នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅនាថ្ងៃទី២៧ ខែតុលានេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានគូសបញ្ជាក់ថា វិស័យអប់រំនៅកម្ពុជាបច្ចុប្បន្នកាន់តែមានភាពទូលំទូលាយ និងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែការបង្កើតសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេសកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់អាចឆ្លើយតបទៅតាមតម្រូវការនៃកំណើនរបស់ប្រជាជននោះទេ។ ក្នុងន័យនេះ ដើម្បីឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើនទៅមុខទៀតនោះ អ្នកឧកញ៉ា គួច ម៉េងលី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកវិនិយោគលើវិស័យអប់រំឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានទំនុកចិត្តលើការវិនិយោគលើវិស័យអប់រំនៅឡើយ។
ការវិនិយោគទៅលើវិស័យអប់រំនេះទៀតសោត គឺវានឹងមិនខាតបង់នោះទេ ពីព្រោះថាវិស័យនេះគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឆ្អឹងខ្នងនៃការលូតលាស់របស់ប្រទេសជាតិនាពេលអនាគត។ នេះបើតាមការអះអាងរបស់ អ្នកឧកញ៉ា គួច ម៉េងលី ដោយបានបន្ថែមថា ការចូលរួមរបស់វិស័យជកជននៅក្នុងវិស័យអប់រំ ទោះបីជា២០ឆ្នាំទៅ៥០ឆ្នាំទៅមុខទៀត ក៏មិនទាន់មានគ្រប់គ្រាន់សម្រាប់ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតសាលារៀនឱ្យបានគ្រប់កន្លែងនៅទូទាំងប្រទេសនោះដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា គួច ម៉េងលី ក៏បានបកស្រាយចំពោះចម្ងល់របស់សាធារណជនដែលមានបំណងចង់វិនិយោគនៅក្នុងវិស័យអប់រំនេះ ដោយពួកគាត់មានការព្រួយបារម្ភអំពីបញ្ហាការសម្រេចផ្អាកបើកគ្រឹះស្ថានអប់រំឯកជនគ្រប់កម្រិតជាបណ្តោះអាសន្នរបស់ក្រសួងអប់រំ ដោយសារតែមួយរយៈពេលចុងក្រោយនេះ ការបើកសាលារៀនឯកជនថ្មីៗ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាការប្រកួតប្រជែងរវាងស្ថាប័នអប់រំរដ្ឋ និងឯកជន។
ដោយក្នុងនោះ អ្នកឧកញ៉ា គួច ម៉េងលី អះអាងថា សាធារណជនកុំមានការភ័ន្តច្រលំ ដ្បិតទាំងប្រមុខរាជដ្ឋាភិបាលកម្ពុជា និង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា គឺសុទ្ធតែមានការគិតគូរខ្ពស់ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត ទាំងក្នុងក្នុងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។ ក្នុងន័យនេះ គឺក្រសួងអប់រំមិនមានការបដិសេធសម្រាប់ការបើកគ្រឹះស្ថានអប់រំឯកជននោះទេ គ្រាន់តែក្រសួងចង់ឱ្យការបើកគ្រឹះស្ថានអប់រំឯកជននេះ ត្រូវតែមានគុណភាព និងស្តង់ដាបង្រៀនឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាកម្មវិធីសិក្សារបស់ក្រសួងផងដែរ។
គួរជម្រាបថា ការជំរុញលើកទឹកចិត្តក្នុងការវិនិយោគលើវិស័យអប់រំរបស់អ្នកជំនាញរូបនេះ ស្របគ្នាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពនៅក្នុងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕