យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មហាសេដ្ឋីរូបនេះបានទាមទារឱ្យរដ្ឋាភិបាលជុំវិញពិភពលោកបង្កើនល្បឿននៃការឆ្លើយតប និងត្រៀមខ្លួនឱ្យបានលឿនជាងមុន ខណៈមូលនិធិរបស់លោកគ្រោងស្វែងរកថវិកាចំនួន១ពាន់លានដុល្លារ ដើម្បីធានាថា ការអភិវឌ្ឍ និងការប្រើប្រាស់ AI ប្រព្រឹត្តទៅដោយសមធម៌ និងមានការទទួលខុសត្រូវ។
លោក បៀល ហ្គេត អ្នកវិនិយោគ និងជាអ្នកផ្តួចផ្តើមគំនិតលើការអភិវឌ្ឍ AI ដ៏ឥទ្ធិពលមួយរូបបានគូសបញ្ជាក់ថា មកទល់ពេលនេះគ្មានរដ្ឋាភិបាលណាមួយនៅលើពិភពលោក ដែលបានត្រៀមខ្លួនរួចរាល់ សម្រាប់ការផ្លាស់ប្តូរទម្រង់សង្គមដ៏គំហុក ដែលបណ្តាលមកពី AI នោះឡើយ។ លោក បានព្រមានថា រលកនៃការរីកចម្រើន នៃ AI កំពុងជះផលប៉ះពាល់ដល់ទីផ្សារការងារ បង្កឱ្យមានក្តីបារម្ភជុំវិញការវាយប្រហារតាមអ៊ីនធឺណិត និងហានិភ័យ នៃការញៀនងប់ងុលនឹង AI រហូតកាត់ផ្តាច់ទំនាក់ទំនងជាក់ស្តែងនៅក្នុងសង្គមមនុស្ស។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ទាំងនេះ លោក បានទទូចឱ្យរដ្ឋាភិបាលនានាប្រញាប់ប្រញាល់រៀបចំគោលនយោបាយ និងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា។
មហាសេដ្ឋីរូបនេះបានបន្ថែមថា នៅពេលដែល AI ចូលមកជំនួសកម្លាំងពលកម្ម និងធ្វើឱ្យការងារមួយចំនួនត្រូវបាត់បង់ រដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញថ្មីៗជាបន្ទាន់ ដើម្បីស្រោចស្រង់ និងជួយសង្គ្រោះពលករ ដែលរងផលប៉ះពាល់។ បន្ថែមលើនេះលោក បៀល ហ្គេត ក៏បានសង្កត់ធ្ងន់លើហានិភ័យ នៃការប្រើប្រាស់ AI ដោយខ្វះការទទួលខុសត្រូវ និងខ្វះសុវត្ថិភាព ដែលអាចក្លាយជាអាវុធមុខពីរបំផ្លាញសន្តិសុខសង្គម។
ដើម្បីដោះស្រាយវិបត្តិនេះលោក បៀល ហ្គេត បានអំពាវនាវឱ្យប្រទេសនានាពង្រឹងការអប់រំ និងបង្កើតក្របខ័ណ្ឌប្រតិបត្តិការ AI ប្រកបដោយសុវត្ថិភាព និងបរិយាបន្ន។ ជាមួយគ្នានេះ លោក បានប្រកាសពីគម្រោងកៀរគរមូលនិធិប្រមាណ១ពាន់លានដុល្លារក្នុងរយៈពេល២ឆ្នាំខាងមុខ ដើម្បីជួយឱ្យមនុស្សជាតិអាចបន្សាំខ្លួនបានយ៉ាងរហ័ស និងប្រែក្លាយ AI ឱ្យទៅជាឧបករណ៍បម្រើមនុស្សជាតិ ប្រកបដោយសីលធម៌ និងគុណធម៌ពិតប្រាកដ៕
ដោយៈ សរ សុជាតិ