ការផ្តាច់សេដ្ឋកិច្ចអាមេរិកពីចិនជាអំពើ«ឆោតល្ងង់»

មេ CIA អាមេរិកថា ការផ្តាច់សេដ្ឋកិច្ចអាមេរិកពីចិនជាអំពើ«ឆោតល្ងង់»


ប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់ (CIA) របស់សហរដ្ឋអាមេរិក លោក វីលៀម ប៊ើនស៍ (William Burns) បាននិយាយកាលពីថ្ងៃសៅរិ៍ ទី ១ កក្កដា ថា ការចង់កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ជាអំពើ«ឆោតល្ងង់» ដោយសារការពឹងអាស្រ័យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ។ បើតាមលោក ប៊ើនស៍ អ្វីដែលសហរដ្ឋអាមេរិកគួរធ្វើនោះ គឺព្យាយាមធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយហានិភ័យក្នុងទំនាក់ទំនងនេះ។
ប្រធានទីភ្នាក់ងារ CIA ថ្លែងពីទំនាក់ទំនងជាមួយចិន និងការបះបោរនៅរុស្ស៊ី
ដោយ

ក្រៅពីនេះ លោកក៏បានថ្លែងអំពីផលប៉ះពាល់នៃការបះបោររបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីមកលើឥទ្ធិពលសង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែនដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។

អំឡុងពេលធ្វើបាឋកថាមួយទៅកាន់អង្គការមូលនិធិ ឌីចលី (Ditchley) ដែលធ្វើការលើទំនាក់ទំនងរវាសហរដ្ឋអាមេរិកនិងអង់គ្លេស នៅទីក្រុងអកហ្វដស៊ែរ ប្រទេសអង់គ្លេស កាលពីថ្ងៃសៅរិ៍ ទី ១ កក្កដា លោក វីលៀម ប៊ើនស៍ ប្រធាន CIA បាននិយាយថា៖ «ចិនគឺជាប្រទេសតែមួយគត់ដែលមានបំណងកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ និងអំណាចផ្នែកសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា សម្រាប់ធ្វើរឿងនេះ»។

លោក ប៊ើនស៍ បានបន្តថា នៅក្នុងពិភពលោកបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយចង់ពឹងផ្អែកខ្លាំងលើក្រុមហ៊ុនផ្ដាច់មុខនៃប្រទេសមួយ ក្នុងវិស័យរ៉ែ និងបច្ចេកវិទ្យាសំខាន់ៗនោះទេ។

លោក ប៊ើនស៍ បានបញ្ជាក់ក្នុងសម្ដីដើមថា៖ «ដំណោះស្រាយបញ្ហានេះគឺមិនមែនការកាត់ផ្តាច់ទំនាក់ទំនងពីសេដ្ឋកិច្ចប្រទេសមួយ ដូចជាចិននេះទេ។ ធ្វើដូច្នេះអាចជារឿងឆោតល្ងង់ ប៉ុន្តែត្រូវកាត់បន្ថយហានិភ័យឱ្យបានច្រើន ហើយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់, ការពារឧត្ដមានុភាពបច្ចេកវិទ្យារបស់យើង ព្រមទាំងវិនិយោគលើសមត្ថភាពឧស្សាហកម្ម»។

នៅក្នុងបាឋកថាកាលពីថ្ងៃសៅរ៍ដដែលនោះ ប្រមុខភ្នាក់ងារចារកម្ម CIA រូបនេះក៏បានលើកឡើងពីបញ្ហាក្តៅៗដែលកើតឡើងនៅក្នុងប្រទេសរុស្ស៊ីដែរ។ លោក ប៊ើនស៍ និយាយថា ការបះបោរដោយក្រុមទាហានស៊ីឈ្នូលវ៉ែកនើ ដឹកនាំដោយលោក ព្រីហ្កូហ្ស៊ីន ចង់ឬមិនចង់ពិតជាប៉ះពាល់ខ្លាំងលើអំណាចរដ្ឋរបស់រុស្ស៊ី ជាពិសេសឥទ្ធិពលសង្គ្រាមរបស់លោកពូទីននៅអ៊ុយក្រែនតែម្តង។

សូមរម្លឹកថា អស់រយៈពេលជាច្រើនខែមកហើយ ដែលលោក ព្រីហ្កូហ្ស៊ីន បានជេរប្រមាថជាចំហទៅកាន់មេដឹកនាំយោធាជាន់ខ្ពស់បំផុតរបស់លោកពូទីន ដោយប្រើពាក្យស្លោក និងភាសារបស់អ្នកទោសជាច្រើន ដែលធ្វើឲ្យមន្ត្រីកំពូលរុស្ស៊ីភ្ញាក់ផ្អើល ប៉ុន្តែពុំត្រូវបានលោកពូទីនដោះស្រាយជាសាធារណៈទេ។

លោក ប៊ើនស៍ បានប្រាប់អ្នកចូលរួមស្ដាប់បាឋកថារបស់លោកថា វាគួរឲ្យភ្ញាក់ផ្អើលដែលលោក ព្រីហ្កូហ្ស៊ីន បានដឹកនាំសកម្មភាពបះបោររបស់គាត់ក្រោយពីការចោទប្រកាន់ដ៏គួរឱ្យស្ញើបអំពីហេតុផលរបស់វិមានក្រឹមឡាំងក្នុងការលុកលុយប្រទេសអ៊ុយក្រែន និងអំពីការប្រព្រឹត្តរបស់មេដឹកនាំយោធារុស្ស៊ីក្នុងសង្គ្រាម។

លោក ប៊ើនស៍ គូសបញ្ជាក់ក្នុងសម្ដីផ្ទាល់ថា៖ "ឥទ្ធិពលនៃពាក្យទាំងនោះ និងសកម្មភាពបះបោរទាំងនោះ នឹងមានផលប៉ះពាល់មួយរយៈ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញឥទ្ធិពលចុះខ្សោយនៃសង្រ្គាមរបស់លោកពូទីនមកលើសង្គមរបស់គាត់ និងរបបរបស់គាត់"។

សូមជម្រាបថា លោក វីលៀម ប៊ើនស៍ ធ្លាប់ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៨។ លោកបានក្លាយជាប្រធាន CIA ក្នុងឆ្នាំ២០២១។

លោក ប៊ើនស៍ បានថ្លែងថា ការបះបោររបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ជា«កិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ដែលអាមេរិកគ្មាន ហើយនឹងពុំមានចំណែកក្នុងនោះទេ»៕




អត្ថបទបន្ទាប់


តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះបន្តិចទៀតនៅខែមិថុនា ជាការធ្លាក់ចុះ២ខែជាប់ៗគ្នា

ការស្ទង់មតិឯកជនមួយបានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែមិថុនាកន្លងទៅនេះ បើធៀបនឹងខែឧសភា។ វាជាការបង្ហាញពីការធ្លាក់ចុះ…

មេដឹកនាំបេឡារុស្សចេញមុខអះអាងថា អាវុធនុយក្លេអ៊ែររុស្ស៊ីដំឡើងនៅប្រទេសខ្លួននឹងមិនត្រូវបានប្រើប្រាស់ទេ

ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌឺ លូកាសេនកូ ដែលជាដៃគូដ៏រឹងមាំបំផុតរបស់លោក ពូទីន នៅក្នុងសង្គ្រាមអ៊ុយក្រែន បាននិយាយនៅក្នុងពិធីបុណ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ