
ទីម័រខាងកើត ដែលនឹងក្លាយជាកូនពៅរបស់អាស៊ាន ក្នុងពេលឆាប់ៗខាងមុននេះ កំពុងប្រឈមនឹងបញ្ហាបាតុកម្មដ៏ខ្លាំងក្លាពីក្រុមនិស្សិត ដែលប្រឆាំងនឹងវិសមភាពប្រាក់ចំណូល និងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច។ ការចេញធ្វើបាតុកម្មរបស់និស្សិតរាប់រយនាក់ប្រឆាំងនឹងរដ្ឋាភិបាលទីម័រខាងកើតនេះ ធ្វើឡើងប្រហាក់ប្រហែលនឹងអ្វីដែលបានកើតឡើងនៅឥណ្ឌូនេស៊ី ហ្វីលីពីន និងនេប៉ាល់ ដោយសារមិនពេញចិត្តនឹងភាពអយុត្តិធម៌សង្គម វិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយ។
ការធ្វើបាតុកម្មរបស់ក្រុមនិស្សិតទីម័រខាងលើនេះ គឺដើម្បីប្រឆាំងនឹងការផ្តល់អត្ថប្រយោជន៍ប្រាក់សោធនពេញមួយជីវិតដល់មន្ត្រីរាជការ និងការឧបត្ថម្ភរថយន្តថ្មីសម្រាប់សមាជិកសភា ប៉ុន្តែត្រូវបានទាត់ចោលវិញក្រោយផ្ទុះបាតុកម្ម។ ទោះបីរដ្ឋាភិបាលទីម័រខាងកើត បានបង្ហាញចេតនាចង់សម្របសម្រួលក៏ដោយ តែក្រុមនិស្សិតមិនព្រមនោះទេ ហើយពួកគេបានប្រកាសបន្តធ្វើការតវ៉ារយៈពេលពីរសប្តាហ៍ទៀត ដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់ និងរហូតដល់រដ្ឋាភិបាលបំពេញតាមការទាមទាររបស់ខ្លួន។
ក្រុមបាតុករដែលមានក្រុមនិស្សិត សាស្រ្តាចារ្យ និងសកម្មជនខ្លះដែរនោះបានទាមទារឲ្យប្រទេសនេះធ្វើវិសោធនកម្មច្បាប់ ស្តីពីបាតុកម្ម ដែលហាមឃាត់ការតវ៉ាក្នុងរង្វង់១០០ម៉ែត្រជុំវិញបរិវេណអគាររដ្ឋាភិបាល និងចង់ឱ្យរដ្ឋាភិបាលវិនិយោគបន្ថែមទៀតក្នុងវិស័យកសិកម្ម ទេសចរណ៍ និងនេសាទ។
មកដល់ពេលនេះ សម្រាប់សមាជិកសភាទីម័ខាងកើតម្នាក់ គឺអាចទទួលបានប្រាក់ចំណូលប្រមាណជា៣ម៉ឺន៦ពាន់ដុល្លារក្នុងមួយឆ្នាំ ខណៈប្រជាពលរដ្ឋទូទៅរកចំណូលបានត្រឹមតែប្រមាណ១ពាន់៥រយ៦០ ដុល្លារប៉ុណ្ណោះ។ នៅពេលនេះទីម័រខាងកើត ស្ថិតក្នុងចំណោមប្រទេស ដែលមានប្រាក់ចំណូលទាបបំផុតនៅអាស៊ីអាគ្នេយ៍៕
ដោយៈ សរ សុជាតិ