ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចេញសេចក្ដីជូនដំណឹងប្រកាសអាសន្នថា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅរយៈពេល២ថ្ងៃខាងមុខ។ ទន្ទឹមនេះ ប្រទេសនេះក៏បានប្រកាសឱ្យមន្ត្រីរាជការធ្វើការងារពីផ្ទះ និងបានណែនាំឱ្យបណ្ដានិយោជកក្នុងវិស័យឯកជនអនុញ្ញាតឱ្យបុគ្គលិកធ្វើការងារពីផ្ទះដូចគ្នាផងដែរ។
មិនតែប៉ុណ្ណោះ អាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃ និងបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក៏បានចេញសេចក្តីណែនាំដល់អ្នកដំណើរទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចាត់វិធានការបង្ការយ៉ាងសកម្ម ដើម្បីទប់ទល់ស្ថានភាពអាកាសធាតុបែបនេះ ហើយអាជ្ញាធរមានសមត្ថកិច្ចបានធានាអះអាងចំពោះពលរដ្ឋថា សុវត្ថិភាពនៅតែជាអាទិភាពចម្បងរបស់ខ្លួន៕
None