានទេ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ