អាជីវកម្មក្រៅប្រព័ន្ធ

ហេតុអ្វីរដ្ឋាភិបាលសម្រេចផ្អាកការផ្តល់សេវាចំពោះអាជីវកម្មក្រៅប្រព័ន្ធ? តើអ្នកជំនាញមានការយល់ឃើញបែបណា?


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទសុំធ្វើអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម បន្ទាប់ពីមានការព្រួយបារម្ភជុំវិញបញ្ហានេះក្នុងចំណោមអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តែយ៉ាងណារាជរដ្ឋាភិបាលផ្តល់អាទិភាព និងយកចិត្តទុកខ្ពស់ចំពោះប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយកំពុងរៀបចំយន្តការនិងយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអាជីវកម្មរបស់អ្នកដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះពលរដ្ឋស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

យ៉ាងណាមិញអ្នកជំនាញ ដែលធ្វើការងារជាមួយអ្នករកស៊ីក្នុងសេដ្ឋកិច្ចកក្រៅប្រព័ន្ធបានជំរុញឱ្យរាជរដ្ឋាភិបាលគួររៀបចំយន្តការបណ្ដុះបណ្ដាលអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានជំនាញច្បាស់លាស់ ដើម្បីឱ្យពួកគេប្រកបរបរតាមស្តង់ដា។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯកជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចាត់ទុកការសម្រេចផ្អាកការស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មរបស់រដ្ឋាភិបាលថា ជារឿងល្អ ដ្បិតការណ៍នេះបានរួមចំណែកមួយផ្នែកក្នុងការជួយប្រជាពលរដ្ឋ ដែលរកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងជួបបញ្ហាការធ្លាក់ចុះប្រាក់ចំណូល ហើយវាក៏ជាការជួយលុបបំបាត់ក្តីបារម្ភចំពោះការបង់ពន្ធសម្រាប់ពួកគេផងដែរ។

យ៉ាងណាក៏ដោយ អ្នកដែលធ្វើការជាមួយអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានជំរុញឲ្យរដ្ឋាភិបាលគួររៀបចំឲ្យមានយន្តការបណ្ដុះបណ្ដាលអ្នកប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានជំនាញច្បាស់លាស់ ដើម្បីអាចឱ្យពួកគេឈានទៅប្រកបរបរតាមស្តង់ដា ជាពិសេសគួរមានយន្តការផ្ដល់ឥណទានជាអត្រាការប្រាក់ទាប ឬគ្មានការប្រាក់ ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម។ បន្ថែមលើរាជរដ្ឋាភិបាលក៏គួរគិតគូលើការពន្យាពេលសងបំណុលធនាគារ ដែលអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជំពាក់ ក៏ដូចជាការទប់ស្កាត់ជនបរទេស ដែលដណ្ដើមការងាររបស់ពលរដ្ឋផងដែរ។

ស្រដៀងគ្នានេះដែរលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាយល់ឃើញថា ដើម្បីឱ្យអ្នករកស៊ីក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ គឺត្រូវតែមានផែនការយុទ្ធសាស្ត្រជួយដល់ពួកគេ ដូចជា បង្កើតឲ្យមានច្រកចេញចូលតែមួយនៅកន្លែងណាមួយ ដែលងាយស្រួលសម្រាប់ពួកគេអាចទទួលបានព័ត៌មានលឿន, មានយុទ្ធសាស្ត្រក្នុងការជួយពង្រឹងសមត្ថភាពរបស់ពួកគេ, ជួយដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ, តម្លៃចុះបញ្ជីឱ្យសមស្រប ដែលអាចទទួលយកបាន និងពេលវេលានៃការចុះបញ្ជីឱ្យបានតាមកាលកំណត់ជាដើម។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែមានគោលនយោបាយ សម្រាប់ជួយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយគោលនយោបាយដែលបានដាក់ចេញ ក៏មិនមែនជាការដាក់បន្ទុកដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះដែរ តែជាការជួយបណ្ដុះបណ្ដាល និងជួយពង្រឹងមុខរបរ និងអាជីវកម្មរបស់ពួកគេទៅវិញទេ។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម បន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា ការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋ ដែលកំពុងប្រកបអាជីវកម្ម, ការងារ និងមុខរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលមានការចិត្តទុក និងផ្តល់អាទិភាពខ្ពស់ចំពោះពលរដ្ឋ ដែលប្រកបអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាយរយៈការ កំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបអាជីវកម្ម មុខរបរ និងការងារដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

អត្ថបទ ៖ បូ ដូឡា
អត្ថបទបន្ទាប់


ចិន និងរុស្ស៊ីនឹងសងឃ្លាំងស្តុកគ្រាប់ធញ្ញជាតិរួមគ្នាតម្លៃជិត១៦០លានដុល្លារ ដើម្បីសម្រួលពាណិជ្ជកម្ម និងបង្កើនសន្តិសុខស្បៀង

ព័ត៌មាន
ជាអ្វីដែលប្រទេសចិន និងរុស្ស៊ីបាននិងកំពុងធ្វើតាំងពីឆ្នាំមុន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះប្រទេសទាំងពីរព្រមព្រៀងគ្នាវិនិយោគ និងបង្កើតមជ្ឈមណ្ឌលគ្រ…

អ្នកជំនាញ៖ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែពិបាកប្រកួតប្រជែង បើគ្មានការបន្ធូរបន្ថយទិដ្ឋការដូចប្រទេសដទៃ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍កតស់ម្គាល់ឃើញថា រហូតមកដល់ពេលនេះស្ថានភាពនៃវិស័យទេសចរណ៍នៅកម្ពុជា មិនទាន់មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ