រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford

រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់បើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ


រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់បានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំ RMA Cambodia រោងចក្រនេះ នឹងអាចមានសមត្ថភាពដំឡើងរថយន្តFord បានពី១ពាន់ ទៅ ១ពាន់៥រយគ្រឿងនៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការ ហើយតម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជាអាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។
រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford រូបភាព៖ HMN page

ការសម្ពោធដាក់ដំណើរការនេះ ក៏មានការចូលរួមក្រោមអធិបតីភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមេ នាំចូលរថយន្តម៉ាក Ford ផ្តាច់មុខមកកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា សម្រាប់ការដាក់ឲ្យដំណើរការនៅឆ្នាំដំបូង លោក រំពឹងថា រោងចក្រនេះនឹងអាចផលិតផ្គុំ និងដំឡើងរថយន្ត Ford បានប្រមាណពី១ពាន់ទៅ១ពាន់៥រយគ្រឿងនៅឆ្នាំនេះ។ ពាក់ព័ន្ធតម្លៃរថយន្តវិញ លោក ងន សាំង អះអាងថា តម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជាអាចនឹងលក់ចេញក្នុងតម្លៃទាបជាងរថយន្តដែលនាំចូល ក្នុងករណីមានការជួយសម្រួល និងបន្ធូរបន្ថយពន្ធនាំចូលគ្រឿងបង្គុំពីរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែរថយន្តដែលដំឡើងនៅកម្ពុជា ក៏អាចមានតម្លៃខ្ពស់ជាងរថយន្តនាំចូលដែរ ប្រសិនបើគ្មានការជួយសម្រួលពីរាជរដ្ឋាភិបាលលើបញ្ហាពន្ធ។ តម្លៃខ្ពស់ជាង ក៏ដោយសាររថយន្តដំឡើងក្នុងស្រុកត្រូវចំណាយច្រើនលើតម្លៃពលកម្មរបស់បុគ្គលិក កម្មករ និងថ្លៃភ្លើងជាដើម។

សូមជម្រាបថា ការសាងសង់រោងចក្រដំឡើងរថយន្ដ Fordនេះ ធ្វើឡើងក្រោយថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia សង្កេតឃើញពីកំណើនប្រើប្រាស់រថយន្តថ្មីៗ មានការកើនឡើងនិងទំនោរប្រើប្រាស់រថយន្តមួយទឹកនៅកម្ពុជា មានការថយចុះគួបផ្សំក្រុមហ៊ុនចង់ឲ្យទីផ្សាររថយន្តថ្មីកាន់តែល្អប្រសើរនិងទូលំទូលាយជាងមុន។ រោងចក្រដំឡើងរថយន្ត Ford នេះត្រូវបានរំពឹងថានឹងចូលរួមចំណែកជួយទាក់ទាញក្រុមហ៊ុនផ្សេងៗ ឲ្យមកវិនិយោគរោងចក្រដំឡើងរថយន្តនៅកម្ពុជាកាន់តែច្រើន និងផ្តល់បច្ចេកវិទ្យាថ្មីៗ ដល់បុគ្គលិក និងយុវជនកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត Ford នេះបានបោះទុនវិនិយោគប្រមាណ ២១លានដុល្លារអាមេរិក ដែលបានសាងសង់លើផ្ទៃដី៤ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៥០០នាក់សម្រាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម និងមានសមត្ថភាពពេញលេញអាចផលិតរថយន្តបានជិត ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧស្ម័នជាមួយអ៊ីស្រាអែលនិងអេហ្ស៊ីប ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើរុស្ស៊ី

ព័ត៌មាន
នៅទីបំផុត សហភាពអឺរ៉ុប ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនាំចេញឧស្ម័នធម្មជាតិត្រីភាគីហើយ ខណៈដែលសហភាពអឺរ៉ុ…

ឥណ្ឌាបង្ហាញគោលបំណងរឹតចំណងមិត្តភាពរវាងអាស៊ាន និងQuad ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

ព័ត៌មាន
ប្រទេសឥណ្ឌាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ