ការវិនិយោគ និងទេសចរពីចិន

តើនៅឆ្នាំ២០២៣ កម្ពុជាមានពន្លឺនឹងស្រូវទាញបានការវិនិយោគ និងទេសចរពីចិនបានមកវិញដែរ ឬទេ?


ប្រទេសចិន នៅតែជាឈរកំពូលតារាងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២២ បើទោះបីជាការ នាំចេញរបស់កម្ពុជាកាន់ទីផ្សារចិនមានការថយចុះក្ដី។ ក្រុមអ្នកជំនួញធំៗនៅកម្ពុជាបច្ចុប្បន្ន ក៏កំពុងដាក់ក្រសែភ្នែកយ៉ាងម៉ត់ចត់ តាមដានមើលពីការវិវត្តនៃសម្ទុះនៃសេដ្ឋកិច្ចចិននៅឆ្នាំក្រោយនេះ បន្ទាប់ពីប្រទេសសេដ្ឋកិច្ចធំបំផុតទី២ក្នុងលោកមួយនេះ បានលុបចោលនូវវិធានការកូវីដ១៩ដ៏តឹងតែងរបស់ខ្លួន ក្នុងជំហានឆ្ពោះទៅរកការបើកប្រទេសឡើងវិញ។
តើនៅឆ្នាំ២០២៣ កម្ពុជាមានពន្លឺនឹងស្រូវទាញបានការវិនិយោគ និងទេសចរពីចិនបានមកវិញដែរ ឬទេ?

សំណួរសួរថា តើនៅឆ្នាំ២០២៣ កម្ពុជានឹងអាចមានពន្លឺ ឬក្ដីសង្ឃឹមខ្ពស់ក្នុងការស្រូបទាញលំហូរវិនិយោគ និងសេដ្ឋកិច្ចពាណិជ្ជកម្ម ពិសេសទេសចរណ៍ពីប្រទេសចិនត្រឡប់មកវិញបានដែរ ឬទេ?

នៅរយៈពេល១១ខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ១០,៥ពាន់លានដុល្លារ បានកើនឡើងជាង ៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ផ្អែកតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដដែលនេះ ប្រទេសចិន នៅតែជាប់ចំណាត់ថ្នាក់លេខ១ ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយប្រទេសកម្ពុជា។ បើទោះបីជា ការនាំចេញពីកម្ពុជាទៅចិននៅ១១ខែមកនេះ មានមកនៅត្រឹមជាង១ពាន់លានដុល្លារ បានធ្លាក់ចុះជាង១៩%យ៉ាងណាក្ដី។

យ៉ាងណាក៏ដោយចុះ អ្នកជំនាញនៅតែយល់ឃើញថា ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសប្រទេសចិន និងកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាទាំងទំនាក់ទំនង ពាណិជ្ជកម្ម និងការទូត។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានគូសបញ្ជាក់ថា ការជំរុញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិន គឺជាកត្តាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់កម្ពុជា ដោយលោកបានពន្យល់ថា តម្រូវការផ្នែកផលិតផលកសិកម្មរបស់ប្រទេសចិន មានទំហំធំ ដែលសមស្របនឹងផលិតផលកសិកម្មកម្ពុជា។ លើសពីនេះ ឧកញ៉ា ចាន់ សុឃាំង ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមទៀតថា តាមរយៈទំនាក់ទំនងល្អរវាងប្រទេសចិន និងកម្ពុជា លោកជឿជាក់ថា ប្រទេសចិន នៅតែជាទីផ្សារគោលដៅសំខាន់សម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផល និងជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៣។

ជុំវិញស្ថានភាពវិស័យទេសចរណ៍វិញ ការំពឹងទទួលបានភ្ញៀវទេសចរជនជាតិចិននៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែល ដ្បិតថា ទោះបីជាមានការបើកទូលាយការធ្វើដំណើរក្នុងស្រុកនៅក្នុងប្រទេសចិនក្ដី ប៉ុន្ដែ ការរីករាលដាលកូវីដ១៩កើនឡើងជាថ្មីកាន់តែច្រើនឡើងៗនៅក្នុងប្រទេសនេះ ក៏កំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងដែរ ពិសេសការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈ។

លោក ធួន ស៊ីណាន អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានមើលឃើញថា ចាប់តាំងពីមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ សម្ទុះនៃភ្ញៀវទេសចរចិនចូលមកប្រទេសកម្ពុជា តែមានកំណើនទាប និងមិនទាន់មានសញ្ញណវិជ្ជមានអ្វីនោះទេ។ បើតាមលោក ធួន ស៊ីណាន ការអូសបន្លាយនូវវិធានការគ្មានកូវីដ១៩ របស់រាជរដ្ឋាភិបាលចិន នៅតែជិះឥទ្ធិពលដល់វិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២២ និងឆ្នាំ២០២៣។ តាមការយល់ឃើញរបស់អ្នកជំនាញរូបនេះ ការអនុវត្តគោលនយោបាយគ្មានកូវីដរបស់ចិននាពេលកន្លងមក មិនត្រឹមតែដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ប៉ុណ្ណោះទេ តែចិនមិនចង់ឲ្យប្រជាជនរបស់ខ្លួន ធ្វើដំណើរចេញក្រៅប្រទេស ដែលធ្វើឲ្យមានលំហូរមូលធនចេញទៅក្រៅប្រទេស។ ដូច្នេះ ចង់ឬមិនចង់ វិស័យទេសចរណ៍កម្ពុជា ដែលធ្លាប់តែពឹងផ្អែកលើភ្ញៀវទេសចរចិននោះ អាចនឹងបន្តរងផលប៉ះពាល់រហូតដល់ឆ្នាំ២០២៣។

របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅ១១ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១លាន៩សែននាក់ កើនឡើងយ៉ាងគំហុកដល់ទៅជាង ១ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ ភ្ញៀវទេសចរថៃមានចំនួនច្រើនជាងគេដល់ទៅជាង ៧២ម៉ឺននាក់ បន្ទាប់មកទេសចរវៀតណាមមានជាង៤០ម៉ឺននាក់ និងភ្ញៀវចិនមានជាង៩ម៉ឺននាក់៕




អត្ថបទបន្ទាប់


ធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការបង់ ឬបញ្ចូលប្រាក់ជាមុន តាម Ly Hour App

ព័ត៌មាន
ដើម្បីចូលរួមអបអរក្នុងពិធីបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឲ្យកាន់តែមានភាពងាយស្រួល…

ការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានជាង ១ពាន់លានដុល្លារនៅជិត១ឆ្នាំ២០២២ ធ្លាក់ចុះ ៣៥%

ព័ត៌មាន
របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែធ្នូ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ