ជប៉ុន បានព្រមានពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសចិន ឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាព និងចៀសវាងទៅកន្លែងដែលមានមនុស្សច្រើនកុះករ ដើម្បីឆ្លើយតបនឹងមហាយក្សចិន ដែលហាមពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលធ្វើឱ្យជម្លោះការទូតរវាងទីក្រុងប៉េកាំង និងតូក្យូ ដែលបង្កឡើងដោយជំហរនយោបាយពីជោគវាសនារបស់កោះតៃវ៉ាន់ ឡើងកម្តៅកាន់តែខ្លាំង។
លោក មីណូរូ គីហារ៉ា (Minoru Kihara) ប្រធានខុទ្ធការល័យគណៈរដ្ឋមន្ត្រីជប៉ុន បានចាត់ទុកការណែនាំចុងក្រោយនេះ គឺជាវិធានការសុវត្ថិភាពសម្រាប់ពលរដ្ឋជប៉ុន នៅក្នុងប្រទេសចិន ក្រោយជម្លោះការទូតថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ស្ថានទូតជប៉ុន ប្រចាំប្រទេសចិន ក៏បានរំលឹកដល់ប្រជាពលរដ្ឋជប៉ុន ឱ្យគោរពទំនៀមទម្លាប់ក្នុងស្រុក និងប្រុងប្រយ័ត្នក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជនចិន។ បន្ថែមលើនេះស្ថានទូតជប៉ុន ស្នើឱ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរចេញក្រៅ និងបានណែនាំឱ្យពួកគេកុំឱ្យធ្វើដំណើរតែម្នាក់ឯង និងជំរុញឱ្យមានការប្រុងប្រយ័ត្នបន្ថែមនៅពេលធ្វើដំណើរជាមួយកុមារ។
កម្តៅជម្លោះការទូតរវាងមហាអំណាចទាំងពីរនៅអាស៊ី បានកើនឡើងជាថ្មី ក្រោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានប្រាប់អ្នកតាក់តែងច្បាប់របស់ជប៉ុន កាលពីពេលថ្មីៗថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ អាចជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន ហើយអាចបង្កឱ្យមានការឆ្លើយតបខាងយោធា។
ភ្លាមៗនោះ ចិន បានចេញមកប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងនេះ ហើយបានដាក់បម្រាមផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុន នៅក្នុងប្រទេសចិន និងហាមពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ ទីក្រុងប៉េកាំង អះអាងថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជារបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងកោះនេះនោះទេ ទោះបីរដ្ឋាភិបាលតៃវ៉ាន់ បានបដិសេធការទាមទាររបស់ទីក្រុងប៉េកាំង ម្តងហើយម្តងទៀតក៏ដោយ។
ជាមួយគ្នានេះ ទីក្រុងប៉េកាំង បានអះអាងថា នាយករដ្ឋមន្ត្រីចិន គ្មានគម្រោងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅសប្តាហ៍នេះ នៅអាហ្វ្រិកខាងត្បូងនោះទេ ខណៈទីក្រុងតូក្យូ អះអាងថា ខ្លួននៅតែបើកចំហសម្រាប់កិច្ចសន្ទនាជាមួយចិន។
ជម្លោះការទូតនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសមហាអំណាចនៅអាស៊ីទាំងពីរនោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសទាំងពីរទៀតផង។ បើតាមការចុះផ្សាយរបស់សារ Nikkei Asia ទីភ្នាក់ងារទេសចរណ៍នានារបស់ចិន បានដាក់គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរបស់ជប៉ុន ចេញពីកញ្ចប់សេវាកម្មរបស់ខ្លួន៕
ដោយៈ សរ សុជាតិ