គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿននៃប្រទេសវៀតណាម គឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ខណៈផ្លូវល្បឿនលឿននេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ តើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានការវិវត្តដល់ណាហើយ ក្រោយបើកការដ្ឋានសាងសង់ជាង១ឆ្នាំកន្លងមកនេះ?
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេលជាង១ឆ្នាំកន្លងនេះ គម្រោងនេះមិនទាន់មានវឌ្ឍនភាពសាងសង់គួរឱ្យកត់សម្គាល់នៅឡើយទេ ពោលគឺកំពុងស្ថិតក្នុងដំណើរការរៀបចំទីតាំងការដ្ឋាន កន្លែងស្នាក់នៅ និងការិយាល័យ ទីតាំងផលិតគ្រឿងសំណង់ សិក្សាទីតាំងយកដី ថ្ម និងរៀបចំបុគ្គលិកនៅឡើយទេ។ បើតាមអ្នកនាំពាក្យរូបនេះ នៅក្នុងដំណាក់កាលនេះ ការអនុវត្តគម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា មិនមានឧបសគ្គចម្បងណាមួយគួរកត់សម្គាល់នោះទេ។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា សម្រាប់កន្លែងតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា ជាមួយវៀតណាម ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៦២ បាវិត-ហូជីមិញ ម៉ុកបៃ គឺពុំទាន់មានអ្វីប្រែប្រួលនៅឡើយទេ ពោលគឺស្ថិតក្នុងការរង់ចាំពីភាគីប្រទេសវៀតណាម ក្នុងការបង្កើតក្រុមការងារដើម្បីពិនិត្យដោះស្រាយ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណជាង១ពាន់៣រយលានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ និងស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ២៣២លានដុល្លារអាម៉េរិក។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕
អត្ថបទ៖ បូ ដូឡា