
កូនប្រុសបង្កើតរបស់លោក ដូណាល់ ត្រាំ លោក អេរិច ត្រាំ (Eric Trump) បានចូលរួមក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Metaplanet ជាក្រុមហ៊ុន Bitcoin របស់ជប៉ុន នៅទីក្រុងតូក្យូ នៅថ្ងៃទី១ ខែកញ្ញា នេះ។ លោក អេរិច ដែលបានក្លាយជាទីប្រឹក្សារបស់ក្រុមហ៊ុន Bitcoin ជប៉ុន Metaplanet កាលពីអំឡុងខែមីនា ក៏បានបង្ហាញខ្លួននៅក្នុងសន្និសីទ Bitcoin Asia ក្នុងទីក្រុងហុងកុង កាលពីសប្តាហ៍មុនផងដែរ។
ពេលនេះ ក្រុមហ៊ុនជប៉ុន Metaplanet បានកាន់កាប់ Bitcoin រហូតដល់ទៅ២ម៉ឺនកាក់ដែលមានតម្លៃសរុបជាង២ពាន់លានដុល្លារ ដោយធ្វើឱ្យ Metaplanet ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលកាន់កាប់ Bitcoin ធំៗបំផុតរបស់ពិភពលោក។ ដំបូងឡើយ Metaplanet គ្រាន់តែជាក្រុមហ៊ុនប្រតិបត្តិករសណ្ឋាគារប៉ុណ្ណោះ ប៉ុន្តែក្រោយមកវាប្ដូរយុទ្ធសាស្ត្រក្លាយជាក្រុមហ៊ុន Bitcoin ពេញលេញ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានបញ្ចប់ដោយយកគំរូតាមយុទ្ធសាស្ត្រ MicroStrategy របស់កំពូលមហាសេដ្ឋីអាម៉េរិក Michael Saylor ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Bitcoin ជប៉ុន Metaplanet បានកើនឡើងខ្លាំងរហូតដល់ទៅ៧៦០% ក្នុងឆ្នាំ២០២៤ ទោះបីជាភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជិត៤% នៅក្នុងការជួញដូរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី១ ខែកញ្ញា យ៉ាងណាក្ដី។
លោក Eric Trump មានតួនាទីលេចធ្លោកាន់តែខ្លាំងនៅក្នុងវិស័យ Bitcoin ខណៈដែលឪពុកបង្កើតរបស់លោក គឺប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើយុទ្ធនាការផ្សព្វផ្សាយថា លោកជា ប្រធានាធិបតីគ្រីបតូ និងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក Eric Trump គឺក្រុមហ៊ុន American Bitcoin ពេលនេះកំពុងត្រៀមចុះបញ្ជីឡើងផ្សារហ៊ុន Nasdaq របស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម