នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ អគ្គរដ្ឋអាជ្ញានៃរដ្ឋការ៉ូលីណាខាងជើង បានអះអាងថា ក្រុមហ៊ុន VinFast បានខកខានក្នុងការបំពេញតាមកិច្ចព្រមព្រៀង ជាមួយរដ្ឋ ហើយភាពអសកម្មជាបន្ដបន្ទាប់របស់ក្រុមហ៊ុននេះ បានបង្ហាញពីការខកខានកាន់តែខ្លាំងឡើងនៅចុងក្រោយនេះ ដែលផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀង។
លើសពីនេះ រដ្ឋការ៉ូលីណាខាងជើង ក៏បានទាមទារសិទ្ធិក្នុងការអនុវត្តជម្រើសរបស់ខ្លួន ក្នុងការទទួលបានដី ៧១២ ហិកតានោះត្រឡប់មកវិញ ដើម្បីទុកឱ្យក្រុមហ៊ុនផលិតនាពេលអនាគត ហើយក៏បានទាមទារឱ្យក្រុមហ៊ុនវៀតណាម VinFast ត្រូវសងលុយ ៨០លានដុល្លារមកវិញ ខណៈដែលប្រាក់ទាំងនោះ ត្រូវបានរដ្ឋផ្ដល់ឱ្យក្រុមហ៊ុននេះ សម្រាប់ការរៀបចំដីសង់រោងចក្រនៅគ្រាដំបូង។
កន្លងមក ក្រុមហ៊ុន VinFast ត្រូវបានផ្តល់អាជ្ញាប័ណ្ណសាងសង់រោងចក្រនៅក្នុងរដ្ឋការ៉ូលីណាខាងជើង ដោយមានការប្តេជ្ញាចិត្តក្នុងការបង្កើតការងារចំនួន ៧,៥០០ កន្លែង និងវិនិយោគជាង ៣ ពាន់លានដុល្លារ។
កាលពី ឆ្នាំ ២០២២ ក្រុមហ៊ុន VinFast ធ្លាប់បានប្រកាសថា រោងចក្រ ដែលគ្រោងសាងសង់ឡើងនេះ នឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១៥ម៉ឺន គ្រឿង និងគ្រោងបើកដំណើរការនៅខែកក្កដាឆ្នាំ ២០២៦។ ប៉ុន្ដែ នៅឆ្នាំ ២០២៤ ក្រុមហ៊ុននេះបានចេញមកបញ្ជាក់ជាថ្មីថា ខ្លួននឹងពន្យារពេលការបើកដំណើរការរោងចក្រនេះទៅដល់ឆ្នាំ ២០២៨ ដោយសារតែភាពមិនប្រាកដប្រជានៃទីផ្សារ។
ក្រុមហ៊ុន វៀតណាមួយនេះ បានបន្ទោសទៅលើ ការផ្លាស់ប្តូរថ្មីៗនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកទាក់ទងនឹងឧស្សាហកម្មរថយន្ត EV ដែលបានបង្កផលប៉ះពាល់ដល់ពេលវេលានៃគម្រោង ពោលគឺវាត្រូវការពេលវេលាបន្ថែមទៀត «ដើម្បីវាយតម្លៃលក្ខខណ្ឌអនុវត្តសមស្រប»។
សូមបញ្ជាក់ថា ក្រុមហ៊ុន VinFast របស់វៀតណាម ថ្មីៗនេះ ត្រូវបានរាយការណ៍ថា គ្រោងនឹងលក់រោងចក្ររបស់ខ្លួនចំនួន២ នៅវៀតណាមក្នុងតម្លៃជាង ៥០០លានដុល្លារ ដើម្បីស្វែងរកការដោះស្រាយវិបត្តិបំណុលរបស់ខ្លួន ដែលកំពុងប៉ោងឡើងដល់ទៅប្រមាណ ៧ពាន់លានដុល្លារ៕