ផ្លូវល្បឿនលឿន

អ្នកជំនាញជឿថា ចំនួនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននឹងកាន់តែថយចុះ ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា


មកទល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការជាមួយការបញ្ចុះតម្លៃ២០%នៅមួយឆ្នាំដំបូង។ តែយ៉ាងណាយើងសង្កេតឃើញថា រថយន្តធ្វើដំណើរលើផ្លូវនេះភាគច្រើនជារថយន្តបែបទេសចរណ៍ និងគ្រូសារ ខណៈរថយន្តដឹកទំនិញធុនធំហាក់មិនសូវប្រើប្រាស់ផ្លូវល្បឿនលឿននេះនោះទេ បើទោះបីមានការបញ្ចុះតម្លៃក៏ដោយ។
ផ្លូវល្បឿនលឿន
ដោយ

បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ​ នឹងចាប់ផ្តើមយកតម្លៃសេវាពេញ១០០% ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ តទៅហើយ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចុះតម្លៃ២០% លើការប្រើប្រាស់នៅមួយឆ្នាំដំបូង។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាកត់សម្គាល់ឃើញថា បើទោះបីមានការបញ្ចុះតម្លៃ២០% នៅមួយឆ្នាំដំបូង ប៉ុន្តែចំនួនរថយន្តដឹកទំនិញធុនធំប្រើប្រាស់ផ្លូវល្បឿនលឿននេះនៅតែមានកម្រិតតិចតួចនៅឡើយ។

ការខ្សត់ចំនួនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារតម្លៃសេវាប្រើប្រាស់ និងសេវាសណ្ដោងរថយន្តពេលខូចនៅមានកម្រិតខ្ពស់ គួបផ្សំក្រុមហ៊ុនដឹកជញ្ជូនបារម្ភពីសភាពរថយន្ត ដែលភាគច្រើនជារថយន្តមួយទឹក និងមានសភាពចាស់ជាដើម។

លោកឧកញ៉ា ស៊ិន ចន្ធី ជឿជាក់ថា ចំនួនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននឹងមានការថយចុះបន្ថែមទៀត ប្រសិនបើក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវាពេញសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

មិនខុសគ្នាពីលោកឧកញ៉ា ស៊ិន ចន្ធី នោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា កត់សម្គាល់ឃើញថា ចំនួនរថយន្តដឹកទំនិញធុនធំបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅមានកម្រិតតិចតួច បើទោះបីមានការបញ្ចុះតម្លៃ២០%ក្តី។

ចំនួនរថយន្តដឹកទំនិញធុនធំប្រើប្រាស់ផ្លូវល្បឿនលឿននៅមានកម្រិតនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារថ្លៃសេវាមានតម្លៃខ្ពស់ ស្របពេលការដឹកជញ្ជូនតាមផ្លូវជាតិលេខ៤ បានក្លាយជាទម្លាប់របស់ម្ចាស់អាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូន។

ដើម្បីជំរុញកំណើនរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវល្បឿនលឿននេះឱ្យកាន់តែច្រើន លោក ជា ចាន់ដារ៉ា យល់ឃើញថា ក្រុមហ៊ុនផ្លូវល្បឿនលឿនគួរមានការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជាងនេះ ក៏ដូចជាមានការជួបពិភាក្សាគ្នាជាមួយម្ចាស់អាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូន ដើម្បីស្វែងរកដំណោះស្រាយ ឬការបញ្ចុះតម្លៃឱ្យសមស្របណាមួយ ព្រោះការប្រើប្រាស់ផ្លូវល្បឿនលឿនមានភាពរហ័ស និងចំណេញពេលវេលាច្រើន។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមានចម្ងាយជាង១៨០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានការបញ្ចុះតម្លៃ២០%នៅមួយឆ្នាំដំបូង។ ក្នុងនោះសម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធំ ត្រូវបង់តម្លៃសេវាជាង១០០ដុល្លារ ក្រោយការបញ្ចុះតម្លៃរួច សម្រាប់ការធ្វើដំណើរលើផ្លូវនេះទៅ-មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាងសាឡនលំដាប់អន្តរជាតិ មកពីអង់គ្លេស ត្រៀមបើកនៅកម្ពុជាឆាប់ៗ និងជ្រើសរើសអ្នកហាត់ការជាច្រើននាក់

ព័ត៌មាន
នៅដើមឆ្នាំ២០២៤ ខាងមុខនេះ សាឡនកម្រិតថ្នាក់អន្តរជាតិដែលមានឈ្មោះដ៏ល្បីរន្ទឺពេញទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស C. Michael London នឹងត្រៀមបង្ហា…

មេផ្សារហ៊ុនរំពឹងគណនីជួញដូរកើនដល់៥ម៉ឺនគណនីត្រឹមឆ្នាំ២០២៣ ខណៈបច្ចុប្បន្នកម្ពុជាកំពុងសិក្សាបង្កើតទីផ្សារបណ្ណឥណទាន

ព័ត៌មាន
បើទោះបីស្ថានភាពជួញដូរភាគហ៊ុនកម្ពុជា នៅក្នុងឆ្នាំ២០២៣ ហាក់បង្ហាញទំនោរធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២២ ក៏ពិតមែន តែថ្នាក់ដឹកនាំផ្សារមូលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ