ផ្សារហ៊ុន

តើវិធានការពន្ធរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យផ្សារហ៊ុន និងគ្រីបតូរងការក្រឡាប់ចាក់យ៉ាងណាដែរ?


Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោកបានធ្លាក់ថ្លៃមកនៅក្រោម១០ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់ ហើយភាគហ៊ុននៅអាស៊ី និងអឺរ៉ុប ក៏បានដាំក្បាលចុះ រីឯប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃស្រឺតៗ ខណៈដែលការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ បានបង្កភាពជ្រួលច្របល់ពេញទីផ្សារទូទាំងពិភពលោក ដោយសារព្រួយបារម្ភខ្លាចឈានទៅដល់ការផ្ទុះសង្គ្រាមពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ផ្សារហ៊ុន
ដោយ

ផ្សារហ៊ុននៅអាស៊ី បានដាំក្បាលចុះនៅថ្ងៃទី៣ ខែកុម្ភៈ នេះ ហើយភាគហ៊ុនរបស់សហរដ្ឋអាម៉េរិក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរ បន្ទាប់ពីការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន បានបង្កការព្រួយបារម្ភខ្លាចឈានទៅរកសង្គ្រាមពាណិជ្ជកម្មពិភពលោក ដែលនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះទាប។

ទន្ទឹមនេះ រូបិយប័ណ្ណឌីជីថល ឬគ្រីបតូក៏បានធ្លាក់ថ្លៃផងដែរ ដោយក្នុងនោះ Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោកបានធ្លាក់ថ្លៃមកនៅត្រឹម៩ម៉ឺន៤ពាន់៤៨០ដុល្លារអាម៉េរិកក្នុងមួយកាក់នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ខណៈដែលគ្រីបតូ Ether បានធ្លាក់ថ្លៃ២៤%មកនៅត្រឹម២ពាន់៤៩៤ដុល្លារអាម៉េរិកក្នុងមួយកាក់។

ទោះជាយ៉ាងណា ប្រាក់ដុល្លារអាម៉េរិកបានឡើងថ្លៃឈានដល់កម្រិតកំណត់ត្រាបើធៀបនឹងប្រាក់យន់របស់ចិននៅក្នុងការជួញដូរនៅបរទេស ហើយបានហក់ឡើងថ្លៃខ្ពស់បំផុតធៀបនឹងរូបិយប័ណ្ណដុល្លាររបស់ប្រទេសកាណាដា ចាប់តាំងពីឆ្នាំ២០០៣ មក និងហក់ឡើងថ្លៃខ្ពស់បំផុតធៀបនឹងរូបិយប័ណ្ណប៉េសូ របស់ប្រទេសម៉ិកស៊ិក ចាប់តាំងពីឆ្នាំ២០២២ មក។

ក្រឡេកទៅមើលទីផ្សារភាគហ៊ុនឯណោះវិញឃើញថា ផ្សារហ៊ុន Nikkei របស់ជប៉ុន បានធ្លាក់ថ្លៃរហូតដល់ទៅ២,៣% ហើយផ្សារហ៊ុនអូស្ត្រាលី ដែលជាញឹកញាប់ដើរតួនាទីជាសន្ទស្សន៍ឆ្លុះបញ្ចាំងសម្រាប់ទីផ្សារប្រទេសចិនបានធ្លាក់ថ្លៃជាង២%។

ទន្ទឹមនេះ ទីផ្សារភាគហ៊ុននៅក្រុងហុងកុង ដែលរាប់បញ្ចូលទាំងបណ្ដាក្រុមហ៊ុនចិន ដែលចុះបញ្ជីនៅផ្សារហ៊ុននេះដែរនោះ បានធ្លាក់ថ្លៃ១,៩% បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទើបបញ្ចប់ទៅថ្មីៗនេះ ខណៈដែលផ្សារហ៊ុននៅអឺរ៉ុប STOXX 50 បានធ្លាក់ចុះ២,៧%។

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធ២៥%ដូចគ្នាលើទំនិញនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក និងដំឡើងពន្ធ១០%លើទំនិញនាំចូលពីប្រទេសចិន ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៤ ខែកុម្ភៈ តទៅ បណ្ដាលឱ្យផ្ទុះប្រតិកម្មខ្លាំងៗភ្លាមៗពីប្រទេសទាំង៣៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត នឹងពិភាក្សាជាមួយភាគីជប៉ុន ដើម្បីស្វែងយល់ពីកង្វល់ និងបញ្ហាប្រឈមរបស់វិនិយោគិនជប៉ុន ដែលកំពុងវិនិយោគនៅកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនឹងជួបពិភាក្សាជាមួយប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ