ក្រុមហ៊ុន​ VinFast

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់វៀតណាម VinFast សម្រេចលក់ក្រុមហ៊ុន ដើម្បីដោះបំណុល៧ពាន់លានដុល្លារ


នៅមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន VinFast Auto ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ។ ប៉ុន្តែនៅពេលនេះ ផែនការលក់រោងចក្រសំខាន់ៗចំនួន២ ដើម្បីដោះស្រាយបំណុលប្រមាណ៧ពាន់លានដុល្លារចេញពីបញ្ជីតុល្យការបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាអភិបាលកិច្ចនៅក្នុងសម្ព័ន្ធក្រុមហ៊ុន Vingroup របស់មហាសេដ្ឋី ផាម ញ៉ាត់ វួង (Pham Nhat Vuong)។
ក្រុមហ៊ុន​ VinFast
ដោយ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី២១ ខែឧសភា ថា លោក ផាម ញ៉ាត់ វួង ដែលបានចាប់ផ្តើមអាជីវកម្មដំបូងពីការលក់មីកញ្ចប់នៅប្រទេសអ៊ុយក្រែន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានកសាងសម្ព័ន្ធក្រុមហ៊ុន Vingroup រហូតក្លាយជាក្រុមហ៊ុនធំបំផុត និងមានប្រតិបត្តិការអាជីវកម្មស្មុគស្មាញបំផុតមួយនៅវៀតណាម។ តាមរយៈសម្ព័ន្ធក្រុមហ៊ុននេះ លោកជាម្ចាស់សណ្ឋាគារ សួនកម្សាន្ត និងក្រុមហ៊ុនរថយន្ត VinFast ដែលបានចុះបញ្ជីនៅលើផ្សារភាគហ៊ុន Nasdaq របស់សហរដ្ឋអាម៉េរិក។
ក្រោមកិច្ចព្រមព្រៀងពហុភាគី ដែលបានប្រកាសកាលពីសប្តាហ៍មុន VinFast នឹងលក់អាជីវកម្មផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ឱ្យទៅក្រុមវិនិយោគិនក្នុងតម្លៃ៥០៦លានដុល្លារ ដែលការធ្វើបែបនេះ នឹងជួយកាត់បន្ថយបន្ទុកបំណុលរបស់ក្រុមហ៊ុនបានប្រមាណ៦,៩ពាន់លានដុល្លារ។ នៅក្នុងឯកសារច្បាប់ VinFast បានបញ្ជាក់ថា យុទ្ធសាស្ត្រនេះនឹងជួយឱ្យក្រុមហ៊ុនងាកមកប្រើប្រាស់គំរូអាជីវកម្មទ្រព្យសកម្មស្រាល ដោយផ្តោតសំខាន់លើការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលជាជាងការចំណាយលើខ្សែច្រវាក់ផលិតកម្ម។
ការដកអង្គភាពផលិតកម្មនេះចេញពីបញ្ជីហិរញ្ញវត្ថុ នឹងជួយឱ្យ Vingroup ស្ទើរតែលែងមានបំណុលទាល់តែសោះ។ គួររំលឹកថា ថ្លៃដើមផលិតកម្មខ្ពស់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យក្រុមហ៊ុនផលិតរថយន្ត EV មួយនេះ ខាតបង់ប្រាក់រហូតដល់ជិត៤ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយ VinFast ក៏មិនទាន់ដែលរកប្រាក់ចំណេញបានសោះឡើយចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៧ មក។
លោក មេឌី ចាអ៊ូឌី (Mehdi Jaouadi) អ្នកវិភាគឧស្សាហកម្មរថយន្តមកពីក្រុមហ៊ុនប្រឹក្សាយោបល់ YCP ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានលើកឡើងថា បើពិនិត្យលើទិដ្ឋភាពយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការលក់រោងចក្រផលិតរថយន្តនេះ គឺជារឿងសមហេតុផល និងជាគ្រឹះដ៏រឹងមាំសម្រាប់ជំហានបន្ទាប់របស់ VinFast។ ប៉ុន្តែបើផ្ដោតលើទិដ្ឋភាពអភិបាលកិច្ចវិញ ការសម្រេចចិត្តនេះបានបង្កើតជាមន្ទិលសង្ស័យ និងចំណុចគួរឱ្យព្រួយបារម្ភមួយចំនួន។
ចំណុចគួរឱ្យកត់សម្គាល់មួយ គឺការចូលខ្លួនមកពាក់ព័ន្ធរបស់លោក ងៀន ហៅ ណាម (Nguyen Hoai Nam) ដែលជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកបានចូលគ្រប់គ្រងភាគហ៊ុនរហូតដល់ទៅជាង៩៥% នៃក្រុមហ៊ុនដែលត្រៀមនឹងបញ្ជាទិញរោងចក្រផលិតកម្មនេះ។ លោក Nam ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vincom Retail ដែលអតីតជាបុត្រសម្ព័ន្ធផ្នែកផ្សារទំនើបរបស់ Vingroup៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ទ្រព្យសម្បត្តិរបស់កំពូល​មមហាសេដ្ឋី អេឡុន ម៉ាស ត្រូវបានរំពឹងថា នឹងហក់ឡើងលើស១ទ្រីលានដុល្លារ ក្រោយក្រុមហ៊ុន SpaceX អាចហក់ចូលទីផ្សារភាគហ៊ុន

កំពូលមហាសេដ្ឋី អេឡុន ម៉ាស (Elon Musk) កំពុងរៀបចំឯកសារនាំយកក្រុមហ៊ុន SpaceX ទៅចុះបញ្ជីក្នុងផ្សារភាគហ៊ុនសហរដ្ឋអាម៉េរិក ហើយគ្រោងនឹងបើក…

អាម៉េរិក ប្ដឹងក្រុមហ៊ុនវៀតណាម VinFast ក្រោយបរាជ័យលើគម្រោងសាងសង់រោងចក្រផលិតរថយន្ដអគ្គិសនី និងអាគុយរថយន្ដ

រដ្ឋការ៉ូលីណាខាងជើង នៃសហរដ្ឋអាម៉េរិក បានប្តឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ក្រោយក្រុមហ៊ុននេះ បរាជ័យក្នុងការបំពេញតាមការប្តេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ