ស្របពេលស្ថានភាពកំណើនសេដ្ឋកិច្ចមានសម្ទុះខ្សោយជាងមុន តើប្រទេសកម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់អ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០? តើកម្ពុជាត្រូវកែប្រែ និងពង្រឹងលើវិស័យសក្តានុពលអ្វីខ្លះ ដើម្បីសម្រេចគោលដៅមួយនេះ?
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នៅមិនយូរទៀតនោះទេសម្រាប់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយដើម្បីសម្រេចបាននូវចក្ខុវវិស័យនេះ រាជរដ្ឋាភិបាលគួរផ្ដោតសំខាន់ទៅលើកត្តាមួយចំនួន ជាពិសេសផ្ដោតសំខាន់លើចចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា តែម្ដង។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ តាមពិតទៅ រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូចជាការកែទម្រង់ក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសម្រាប់យុវជន និងការដើរកៀគរអ្នកវិនិយោគិនបរទេស ជាដើម។
លើសពីនេះ តាមរយៈចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការងាកចេញពីវិស័យសេវាកម្ម ហើយមកផ្ដោតសំខាន់លើវិស័យផលិតកម្មវិញ ក៏ជាកត្តាសំខាន់ជួយជ្រោមជ្រែងឲ្យកម្ពុជាអាចសម្រេចបាននូវចក្ខុវិស័យនេះផងដែរ។ សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ នឹងកាន់តែធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកលូតលាស់កាន់តែប្រសើរ ហើយលោកមានសុទិដ្ឋិនិយមថា កម្ពុជានឹងអាចសម្រេចបាននូវចក្ខុវិស័យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ដោយឡែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា គូសបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីកពិតជាមានសារសំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយរំពឹងថា វិស័យនេះ ក៏នឹងរួមចំណែកដ៏សំខាន់នៅក្នុងចក្ខុវិស័យ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បើទោះបីកន្លងមក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីកទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការអភិវឌ្ឍជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន វិស័យនេះហាក់នៅជួបបញ្ហាប្រឈមមួយចំនួននៅឡើយ ដូចជាហេដ្ឋារចនាសម្ព័ន្ធរឹង និងការរៀបចំនីតិវិធីជាដើម។ សម្រាប់ឧកញ៉ា ស៊ិន ចន្ធី ចាត់ទុកការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីកនៅកម្ពុជា គឺជាកត្តាចម្បងដែលជួយធ្វើឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិកាន់តែរស់រវើក។
ធនាគារពិភពលោកបានលើកឡើងកាលពីពេលថ្មីៗថា ដើម្បីឲ្យប្រទេសកម្ពុជា អាចឈានទៅសម្រេចចក្ខុវិស័យក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ កម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់។ បើតាមធនាគារពិភពលោក គន្លឹះសំខាន់ៗ ដើម្បីសម្រេចបានគោលដៅនេះ គឺត្រូវការអនុវត្តទៅលើកត្តាអាទិភាពសំខាន់ៗចំនួន៤ រួមមាន ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក, ការពង្រឹងជំនាញ និងវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម៕