បើតាមថ្នាក់ដឹកនាំរូបនេះ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនេះ នឹងបញ្ចប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទៅតាមការគ្រោងទុកនៅចុងឆ្នាំ២០២៣ ខាងមុខ ខណៈបច្ចុប្បន្នការអភិវឌ្ឍនេះសម្រេចបានប្រមាណ៤០% ហើយ។ ក្រៅពីទីក្រុងរណបកោះនរា ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ក៏កំពុងមមាញឹកជាមួយការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារផងដែរ។
លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន OCIC បានអះអាងប្រាប់ខេមបូណូមីសថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងក្នុងសហគមន៍មិនបានបង្កការរំខានធ្ងន់ធ្ងរដល់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរានោះឡើយ។
ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរានឹងបញ្ចប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដូចជាធ្វើច្រាំង ចាក់បំពេញដី ស្ថាបនាស្ពាន ផ្លូវ និងប្រព័ន្ធលូនៅចុងឆ្នាំ២០២៣ ខាងមុខ ខណៈបច្ចុប្បន្នការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះសម្រេចបានប្រមាណ៤០% ហើយ។ក្រៅពីអភិវឌ្ឍន៍គម្រោងទីក្រុងរណបកោះនរា ក្រុមហ៊ុន OCIC របស់មហាសេដ្ឋីអាត់កឺ អ្នកឧកញ៉ា ពុង ឃាងសែ ក៏កំពុងមមាញឹកជាមួយការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារមួយទៀតផងដែរ។ លោក ទូច សំណាង បានគូសបញ្ជាក់ថា ទោះបីកន្លងមកមេរោគកូវីដ-១៩ បានអុកឡុកការដ្ឋានអភិវឌ្ឍន៍គម្រោងនេះក៏ដោយ តែវាមិនបានបន្ទច់បង្អាក់សកម្មភាពអភិវឌ្ឍន៍គម្រោងនេះនោះទេ។ លោកអះអាងថា ការស្ថាបនាអគារពាណិជ្ជកម្ម អគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារសម្រេចបានជាង៨០% ហើយ។
សូមបញ្ជាក់ថា ទីក្រុងរណបកោះនរាគ្រោងអភិវឌ្ឍន៍លើផ្ទៃដី១២៥ហិកតា ដោយគ្រោងចំណាយថវិកាសរុបប្រមាណ២ពាន់៥រយលានដុល្លារអាមេរិក។ ទីក្រុងរណបនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតនៅរាជធានីភ្នំពេញ។ ហើយវានឹងប្រមូលផ្តុំដោយអគារពាណិជ្ជកម្មធំៗខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប សណ្ឋាគារ និងអគារស្នាក់នៅជាដើម។ ទីក្រុងនេះមានទីតាំងស្ថិតនៅភាគខាងកើតនៃទីក្រុងកោះពេជ្រ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានរហូតជាង៥ម៉ឺននាក់។
ដោយឡែក គម្រោងទីក្រុងរណបជ្រោយចង្វារអភិវឌ្ឍលើផ្ទៃដីជាង២០០ហិកតា គ្របដណ្តប់សង្កាត់ចំនួនបីរួមមានសង្កាត់ឬស្សីកែវ ជ្រោយចង្វា និងសង្កាត់ព្រែកលៀប។ គម្រោងដែលបានបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០១២នេះ មានទុនវិនិយោគប្រមាណជាង២ពាន់លានដុល្លារអាមេរិក៕