វិនិយោគិន

តើការធ្វើពហិការមិនប្រើផលិតផលថៃ អាចជាចលកររុញច្រានក្រុមហ៊ុនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ឬយ៉ាងណា?


ក្រោយពីប្រជាជនកម្ពុជា បាននាំគ្នាធ្វើពហិការមិនប្រើប្រាស់រាល់ផលិតផល ដែលមានប្រភពមកពីប្រទេសថៃ ថ្មីៗនេះឃើញមានផលិតផលថៃ មួយចំនួន ដូចជាទឹកដោះគោ និងចំណីអាហារជាដើម បានដាក់លក់បញ្ចុះតម្លៃយ៉ាងច្រើននៅតាមទីផ្សារនានា។ បញ្ហានេះកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិត និងនាំចេញផលិតផលថៃ មកកាន់ទីផ្សារកម្ពុជា។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកតាមដានស្ថានការណ៍សង្គមបានចាត់ទុកការធ្វើពហិការផលិតផលថៃនេះ អាចនឹងក្លាយជាចលកររុញច្រានអ្នកវិនិយោគបរទេសនៅក្នុងប្រទេសថៃ ឱ្យបោះទុនវិនិយោគនៅកម្ពុជា។
វិនិយោគិន
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរនៅមួយរយៈកន្លងមកនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតផលថៃ ដែលកំពុងចរាចរណ៍ដាក់លក់នៅលើទីផ្សារកម្ពុជា ដែលជំរុញក្រុមហ៊ុននាំចូលបង្ខំចិត្តលក់បញ្ចុះតម្លៃយ៉ាងសម្បើម។ លទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរចំពោះការឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងទ័ពថៃ និងការធ្វើសកម្មភាពស្មោកគ្រោកពីក្រុមជ្រុលនិយមថៃមួយចំនួន ដែលគំរាមបាញ់ទឹកលូមកលើពលរដ្ឋកម្ពុជា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការធ្វើពហិការរបស់ពលរដ្ឋខ្មែរហាក់មិនទាន់ស្មើនឹងទិដ្ឋភាព ដែលថៃ បានប្រមាថលើកម្ពុជា នោះទេ ដែលកត្តានេះ អ្នកជំនាញរូបនេះអំពាវនាវដល់ពលរដ្ឋខ្មែរគួរសិក្សាររៀនសូត្រពីទង្វើ និងចេតនារបស់ថៃ ដោយត្រូវយកការឈឺចាប់បំលែងទៅជាចលនាខ្មែរនិយម គាំទ្រផលិតផលក្នុងស្រុក និងគាំទ្រដល់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។

​ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សង្កេតឃើញថា ឥទ្ធិពលនៃការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ បានធ្វើឱ្យអ្នកលក់ផលិតផលថៃ មួយចំនួនបង្ខំចិត្តដាក់លក់បញ្ចុះតម្លៃយ៉ាងសម្បើម តែក្រោមស្មារតីជាតិនិយម ពលរដ្ឋខ្មែរនៅតែមិនគាំទ្រផលិតផលទាំងនោះ។ អ្នកជំនាញរូបនេះបានចាត់ទុកការធ្វើពហិការនេះ វាជាឱកាសដ៏ល្អមួយក្នុងការស្រូបទាញអ្នកវិនិយោគបរទេសក្នុងប្រទេសថៃ ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា តាមរយៈការពង្រីកសាខានៅក្នុងប្រទេសកម្ពុជា។ តែយ៉ាងណាដើម្បីអាចបើកឱកាសដល់អ្នកវិនិយោគបរទេសទាំងនោះ ទាមទារឱ្យរដ្ឋាភិបាលគួរតែសម្រួលបរិយាកាសបង្កភាពងាយស្រួលដល់អ្នកទាំងនោះ តាមរយៈការលុបបំបាត់ការការកិបកេងប្រាក់ក្រៅប្រព័ន្ធ និងលុបបំបាត់នីតិវិធីស្មុគស្មាញក្នុងការដំណើរការផលិតកម្ម ដើម្បីជំរុញដល់បរិយាកាសវិនិយោគកាន់តែមានភាពអំណោយផល។

​មិនខុសគ្នានោះទេ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ភាពឈឺចាប់នៃជម្លោះព្រំដែនកម្ពុជា ជាមួយថៃ ហាក់នៅដិតដាមក្នុងចិត្តពលរដ្ឋខ្មែរ ដែលបញ្ហានេះអាចនឹងធ្វើឱ្យពលរដ្ឋបន្តធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ យូរបន្ថែមទៀត​។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ចាប់តាំងពីការពលរដ្ឋខ្មែរធ្វើពហិការបានធ្វើឱ្យការលក់ និងនាំចូលទំនិញជាច្រើនពីថៃ ត្រូវបានជាប់គាំង ដែលកត្តានេះវាអាចនឹងជួយស្រូបទាញវិនិយោគិនបរទេសនៅក្នុងប្រទេសថៃ ឱ្យងាកមកបង្កើតខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ដែលអាចជួយអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតឱកាសការងារ បង្កើនផលិតកម្ម ក៏ដូចជាបង្កើនការនាំចេញផលិតផលពីកម្ពុជា ទៅទីផ្សារអន្តរជាតិ។

​ដោយឡែក លោកបណ្ឌិត ឌុច ដារិន្ទ សាស្រ្តាចារ្យសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការធ្លាក់ចុះបរិមាណលក់ និងតម្លៃផលិតផលពីប្រទេសថៃនេះ បានបង្ហាញឱ្យឃើញពីការកែលម្អការជ្រើសរើសរបស់អ្នកប្រើប្រាស់កម្ពុជា។ អ្នកជំនាញរូបនេះ សង្កេតឃើញថា ការថយចុះតម្រូវការផលិតផលបរទេស វាជាឱកាសដ៏សំខាន់សម្រាប់កសិករ និងរោងចក្រកែច្នៃក្នុងស្រុក ពិសេសវិស័យអាហារ និងភេសជ្ជៈ។ ជាក់ស្ដែង ករណីទឹកដោះគោស្រស់របស់ថៃ អាចបើកផ្លូវឲ្យកសិករខ្មែរ និងរោងចក្រកែច្នៃបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅតាមតម្រូវការក្នុងស្រុកបន្ថែមទៀត។

បើតាមលោកបណ្ឌិត ឌុច ដារិន្ទ ការបាត់បង់ចំណែកទីផ្សាររបស់ផលិតផលថៃនេះ ក៏អាចទាក់ទាញវិនិយោគិនអន្តរជាតិ ឲ្យចាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់នៅកម្ពុជា ផងដែរ។ បន្ថែមលើនេះ កម្ពុជា ក៏មានស្ថិរភាពនយោបាយ កម្លាំងពលករវ័យក្មេង និងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគ ដែលជាចំណុចទាក់ទាញសម្រាប់ពង្រឹងឧស្សាហកម្មក្នុងស្រុក និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីស្តីទីថៃ អះអាងពីការមិនរំលាយសភា ខណៈមេភូមិភាគ២ អះអាងពីការមិនធ្វើរដ្ឋប្រហារ

នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក ភុមថាម វីឆាយ៉ាឆៃ បានបញ្ជាក់នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ថា លោកនឹងមិនរំលាយសភានោះឡើយ ព្រោះការរំលាយសភានឹងម…

តើរដ្ឋាភិបាល គួរមានយន្តការបែបណា ដើម្បីកុំឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅថៃ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ?

ក្រោយប្រទេសកម្ពុជា និងថៃ មានបញ្ហាជម្លោះព្រំដែនជាមួយគ្នា និងបានឈានដល់ការផ្ទុះអាវុធដាក់គ្នាកាលពីចុងខែកក្កដា កន្លងទៅនេះ បានជំរុញឱ្យប្រជាពលរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ