នាខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះស្តីពី«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ»នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម បានចាត់ទុកកម្មករការងារតាមផ្ទះជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ច និងបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនសុខមាលភាពសង្គម ធ្វើឱ្យមានចរន្តការងារគ្រប់វិស័យ និងរួមចំណែកទៅក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកស្រី បានបន្តទៀតថា ប្រាក់ចំណូលរបស់កម្មករការងារផ្ទះ អាចជួយទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង និងត្រៀមបម្រុងសម្រាប់សមាជិកគ្រួសារក្នុងការប្រឈមនឹងហានិភ័យ ឬវិបត្តិសេដ្ឋកិច្ចជាយថាហេតុ និងជួយពួកគេឱ្យចាកចេញពីភាពក្រីក្រ ហើយពួកគេក៏ត្រូវទទួលបានលក្ខខណ្ឌការងារសមស្រប និងការគាំពារពេញលេញផងដែរ។
ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥មក សមាគមបានធ្វើសកម្មភាពជាច្រើន ដើម្បីលើកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងលក្ខខណ្ឌការងាររបស់កម្មករការងារតាមផ្ទះ ក៏ដូចជាបានជំរុញការដាក់បញ្ចូលពួកគេនៅក្រោមច្បាប់សហជីពផងដែរ។
តួយ៉ាងបច្ចុប្បន្ន IDEA កំពុងសម្របសម្រួលបណ្តាញកម្មករការងារតាមផ្ទះ ដែលមានក្រុមកម្មករការងារតាមផ្ទះចំនួន២០ក្រុម និងផ្តួចផ្តើមឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងនិយោជក ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចទទួលបាននូវកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ។
គួរជម្រាបដែរថា អង្គការអុកស្វាម និងដៃគូបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យលទ្ធភាព និងផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ស្តីពី សិទ្ធិកម្មករការងារតាមផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានា ដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីឈានទៅដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
យោងតាមការស្រាវជ្រាវនៅឆ្នាំ២០១៨ របស់អង្គការពលកម្មអន្តរជាតិ កម្ពុជាមានកម្មករការងារតាមផ្ទះចំនួនប្រមាណ២៤ម៉ឺននាក់ ដោយប្រាក់ចំណូលរបស់ពួកគេបានរួមចំណែកផ្នែកសេដ្ឋកិច្ចមួយភាគយ៉ាងសំខាន់ដល់ប្រាក់ចំណូលរបស់សមាជិកគ្រួសារ និងជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រផងដែរ៕