ការវិនិយោគនៅអាស៊ាន

ចិនកំពុងមានប្រៀបជាងប្រទេសមហាអំណាចផ្សេងៗ លើការវិនិយោគផ្នែកឌីជីថលនៅអាស៊ាន


ចិនត្រូវបានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន វាយតម្លៃថា កំពុងតែមានប្រៀបខ្លាំងលើឱកាសវិនិយោគផ្នែកឌីជីថល និងឧស្សាហកម្មបៃតង នៅក្នុងតំបន់អាស៊ាន។ ជាក់ស្តែងក្នុងចំណោមទឹកប្រាក់វិនិយោគជាង៣៨ពាន់លានដុល្លារ លើគម្រោងសរុបប្រមាណ៩៣ក្រុមហ៊ុន ចិនត្រូវបានគេអះអាងថា កំពុងនាំមុខក្រុមហ៊ុនមកពីប្រទេសមហាអំណាចផ្សេងៗ។
ការវិនិយោគនៅអាស៊ាន
ដោយ

លោក ប៉ាហាឡា មេនសូរី (Pahala Mansury ) អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់សារព័ត៌មាន Nikkei ថា វិនិយោគិនចិន កំពុងមានប្រៀបខ្លាំងជាងវិនិយោគិនអាម៉េរិក អង់គ្លេស បារាំង និងអូស្ត្រាលី លើការបណ្តាក់ទុនថ្មីៗក្នុងគម្រោងអាជីវកម្មសំខាន់ៗ ជាពិសេសនៅលើផ្នែកឌីជីថល និងឧស្សាហកម្មបៃតងនៅតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។

នៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ដែលឥណ្ឌូនេស៊ី បានរៀបចំនៅស្របពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលកាលពីដើមខែកញ្ញា មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា ក្នុងគោលបំណងកៀរគរមូលនិធិសាធារណៈ និងឯកជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ឱ្យកាន់តែច្រើន និងកាត់បន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចិនកំពុងតែដើរតួនាទីដ៏សំខាន់។

នៅក្នុងវេទិកានេះ អាស៊ាន បានប្រកាសនូវគម្រោងចំនួន៩៣គម្រោង ដែលមានតម្លៃវិនិយោគជាង៣៨ពាន់លានដុល្លារ ដល់ប្រទេសជាដៃគូរបស់ប្លុកនេះ ក្នុងនោះគម្រោងចំនួន៧៣គម្រោងដែលមានទឹកប្រាក់ជិត១៨ពាន់លានដុល្លារ គឺជាគម្រោងអាទិភាព។

បើតាមការអះអាងរបស់លោក មេនសូរី វិនិយោគិនចិន បាននាំមុខវិនិយោគិនសហរដ្ឋអាម៉េ​រិក ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី ដោយបានរួមចំណែកធំជាងគេលើការវិនិយោគក្នុងគម្រោងទាំង៩៣គម្រោងខាងលើ ដែលធ្វើឱ្យគេជឿជាក់ថា ទីក្រុងប៉េកាំង នឹងក្លាយជាអ្នកវិនិយោគធំបំផុតរបស់គម្រោងទាំងមូល។

ក្រោមគំនិតផ្តួចផ្តើមនេះ អាស៊ានកំពុងផ្តល់អាទិភាពដល់វិស័យធំៗចំនួនបួនសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់រួមមាន៖ហេដ្ឋារចនាសម្ព័ន្ធបៃតង សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងទេសចរណ៍។ លោក មេនសូរី ជឿជាក់ថា វិស័យនេះនឹងជួយជំរុញឱ្យមានការរីកចម្រើនមិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ។

យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតទេថា ប្រទេសណានឹងវិនិយោគក្នុងគម្រោងមួយណានោះទេ គ្រាន់តែថា អាស៊ានមានបំណងឲ្យគម្រោងទាំងនោះសម្រេចបាននៅឆ្នាំ ២០២៥។ ហើយលោកសង្ឃឹមថា គម្រោងទាំងនោះនឹងអាចផ្លាស់ប្តូរពីដំណាក់កាលបច្ចុប្បន្ននៃភាពជាដៃគូទៅជាការវិនិយោគពិតប្រាកដ។ លោកអះអាងថា អាស៊ានកំពុងតែស្វែងរកការធ្វើពិពិធកម្មប្រភពនៃការវិនិយោគលើសពីប្រទេសចិន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស៊ើបអង្កេតបានធ្វើឱ្យភាគហ៊ុនរបស់ Foxconn ធ្លាក់ចុះ៣%

ព័ត៌មាន
ភាគហ៊ុននៅក្នុងក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះរហូតដល់៣% ក…

អ្នកជំនាញបារម្ភបាតុភាពដែលបង្កឡើងអ្នកដឹកជញ្ជូនធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមកម្ពុជា

ព័ត៌មាន
ហេតុការណ៍អ្នករកតាក់ស៊ីយកទូរសព្ទថតភ្ញៀវទេសចរបរទេសដោយសារខឹងភ្ញៀវមិនប្រើប្រាស់សេវាកម្មរបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ កំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ