មហាយក្សឥណ្ឌា និង សហរដ្ឋអាមេរិក

តើមហាយក្សឥណ្ឌា និង សហរដ្ឋអាមេរិកពង្រីកផែនការយុទ្ធសាស្ត្រអ្វីខ្លះ ទៅលើសេដ្ឋកិច្ចពាណិជ្ជកម្ម ការទូត និង យោធានោះ?


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និង នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ត្រូវបានគេរំពឹងថានឹងធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងបច្ចេកវិទ្យា រវាងប្រទេសប្រជាធិបតេយ្យធំទាំងពីរលើលោក ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ូឌី។ លោក បៃឌិន រងសម្ពាធពីសហការីរបស់លោក ដែលជំរុញឱ្យលោកលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌាជាមួយលោក ម៉ូឌី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
តើគេអាចរំពឹងអ្វីបានខ្លះក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅសហរដ្ឋអាមេរិក?

កាលពីថ្ងៃពុធ ទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ត្រូវបានទទួលស្វាគមន៍នៅសេតវិមាន ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន។ នេះជាលើកទីប្រាំហើយដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ូឌី បានមកដល់សហរដ្ឋអាមេរិក ចាប់តាំងពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ២០១៤ ប៉ុន្តែទស្សនកិច្ចលើកនេះរបស់លោក ម៉ូឌី មានលក្ខណៈពិសេសផ្នែកការទូតរវាងរដ្ឋនិងរដ្ឋជាងលើកមុនៗ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់អ្នកយកព័ត៌មានថា លោក បៃដិន ប្រហែលនឹងលើកឡើងអំពីការព្រួយបារម្ភរបស់អាមេរិកចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតីនៅក្នុងប្រទេសឥណ្ឌា និងអំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសឥណ្ឌាទៅកាន់លោក ម៉ូឌី ផងដែរ។

អំឡុងទស្សនកិច្ចរបស់លោក ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នាពេលនេះ, ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយចំនួនក៏ត្រូវបានគេរំពឹងថានឹងទទួលស្វាគមន៍លោក ម៉ូឌី យ៉ាងកក់ក្តៅផងដែរ ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត ក្នុងនោះមានក្រុមហ៊ុនផលិតបន្ទះគ្រឿងអេឡិចត្រូនិក Micron និងក្រុមហ៊ុនផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីឥណ្ឌាបានជួបប្រធានក្រុមហ៊ុន Tesla គឺលោក អេឡុន ម៉ាស នៅទីក្រុងញ៊ូយ៉ក។ អំឡុងជំនួបនោះ លោក អេឡុន ម៉ាស បានបង្ហាញក្ដីរំពឹងថា ក្រុមហ៊ុន ថេស្លា របស់លោក នឹងទៅវិនិយោគទុនធ្វើរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា។

នៅថ្ងៃសុក្រក្នុងសប្តាហ៍នះ លោក ម៉ូឌី ក៏នឹងថ្លែងសុន្ទរកថានៅក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយម្ចាស់ក្រុមហ៊ុនឧស្សាកម្មនិងអាជីវកម្មធំៗរបស់អាមេរិក ដែលត្រៀមនឹងបោះទុនវិនិយោគក្នុងប្រទេសឥណ្ឌា។

ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យឥណ្ឌាមានទម្ងន់ផ្នែកយុទ្ធសាស្ត្រទល់នឹងប្រទេសចិន ហើយមើលឃើញថាឥណ្ឌាជាដៃគូដ៏សំខាន់មួយ។ លោក ម៉ូឌី កំពុងស្វែងរកការបង្កើនឥទ្ធិពលដែលប្រទេសឥណ្ឌាមាននៅលើឆាកអន្តរជាតិ ក្នុងនាមជាប្រទេសដែលសម្បូរប្រជាជនជាងគេលើពិភពលោក ពោលគឺ១ពាន់៤រយលាននាក់។

លោក ចូ បៃដិន និងលោក ម៉ូឌី មានការព្រួយបារម្ភដូចគ្នាចំពោះឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅឆ្ងាយពីតំបន់នេះទៀត។ លោក ស៊ូលីវ៉ាន់ បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ម៉ូឌី មិនមែននិយាយអំពីចិនទេ ប៉ុន្តែបញ្ហាស្ដីពីតួនាទីរបស់ចិននៅក្នុងវិស័យយោធា បច្ចេកវិទ្យា សេដ្ឋកិច្ច នឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាងមេដឹកនាំកំពូលទាំងពីររូប។

បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់រ៉យទ័រនៅថ្ងៃព្រហស្បតិ៍ លោក បៃដិន និងលោក ម៉ូឌី នឹងសម្រេចលើសេចក្តីប្រកាសរួមមួយស្តីពីការអភិវឌ្ឍរួមគ្នានិងការផលិតរួមគ្នានូវប្រព័ន្ធយោធា រួមទាំងប្រព័ន្ធទំនើបៗមួយចំនួនផ្សេងទៀត រវាងឥណ្ឌានិងសហរដ្ឋអាមេរិក។ មន្ត្រីអាមេរិកអនាមិករូបនោះបន្តថា ក្នុងន័យនេះ ឥណ្ឌានឹងទិញសព្វាវុធពីប្រភពផ្សេងៗ ក្រៅពីអ្នកផ្គត់ផ្គង់ប្រពៃណីនៅរុស្ស៊ី។ មន្ត្រីដដែលបានឱ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងព្រមទទួលយកការណ៍ដែលឥណ្ឌាបន្តទិញប្រេងពីរុស្ស៊ី ដរាបណាទីក្រុងញូដេលីទិញក្នុងតម្លៃក្រោមកម្រិតដែលប្រទេសអភិវឌ្ឍន៍បានព្រមព្រៀងគ្នាកំណត់លើប្រេងរុស្ស៊ី៕




អត្ថបទបន្ទាប់


ចិនលើកលែងពន្ធ ៧២ ពាន់លានដុល្លារ ចំពោះរថយន្តអគ្គិសនី និងរថយន្តមិនប៉ះពាល់បរិស្ថាន

ព័ត៌មាន
ប្រទេសចិនលើកលែងមិនយកពន្ធប្រមាណជាង ៧២ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំ ចំពោះរថយន្តអគ្គិសនី (EVs) និងរថយន្តមិនប៉ះពាល់បរិស្ថានផ្សេងៗទៀត។…

មេនិយ័តករបរធនបាលកិច្ច កំពុងខិតខំជំរុញទំហំបរធនឲ្យកើនដល់១៥០០លានដុល្លារនៅត្រឹមឆ្នាំ២០២៣

ព័ត៌មាន
ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថានិយ័តករបរធនបាលកិច្ចកំពុងខិតខំយ៉ាងខ្លាំងលើការជំរុញការចុះបញ្ជីក្រុមហ៊ុនប្រតិបត្តិការបរធនប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ