
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមដោយបានបង្កើនពីអត្រា២៥%ឡើងដល់៥០% ហើយវានឹងចូលជាធរមានពីថ្ងៃទី៤ ខែមិថុនា តទៅ ហើយចក្រភពអង់គ្លេសត្រូវបានលើកលែងពីការដំឡើងពន្ធថ្មីនេះ ដោយយកត្រឹម២៥%ប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបាននិយាយថា អង់គ្លេសគឺជាប្រទេសដំបូងគេដែលទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក ហើយពួកគេនៅតែប្តេជ្ញាការពារអាជីវកម្ម និងការងាររបស់ចក្រភពអង់គ្លេសនៅទូទាំងវិស័យសំខាន់ៗ ហើយអង់គ្លេស ក៏រីករាយចំពោះលើកលែងពន្ធថ្មីរបស់សហរដ្ឋអាម៉េរិកនេះផងដែរ។
លោក ត្រាំ បាននិយាយនៅក្នុងជំនួបជាមួយអ្នកគាំទ្រមួយនៅរដ្ឋផេស៊ីលវ៉ានៀកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការយកពន្ធរបស់លោកនឹងកាន់តែជួយធានាដល់ឧស្សាហកម្មដែកនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ហើយគ្មាននរណាមួយអាចគេចផុតពីការយកពន្ធនេះឡើយ។
លោក ឡូរ៉េនខូ ហ្គុនខាហ្វ (Lourenco Goncalves) ប្រធានវិទ្យាស្ថានជាតិដែក និងដែកថែបនៅអាម៉េរិកបាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេថា ឧស្សាហកម្មដែកថែបរបស់អាម៉េរិកបានរងការគំរាមកំហែងជាយូរមកហើយដោយសារការនាំចូលដែកថែបដែលមានតម្លៃថោក។
គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកជាអ្នកនាំចូលដែកថែបច្រើនជាងគេលើពិភពលោក ដែលមានរហូតដល់៣០%នៃការប្រើប្រាស់ដែកក្នុងឆ្នាំ២០២៣។ តម្លៃដែកនៅអាម៉េរិកបានកើនឡើងទ្វេដងនៃតម្លៃមធ្យមភាគនៅលើពិភពលោកដោយកាលពីថ្ងៃទី២៦ ខែឧសភា តម្លៃដែកក្នុងមួយតោនមានតម្លៃ៩០១ដុល្លារ ហើយគេរំពឹងនឹងកើនឡើងថែមទៀតក្រោមការដំឡើងពន្ធថ្មីនេះ៕
ដោយ៖ សុខ មង្គល