
លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា យន្តការដោះស្រាយវិវាទរវាងអ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់រាជរដ្ឋាភិបាល វានឹងរួមចំណែកជួយជំរុញការអភិវឌ្ឍន៍អចលនទ្រព្យ និងស្តារភាពជឿទុកចិត្តរបស់អតិថិជនមកលើវិស័យនេះឱ្យកាន់តែមានល្អប្រសើរឡើងវិញ។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ រដ្ឋាភិបាល មានយន្តការគ្រប់ជ្រុងជ្រោយក្នុងការទប់ស្កាត់វិវាទនានា ដោយសារមានប្រព័ន្ធច្បាប់ក្នុងការចុះបញ្ជីគម្រោង និងមានការតាមដានពីភាគីពាក់ព័ន្ធផងដែរ។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការជាច្រើន ដើម្បីដោះស្រាយបញ្ហាវិវាទនានា ខណៈបញ្ហាវិវាទមួយចំនួនត្រូវបានដោះស្រាយបញ្ចប់រួចរាល់។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ជឿជាក់ថា ប្រសិនបើការដោះស្រាយវិវាទនានាអនុលោមតាមគោលការណ៍ច្បាប់នោះវាជារឿងមួយដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធ។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាល គួរបង្កើតយន្តការងាយស្រួលលើការកំណត់កិច្ចព្រមព្រៀងរវាងភាគីអ្នកទិញ និងអ្នកលក់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសបញ្ហាវិវាទផ្សេងៗ ដែលអាចកើតឡើងនាពេលអនាគត។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកទល់ពេលនេះ ក្រសួងរៀបចំដែនដីបានដោះស្រាយបញ្ហាវិវាទរវាងអ្នកទិញ និងម្ចាស់បុរីនានា បានប្រមាណ១០០គម្រោង និងនៅសល់ប្រមាណ៣០ទៅ៤០គម្រោងទៀតកំពុងដោះស្រាយបន្ត។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការដោះស្រាយវិវាទមួយចំនួនដែលនៅសេសសល់ស្ថិតក្នុងភាពស្មុគស្មាញ តែយ៉ាងណាក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធកំពុងរកវិធីដើម្បីដោះស្រាយបញ្ចប់វិវាទដែលនៅសេសសល់ឱ្យចប់ទាំងស្រុងនាពេលខាងមុខ៕
អត្ថបទ៖ បូ ដូឡា