អ្នកសេដ្ឋកិច្ច និងជាអតីតជំនួយការរដ្ឋមន្ត្រីក្រសួងថាមពលរបស់ថៃ លោក ប្រាយពល គូមសាប បានលើកឡើងថា វិធានការ ការជួយទៅដល់ក្រុមពលរដ្ឋដែលប្រើប្រាស់ប្រេងម៉ាស៊ូត ជាជាងការផ្ដោតលើការជួយដល់ពលរដ្ឋប្រើប្រាស់យានយន្ដចាក់ប្រេងឥន្ធនៈទូទៅដូចដែលមាននាពេលបច្ចុប្បន្ននេះ វាអាចនឹងជួយធានាបាននូវប្រសិទ្ធភាពគ្រប់គ្រងមូលនិធិប្រេងរបស់រដ្ឋាភិបាលកាន់តែប្រសើរជាងមុន។ លោកបន្ថែមថា ការជ្រើសរើសយកការគាំទ្រសម្រាប់ក្រុមអ្នកប្រើប្រាស់ប្រេងម៉ាស៊ូតនេះ គឺនឹងមានភាពប្រសើរឡើងជាងការអនុវត្តនូវការឧបត្ថម្ភធនទូទៅសម្រាប់អ្នកបើកបរយានប្រើប្រាស់ឥន្ធនៈទូទៅ ដោយសារតែអ្នកបើកបរយានដូចជាឡានម៉ូតូខ្លះ មិនដូចជាប្រតិបត្តិករដឹកជញ្ជូនទំនិញទេ គឺពួកគេប្រើប្រេងម៉ាស៊ូតសម្រាប់ធ្វើដំណើរផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
មូលនិធិប្រេងរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ននេះ មានទំហំទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិក ដោយវាត្រូវបានប្រើប្រាស់ឧបត្ថម្ភធនសម្រាប់អ្នកបើកបរយានយន្ដ ដែលប្រើប្រាស់ប្រេងម៉ាស៊ូត និងប្រេងសាំង និងហ្គាសសម្រាប់ប្រើចម្អិនអាហារជាដើម។ សម្រាប់ប្រភេទជីវឥន្ធនៈ រដ្ឋាភិបាលថៃមានបំណងកំណត់តម្លៃឲ្យនៅក្រោម៣០បាតក្នុងមួយលីត្រ ឬស្មើនឹងប្រមាណជាង ៣.៦០០រៀល។
យ៉ាងណាមិញ មូលនិធិប្រេងរបស់រដ្ឋថៃនេះ ត្រូវបានគេរំពឹងថា នឹងត្រូវអស់នៅត្រឹមចុងឆ្នាំនេះហើយ ដែលវានឹងជំរុញឲ្យរដ្ឋាភិបាលត្រូវប្រើកម្ចីប្រមាណ ៦០០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងមូលនិធិនេះ។
បើតាមអ្នកសេដ្ឋកិច្ចថៃ បានស្នើដល់រដ្ឋាភិបាលឲ្យកែសម្រួលកម្មវិធីឧបត្ថម្ភធនលើតម្លៃប្រេងឥន្ធនៈនេះ ដោយបង្កើតឲ្យមានការផ្ដល់ជាបណ្ណបញ្ចុះតម្លៃ ឬ កូប៉ុង ទៅដល់ក្រុមពលរដ្ឋដែលជាអ្នកប្រើប្រាស់ប្រេងម៉ាស៊ូតជាដើម។ អ្នកជំនាញអះអាងថា វិធានការនេះ នឹងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាល ដែលវាដូចគ្នាទៅនឹងវិធានការដោះស្រាយទៅលើផលប៉ះពាល់សម្រាប់ពលពលរដ្ឋនៅអំឡុងពេលបិទខ្ទប់ដោយសារកូវីដ១៩ដែរ។
អាជ្ញាធរថាមពលរបស់ថៃ ក៏កំពុងរង់ចាំរដ្ឋាភិបាលអនុម័តប្រាក់កម្ចី ៦០០រយលានដុល្លារអាមេរិក ដើម្បីប្រើប្រាស់នៅក្នុងកម្មវិធីឧបត្ថម្ភតម្លៃប្រេងឥន្ធនៈនេះផងដែរ ដោយថវិកាទាំងនេះ នឹងអាចអនុវត្តកម្មវិធីបានរហូតដល់ ខែមេសាឆ្នាំក្រោយ។
អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន PTT របស់ថៃ គឺលោក Disathat PanyaRachun បានលើកឡើងថា តម្លៃប្រេងឆៅពិភពលោកអាចនឹងកើនដល់លើស ៩០ដុល្លារអាមេរិក ក្នុងមួយធុងបារ៉ែលនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ មុននឹងវាត្រូវធ្លាក់ចុះមកវិញនៅត្រឹម ៧៥ ទៅ៥៨ដុល្លារក្នុងមួយធុងបារ៉ែលនៅឆ្នាំក្រោយ៕