ប្រទេសថៃ

ថៃត្រៀមដំឡើងពន្ធនាំចូល២០% លើថាមពលអគ្គិសនី នឹងជះឥទ្ធិពលអ្វីខ្លះដល់អាជីវកម្ម?


នៅទីបំផុតគណៈកម្មការនិយ័តកម្មថាមពលនៃប្រទេសថៃ បានប្រកាសថា នឹងដំឡើងពន្ធនាំចូល ២០% លើថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុងក្រុមហ៊ុនអាជីវកម្ម នៅឆ្នាំ២០២៣ ដោយសារតែមិនអាចទ្រាំទ្រនឹងការខាតបង់ដែលបណ្តាលមកពីប្រេងឡើងថ្លៃ។ ទោះយ៉ាងណា សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ គឺនៅរក្សាតម្លៃថ្លៃអគ្គិសនីដដែល ក្នុងរង្វង់ ៤,៧២បាត ឬស្មើនឹងជាង៥៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ក្នុងរយៈពេល ៤ខែនៅដើមឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
អាជីវកម្មនៅប្រទេសថៃ នឹងរងផលប៉ះពាល់ពីការឡើងថ្លៃអគ្គិសនី ២០%

គណៈកម្មការ​និយ័តកម្ម​ថាមពល នឹង​ដំឡើងពន្ធជាង ២០% លើ​ថាមពល​សម្រាប់​វិស័យ​​ប្រើប្រាស់​​មិនមែនលក្ខណៈ​គ្រួសារ ពោលគឺពីតម្លៃប្រមាណ ជាង៥៥០រៀល​ក្នុងមួយគីឡូវ៉ាត់ម៉ោងនាពេលបច្ចុប្បន្ន​មកដល់ជិត ៦៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ ការប្រើប្រាស់​អគ្គិសនីមិនមែនលក្ខណៈ​គ្រួសារ​ រួមមានអាជីវកម្ម​គ្រប់ខ្នាត សណ្ឋាគារ កសិដ្ឋាន និង​អង្គការ​មិនស្វែង​រក​ប្រាក់ចំណេញជាដើម។

សូមជម្រាប​ថា អត្រា​ ៤,៧២​បាត​ ឬប្រហែល ៥៥៣រៀល​ក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបាន​កំណត់​តាំងពីខែកញ្ញា ឆ្នាំ​២០២២​មកម្ល៉េះ ហើយ​ទំនង​ជាដំឡើង​ដល់ជិត ៦បាត ឬប្រហែល៧០០រៀល​ក្នុង១គីឡូវ៉ាត់ម៉ោង ដោយសារតែ​តម្លៃនាំចូលប្រេង​សាំង និងឧស្ម័ន​កាន់តែខ្ពស់។ ចំពោះ​ការយកពន្ធនាំចូលប្រេងសាំង​នេះ គឺត្រូវបានកែ​សម្រួល​​ជារៀងរាល់​ ៤ខែម្តង ដើម្បី​ឆ្លើយតប​នឹង​ការផ្លាស់ប្តូរក្នុងតម្លៃថាមពល។

លោក Isares Rattanakilok Na Phuket អនុ​ប្រធាន​សហព័ន្ធ​ឧស្សាហកម្មថៃ បាន​និយាយថា បើទោះបីជាការ​សម្រេច​ចិត្ត​នេះ នឹង​ជួយ​ឱ្យ​ប្រជាជន​ដោះស្រាយ​ជីវភាព​បាន​មួយគ្រាក្តី​ ប៉ុន្តែ​លោក​ខកចិត្ត​ជាមួយ​ការប្រកាស​ដំឡើងថ្លៃអគ្គិសនីនេះ ដោយ​សារតែ​សហគ្រាស​​បាន​នឹង​កំពុងតែ​តស៊ូ​ជាមួយ​តម្លៃថាមពលខ្ពស់​រួចទៅហើយ។

ក្រុមម្ចាស់សហគ្រាស​ក្នុងប្រទេសប្រទេសថៃធ្លាប់បានលើកឡើងថ្មីៗនេះដែរ ប្រសិនតម្លៃអគ្គីសនីឡើងថ្លៃមែននោះ ពួកគេក៏នឹងត្រូវដំឡើងថ្លៃផលិតផល​របស់ពួកគេដែរ ដ្បិតថាថ្លៃដើមផលិតឡើងថ្លៃ ហើយអ្នកដែលប្រឈមនឹងផលប៉ះពាល់ចុងក្រោយនោះ គឺអ្នកប្រើប្រាស់នៅក្នុងប្រទេសតែម្ដង។

លោក Isares បាន​និយាយថា គណៈកម្មការរួមពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ នឹង​ដាក់ញត្តិទៅ​នាយករដ្ឋមន្រ្តី ដើម្បី​ពិនិត្យ​ការសម្រេចចិត្តខាងលើនេះ មុន​ចូលជាធរមាននៅថ្ងៃទី១មករាខាងមុខ។

លោកបន្តថា ប្រសិន​បើ​អត្រា ៥,៦៩បាតក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានកំណត់នោះ គឺ​នឹងនាំ​ឱ្យតម្លៃ​អគ្គិសនី​នៅក្នុង​វិស័យ​ឧស្សាហកម្ម នឹង​កើនឡើងត្រឹម ៧០% ពី​ប្រហែល ៣បាត ឬជាង៣៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង កាលពីដើមឆ្នាំ​២០២១។

ជុំវិញ​រឿងនេះ លោក Khomgrich Tantravanick អគ្គលេខាធិការគណៈកម្មការ​និយ័តកម្ម​ថាមពល បាន​និយាយថា ការសម្រេច​ចិត្តចំពោះតម្លៃ​អគ្គិសនី​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពីកិច្ចពិភាក្សា​​ជាមួយក្រុមប្រឹក្សា​ថាមពល​ជាតិ និង​ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងគោលបំណង​ធ្វើឱ្យប្រសើរឡើង​ពីផលប៉ះពាល់​នៃ​តម្លៃអគ្គិសនីដែលឡើងថ្លៃនេះ។

លោកបញ្ជាក់​ថា តម្លៃអគ្គិសនី​ថ្មី​នេះ​គឺ​ដើម្បី​ជួយ​ដល់​អាជ្ញាធរអគ្គិសនីថៃ ក្នុងការដោះស្រាយឱ្យមានសមតុល្យសាច់ប្រាក់​ បន្ទាប់ពីស្ថាប័នេះ​បាន​ខាតបង់​ជិត ៣ពាន់៦រយលានដុល្លារ ដោយសារតែ​ជួយរដ្ឋាភិបាល​ក្នុងការរក្សា​តម្លៃ​អគ្គិសនី។ លោករំពឹងថា អាជ្ញាធរ​អគ្គិសនី​ថៃ នឹង​អាច​ស្តារ​ហិរញ្ញវត្ថុ​របស់ខ្លួន​ ក្នុងរយៈពេលប្រហែល ២ឆ្នាំទៀត។

សូមជម្រាប​ថា ថ្មីៗនេះ​ប្រទេស​វៀតណាម ក៏មានផែនការដំឡើងថ្លៃអគ្គិសនីផងដែរ។ ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម គ្រោង​នឹង​ដំឡើងថ្លៃប្រើប្រាស់អគ្គិសនីក្នុងស្រុក នៅឆ្នាំ២០២៣ខាងមុខ ដោយសារតែមិនអាចតស៊ូនឹងការខាតបង់បន្ដទៅទៀតបាន ខណៈថ្លៃដើមនៃការផលិតថាមពលអគ្គិសនីនេះ បានឡើងថ្លៃដែលមានដូចជា ប្រេងសាំង និងធ្យូងថ្មជាដើម។ ប៉ុន្តែគម្រោងនេះ គឺត្រូវរង់ចាំការសម្រេចយល់ព្រមពីរដ្ឋាភិបាលវៀតណាមជាមុនសិន ដោយគេរំពឹងថា អគ្គិសនីនឹងឡើងថ្លៃនៅចន្លោះពី ៥% ដល់ ១០% ក្រោយការស្នើសុំនេះ៕




អត្ថបទបន្ទាប់


អាជីវកម្មរកស៊ីតាមអនឡាញជាង៦ពាន់ហើយ បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត

ព័ត៌មាន
ប្រធានការិយាល័យចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រោយពីក្រសួងបានចាត់វិធានការតឹងរ៉ឹងតម្រូវឲ្យម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិ…

លោក ចូ បៃឌិន ប្រកាសនឹងជួយតំបន់អាហ្វ្រិកគ្រប់យ៉ាង រួមទាំងគាំទ្រទ្វីបមួយនេះឲ្យចូលជាសមាជិកអចិន្ត្រៃយ៍G20

ព័ត៌មាន
នៅចំពោះមុខមេដឹកនាំមកពីប្រទេសនៃទ្វីបអាហ្រ្វិកទាំងជិត៥០ប្រទេសក្នុងជំនួបកំពូលអាមេរិក-អាហ្វ្រិក ប្រធានាធិបតីចូ បៃឌិន បាននិយាយថា សហរដ្ឋអាមេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ