អាមេរិកថាចិនទាមទារសមុទ្រចិនខាងត្បូងជារឿងខុសច្បាប់

អាមេរិកចោទប្រកាន់ការទាមទាររបស់ប៉េកាំងនៅសមុទ្រចិនខាងត្បូងថាជា «អំពើខុសច្បាប់»


រដ្ឋាភិបាលអាមេរិក បានរិះគន់ និងច្រានចោលទាំងស្រុង នូវការទាមទារបែបប្រវត្តិសាស្ត្រ និងភូមិសាស្ត្ររបស់ប្រទេសចិន ទៅលើតំបន់សមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកអះអាងទៀតថា ការទាមទាររបស់ចិននេះ គឺជារឿងខុសច្បាប់ទាំងស្រុង និងអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិ។ នេះបើយោងទៅតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក។
ទង់ជាតិ ប្រទេសចិន និងសហរដ្ឋអាមេរិក
ដោយ

បើតាមការចុះផ្សាយដោយសារព័ត៌មានចិន South China Morning Post បានស្រង់​​របាយការណ៍ថ្មីមួយ​របស់ក្រសួងការបរទេសអាមេរិក​ដែលមានឈ្មោះថា Limits in the Seas ដែលរៀបរៀងយោងទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ​១៩៨២ ដោយក្នុងនោះ សហរដ្ឋអាមេរិកបាន​ច្រានចោលការទាមទារភាគច្រើនរបស់ចិន ក្នុងដែនសមុទ្រចិនខាងត្បូង ហើយរិះគន់ចិនថា បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ច្បាប់នៅក្នុងមហាសមុទ្រ និងខូចខាតដល់​វិធាន​សកលជា​ច្រើន​ផ្សេង​ទៀត នៃ​​ច្បាប់​អន្តរជាតិ​ ដែល​មានចែង​​ក្នុង​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ។

គួរកត់សម្គាល់ថា របាយការណ៍ថ្មីរបស់​អាមេរិក​ធ្លាក់​​មកចំពេលដែល​ភាពតានតឹងកំពុង​កើតមានកាន់តែខ្លាំង​រវាងចិន និងប្រទេស​ជាគូរប្រជែងរបស់ចិន​​ក្នុងតំបន់សមុទ្រចិនខាងត្បូងនិងខាងកើត ។ សេចក្តីរាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថា ប្រទេស​ជប៉ុន​​បានបង្កើន​ការធ្វើនាវា​ល្បាត​នៅក្បែរប្រជុំកោះកំពុង​មានជម្លោះ គឺប្រជុំកោះស្ព្រេតលី ដែលចិនបានទាមទារ​ថា ជាកម្មសិទ្ធិរបស់ខ្លួន តាមរយៈហេតុផលប្រវត្តិសាស្ត្រ។

ប៉ុន្តែសម្រាប់​អាមេរិក ការយកប្រវត្តិសាស្ត្រ​មក​​ជា​សំអាង ​​ដើម្បី​បាន​គ្រប់គ្រង​​តំបន់​ណាមួយ​ក្នុងដែន​​សមុទ្រ​គឺជា​ទង្វើ​ខុសច្បាប់។ យ៉ាងណាមិញ ក្នុងពេលកន្លងមកចិន បានប្រើប្រាស់​ហេតុផល​ប្រវត្តិសាស្ត្រនេះ ដើម្បីគូសវាសព័ទ្ធយក​ស្ទើរតែ​ជាង៨០%ទៅហើយ នៃដែនសមុទ្រចិន​ខាងត្បូង ដោយរួមបញ្ចូលទាំងតំបន់​កោះស្ព្រេតលី និងបានលាតសន្ធឹង​ដល់ទៅ​២ពាន់គីឡូម៉ែត្រ ពីចិនដីគោក រហូតទៅដល់ដែនទឹកនៅជិតប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាមួយនឹងការប្រើប្រាស់​បន្ទាត់គូសចំនួន ៩ចំណុច (9 dashline)។​

ភាគីចិននៅថ្ងៃព្រហស្បតិ៍ទី១៣មករា បានចេញមកការពារការទាមទារ​របស់ខ្លួនទៅ​លើតំបន់​សមុទ្រចិនខាងត្បូង ហើយបានរិះគន់របាយការណ៍​របស់អាមេរិកខ្លាំងៗផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានហៅរបាយការណ៍ថ្មី​របស់ក្រសួង​ការបរទេសអាមេរិកថាជា ការប៉ុនប៉ង​បំភ្លៃច្បាប់អន្តរជាតិ បំភ័ន្ត​សាធារណមតិ សាបព្រួសជម្លោះ និងចង់កកូរកកាយ​ស្ថានការណ៍នៅ​ក្នុងតំបន់។

លោកបន្តថា ប្រាកដណាស់ចិន​​មានសិទ្ធិប្រវត្តិសាស្ត្រ អធិបតេយ្យភាព និងសិទ្ធិទទួល​បានផលប្រយោជន៍​ដែលពាក់ព័ន្ធនៅ​សមុទ្រ​ចិន​ខាងត្បូង ដែលត្រូវបាន​បង្កើត​ឡើង​ក្នុងប្រវត្តិសាស្ត្រ​តាំងពី​យូរលង់ណាស់​មកហើយ និងស្របទៅ​តាម​ច្បាប់​អន្តរជាតិផងដែរ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិផរណាអាមេរិកកើនខ្ពស់ដល់កម្រិតមិនធ្លាប់មានក្នុង ៤០ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន កើនរហូតដល់អត្រាមួយមិនធ្លាប់មានឡើយក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ អត្រាកំណើនអតិផរណ…

ពាណិជ្ជកម្មអាមេរិក និងចិនមានជិត ៧០០ពាន់លានដុល្លារកើនឡើង៣០% នៅឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជានៅមួយរយៈចុងក្រោយនេះ មហាយក្សអាមេរិក និងចិន មានការឈ្លោះទាស់ទែងប្រជែងឥទ្ធិពលគ្នាយ៉ាងណាក្ដី ក៏ប៉ុន្ដែ បើមើលទៅលើទំហំនៃការដោះដូរព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ