អឺរ៉ុបអាចឆ្លងផុតការលំបាកមួយគ្រាមែន តែបញ្ហាចម្បង គឺនៅត្រង់ថា កង្វះខាតថាមពល ដែលគ្មានប្រភពផ្គត់ផ្គង់ពីរុស្ស៊ី នៅតែជាបញ្ហាចោទសម្រាប់ប្រទេសទាំង២៧នៃប្លុកនេះ មិនទាន់បានដោះស្រាយរួចរាល់នៅឡើយ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AP។
ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៅមួយរយៈចុងក្រោយនេះ បានបង្កើនស្តុកថាមពលរបស់ពួកគេក្នុងកម្រិតមួយខ្ពស់ បើធៀបនឹងរដូវរងារាល់ដង ដែលស្តុកថាមពលមានការស្រុតចុះ។ ប្រការនេះហើយ ទើបធ្វើឱ្យអ្នកប្រើប្រាស់លែងមានក្តីបារម្ភពីការខ្វះខាតប្រើប្រាស់សម្រាប់ម៉ាស៊ីនកំដៅនៅក្នុងផ្ទះ ម៉ាស៊ីនផលិតអគ្គិសនី ហើយរោងចក្រនានា ក៏លែងបារម្ភពីការខ្វះខាតថាមពលសម្រាប់ផលិតកម្មតទៅទៀត។
ជាលទ្ធផល តម្លៃឧស្ម័នសម្រាប់រយៈពេលខ្លីបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតរបស់វាដល់ ទៅ១៨ដង នៃអ្វីដែលគេធ្លាប់ជួបប្រទះនៅពេលដែលរុស្ស៊ីផ្តើមឈ្លានពានអ៊ុយក្រែនភ្លាម។ គេនៅចាំបានថា កាលពីចុងខែកុម្ភៈឆ្នាំ២០២២ តម្លៃថាមពលបានកើនឡើង៤ដងភ្លាមៗ បន្ទាប់ពីរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែន។ ទោះបីជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងពេលខ្លីនេះមែន តែវានៅតែប៉ះពាល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន និងអំណាចនៃការចំណាយរបស់អ្នកប្រើប្រាស់ថាមពល និងតាមរយៈអតិផរណាជាដើម។
ទោះយ៉ាងណា អ្នកវិភាគមើលឃើញថា សេណារីយ៉ូខ្វះខាតថាមពលដ៏អាក្រក់បំផុតសម្រាប់តំបន់អឺរ៉ុបដែលពួកគេធ្លាប់បានវិភាគនោះ ត្រូវបានជៀសផុតហើយ។ ប៉ុន្តែវិបត្តិខ្វះខាតថាមពលនៅតំបន់ដែលមានការពឹងផ្អែកខ្លាំងលើការនាំចូលនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយ។ ហេតុអ្វីទើបអឺរ៉ុបនៅតែបន្តយ៉ាប់យ៉ឺនក្នុងវិបត្តិខ្វះខាតថាមពលនេះ?
វាជារឿងមិនអាចប្រកែកបានឡើយថា អាកាសធាតុដែលមិនសូវត្រជាក់ខ្លាំងក្នុងរដូវរងានេះ បានអនុញ្ញាតឱ្យស្តុកទុកឧស្ម័នរបស់អឺរ៉ុបមានកំរិតដល់ ៨៣% នៃស្តុកសរុប បើគិតចាប់តាំងពីថ្ងៃទី១ខែមករាមក។ មែនទែនទៅ វាហាក់ដូចជារឿងមិនគួរឱ្យជឿដែរ ដែលស្តុកបម្រុងឧស្ម័នមានច្រើនគិតត្រឹមខែមករានេះ ខណៈដែលជាធម្មតាស្តុករបស់វាចាប់ផ្តើមធ្លាក់ចុះចាប់តាំងពីខែតុលាមុនរដូវរងារៀងរាល់ឆ្នាំ ហើយនិងបន្តធ្លាក់ចុះដល់រហូតដល់ខែមេសាឬឧសភា ដែលជារដូវក្តៅ។
ដូចបានរៀបរាប់ខាងលើ ការដែលមានស្តុកថាមពលច្រើន ទំនងដោយសារការប្រើប្រាស់មានតិចជាងឆ្នាំមុនៗ។ មានតិចជាងឆ្នាំមុនៗមូលហេតុចំបង អាកាសធាតុមិនត្រជាក់ដូចរាល់ដង ដូចនេះគេមិនត្រូវថាមពលច្រើនសម្រាប់ម៉ាស៊ីនកំដៅ។ មួយវិញទៀត អាចដោយសារថាមពលឡើងថ្លៃ ទើបជំរុញឱ្យមានការសន្សំសំចៃពីអ្នកប្រើប្រាស់ទូទៅ និងរោងចក្រ។ ជាក់ស្តែងរោងចក្រ នានានៅអឺរ៉ុបបានផ្អាកសកម្មភាពនៅរដូវរងា ដោយសារបញ្ហាអាកាសធាតុផង និងការបញ្ជាទិញធ្លាក់ចុះផង។
ក្នុងន័យនេះ ផែនការរបស់លោក ពូទីន ដើម្បីប្រើវិស័យថាមពលវាយប្រហារអឺរ៉ុបគឺត្រូវបរាជ័យ។ អ្នកវិភាគនិងអ្នកនយោបាយនៅអ៊ឺរ៉ុបបានកត់សម្គាល់ថា ជោគជ័យរបស់អឺរ៉ុបក្នុងការបំពេញស្តុកប្រេងរបស់ខ្លួនបានន័យថា លោកពូទីនមិនត្រឹមតែបរាជ័យដាក់សម្ពាធលើអឺរ៉ុបនោះទេ ប៉ុន្តែលោកថែមទាំងបានបាត់បង់ប្រភពចំណូលថាមពលជាច្រើនពីអឺរ៉ុបថែមទៀត ដោយសារការបិទការផ្គត់ផ្គង់ទៅឱ្យតំបន់មួយនេះ។
យ៉ាងណាក៏ដោយនេះជាជោគជ័យមួយពេលរបស់អឺរ៉ុប និងជាបរាជ័យមួយពេលប៉ុណ្ណោះសម្រាប់រុស្ស៊ី។ អឺរ៉ុបនៅជាតំបន់ងាយរងគ្រោះ ក្នុងករណីមានហេតុការណ៍មិននឹកស្មានដល់ណាមួយកើតឡើង ឧទាហរណ៍ ដូចជាគ្រោះថ្នាក់ ឬបញ្ហាបច្ចេកទេសនៅតាមបំពង់បង្ហូរប្រេង និងថាមពលសំខាន់ៗផ្សេងទៀត ដែលមិនមែនមកពីរុស្ស៊ី ឬការនាំចូលឧស្ម័នធម្មជាតិរាវពីប្រទេសផ្សេងដូចជា កាតា អាចមានភាពរាំងស្ទះ ឬមួយអាកាសធាតុប្រែត្រជាក់ខ្លាំងវិញជាដើម។
បើតាមទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានអឺរ៉ុប កុំឱ្យមានទំនុកចិត្តខ្លាំងពេក ព្រោះសេណារីយ៉ូដែលរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ដែលនៅសេសសល់នោះ ក៏អាចនឹងធ្វើឱ្យខ្វះខាតឧស្ម័ននារដូវរងាដែលមិនទាន់បញ្ចប់ផងដែរ ខណៈតម្រូវការអាចនឹងស្ទុះងើបឡើងវិញដែលមើលមិនឃើញ៕