លោកស្រី អូរ៉ាម៉ុន ស៊ុបថាវីធុម (Auramon Supthaweethum) អគ្គនាយិកានៃនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ការធ្វើអាជីវកម្មអាជ្ញាបណ្ណ គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់បុគ្គល ដែលគ្មានបទពិសោធន៍ក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន ខណៈដែលជារៀងរាល់ឆ្នាំ សហគ្រិនជាង២ម៉ឺននាក់ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយអាជីវកម្មអាជ្ញាបណ្ណដែលមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមចន្លោះពី១៥ទៅ២០%។
លោកស្រីបានបន្ថែមថា ដូច្នេះហើយ វិស័យនេះត្រូវបានគេចាត់ទុកថា មានសារសំខាន់ណាស់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ហើយការអភិវឌ្ឍន៍អាជីវកម្មអាជ្ញាបណ្ណឱ្យស្របតាមស្តង់ដារអន្តរជាតិ គឺជារឿងចាំបាច់បំផុត។
លោកស្រី អូរ៉ាម៉ុន បានបន្ថែមទៀតថា នាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចបានផ្តួចផ្តើមកម្មវិធី«ស្តង់ដារអាជ្ញាបណ្ណ» ដើម្បីពង្រឹងអាជីវកម្មអាជ្ញាបណ្ណរបស់ប្រទេសថៃ ដោយការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងជាប្រព័ន្ធ លើកកម្ពស់ស្ដង់ដារគុណភាពជាសកល ជំរុញការជឿទុកចិត្តរបស់អតិថិជន និងអ្នកទទួលសិទ្ធិផ្តាច់មុខ និងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសឆ្ពោះទៅមុខប្រកបដោយស្ថិរភាព និងនិរន្តរភាព។
លោកស្រី អូរ៉ាម៉ុន បាននិយាយថា នាយកដ្ឋាននេះកំពុងអភិវឌ្ឍសមត្ថភាពនៃការគ្រប់គ្រងអាជីវកម្មអាជ្ញាបណ្ណក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកហើយ ហើយបច្ចុប្បន្នមានអាជីវកម្មអាជ្ញាបណ្ណចំនួន៥២៥ ដែលបានបំពេញតាមស្តង់ដារគ្រប់គ្រងគុណភាព ហើយនាយកដ្ឋាននេះក៏នឹងត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្តង់ដារទាំងនេះរៀងរាល់ពីរឆ្នាំម្តង ដើម្បីកំណត់អាជីវកម្មមួយនេះឱ្យស្របតាមស្តង់ដារសកល។
ទីផ្សារអាជីវកម្មអាជ្ញាបណ្ណរបស់ប្រទេសថៃ បច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល៣០០ពាន់លានបាត ប្រហែលជាង៨លានដុល្លារអាម៉េរិក ជាមួយនឹងកំណើននៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងឈានដល់១៥-២០% បើធៀបនឹងឆ្នាំមុន៕
អត្ថបទ៖ សុខ ជា