ពន្ធដារ

មេពន្ធដារប្រាប់ឱ្យសារធារណជនបង្ហាញឈ្មោះមន្ត្រីពន្ធដារណាដែលដើរយកលុយខុសគោលការណ៍


ដើម្បីឱ្យការអនុវត្តការប្រមូលពន្ធដារមានប្រសិទ្ធិភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្ត្រីអនុវត្តការងារប្រមូលពន្ធ ក៏ដូចជា សាធារណៈជន ចូលរួមសហការគ្នាឱ្យបានល្អ។
ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ (រូបភាព៖ ហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ពន្ធដារ)

ជាមួយ​គ្នា​នោះ ឯកឧត្តម គង់ វិបុល ក៏​បាន​ប្រាប់​ឱ្យ​សាធារណៈជន​បង្ហាញ​ឈ្មោះ​មន្ត្រី​ពន្ធដារ​ណា​ដែល​ខិលខូច និង​តែង​ដើរ​យក​លុយ​ខុស​ទៅ​នឹង​គោលការណ៍​ច្បាប់ ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចាត់ការ​តាម​នីតិវិធី​។ ការ​ប្រកាស​ឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​យ៉ាង​ដូច្នេះ គឺ​ក្នុង​គោលបំណង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្នុង​កិច្ចការ​ប្រមូល​ពន្ធដារ និង​ការ​ផ្ដល់​សេវា​ធារ​ណៈ​នានា ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​។

ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្ដី​អំពី ពន្ធ​លើ​ប្រាក់​ចំណូល និង​ព្រឹត្តិការណ៍​ថ្មី​ៗ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​ប​ន្ទូ​ក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​គូសបញ្ជាក់​ដូច្នេះ​ថា ដើម្បី​ពង្រឹង​នូវ​អភិក្រម  ក៏​ដូច​ជា អភិបាលកិច្ច​ល្អ ការ​ចូលរួម​ពី​អ្នក​ប្រមូល​ពន្ធ​តែ​ម្យ៉ាង​មិន​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ ដូច្នេះ ចាំបាច់​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ពលរដ្ឋ​ដែល​ជា​អ្នក​ជាប់ពន្ធ និង​មន្ត្រី​ពន្ធដារ​ផង​ដែរ​។ ឯកឧត្តម គង់ វិបុល បាន​គូសបញ្ជាក់​បែប​នេះ ដោយសារ​តែ​ជា​រឿយ​ៗ ឯកឧត្តម តែងតែ​មានការ​ផ្ដល់​ដំណឹង​មក​ពី​ប្រជាពលរដ្ឋ​ថា មាន​មន្ត្រី​ពន្ធដារ​ខិលខូច​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ខុស​នឹង​គោលការណ៍​របស់​អគ្គនាយកដ្ឋាន​ព​ន្ឌ​ដារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ក្រមសីលធម៌ និង​វិជ្ជាជីវ ដូច​ជា ការ​ដើរ​ប្រមូល​លុយ​ពី​សាធារណៈជន​ខុស​គោលការណ៍​ច្បាប់​ជាដើម​។ បើ​តាម​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ​រូប​នេះ សកម្មភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កិច្ចការ​ទាំង​របស់​នាយកដ្ឋាន​ពន្ធដារ ដូច្នេះ បើសិន​សាធារណៈជន​ជួប​បញ្ហា​នេះ សូម​ប្រាប់​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្វើ​ចាត់ការ​លើ​បញ្ហា​នេះ ពិសេស​ត្រូវ​ប្រាប់​ពី​អត្តសញ្ញាណ​មន្ត្រី​ខិលខូច​នោះ​ផង​ដែរ​។

បើ​តាម​ឯកឧត្តម គង់ វិបុល ការ​រឹត​បន្តឹង​លើ​មន្ត្រី​ពន្ធដារ បែប​នេះ គឺ​ដើម្បី​ពង្រឹង​លើ​កិច្ចការ​ប្រមូល​ចំណូល​ពន្ធ​ជា​ចម្បង​។ អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធដារ មាន​ក្ដី​រំពឹង​ថា ក្រោយ​មានការ​រឹត​បន្តឹង​វិធានការ​មួយ​ចំនួន និង​មានការ​កែទម្រង់​លើ​កិច្ចការ​ប្រមូល​ចំណូល​ពន្ធ ពិសេស​ការ​អនុវត្ត​វិធានការ​កិច្ចការ​ពន្ធ អំឡុង​វិបត្តិ​កូ​វី​ដ​១៩ នឹង​ធ្វើ​ឱ្យ​ការ​ប្រមូល​ចំណូល​ពន្ធដារ បន្ត​មាន​កំណើន ដោយ​ឯកឧត្តម បាន​សង្កត់ធ្ងន់​ថា នៅ​ឆ្នាំ​២០២១ កិច្ចការ​ប្រមូល​ពន្ធ និង​ការ​ផ្ដល់​សេវា​ពិគ្រោះ​យោបល់​នានា ពាក់ព័ន្ធ​នឹង​ពន្ធដារ សុទ្ធតែ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​បាន​ប្រមាណ​ជិត ២​ពាន់​៨​រយ​លាន​ដុល្លារ  បាន​កើន​លើស​ផែនការ​កំណត់​ដោយ​ច្បាប់​រហូត​ដល់​ទៅ ២៤% ឯណោះ ឬ​ស្មើនឹង​ទឹកប្រាក់​ចំនួន​ជាង ៥00​លាន​ដុល្លា​អា​មេ​រិ​ក​។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានអាស៊ានស្នើមីយ៉ាន់ម៉ាឲ្យបើកផ្លូវសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសអាស៊ាន

ព័ត៌មាន
អស់រយៈពេល ១ឆ្នាំ ហើយ នៃការធ្វើរដ្ឋប្រហារដោយក្រុមយោធាមកលើរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលបានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាសមាជិ…

ក្រសួងសាធារណការស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា ប្រើប្រាស់ម៉ូតូអគ្គិសនីជំនួសម៉ូតូប្រើសាំង

ព័ត៌មាន
ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានបំណងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារនៅកម្ពុជា ពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយ ថាមពលអគ្គិសនី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ