យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA ផ្អែកលើការស្ទង់មតិថ្នាក់ជាតិពាក់កណ្តាលទសវត្សរ៍របស់ក្រសួងស្ថិតិសិង្ហបុរី បានរកឃើញថា គិតត្រឹមឆ្នាំ២០២៥ ប្រជាជនសិង្ហបុរី មានចំនួនជាង៤លាននាក់ ដោយក្នុងនោះអត្រានៃការរស់នៅម្នាក់ឯង ឬនៅលីវ បានហក់ឡើងខ្ពស់ជាងគេក្នុងក្រុមវ័យបង្កើតកូន។ ទន្ទឹមនឹងនេះ ស្រ្តីដែលមានអាយុចន្លោះពី២៥ ដល់២៩ឆ្នាំ ភាគរយអ្នកមិនទាន់រៀបការបានកើនពី៦៩% ក្នុងឆ្នាំ២០២០ ឡើងដល់ជាង៧៣% ក្នុងឆ្នាំ២០២៥។ ដោយឡែកសម្រាប់ខាងបុរសវិញកំណើនខ្លាំងបំផុត គឺស្ថិតក្នុងក្រុមអាយុពី៣០ ដល់៣៤ឆ្នាំ ដោយអត្រាអ្នកនៅលីវ បានហក់ឡើងពីជិត៤២% ទៅដល់ជាង៤៧%។ របាយការណ៍នេះបានសង្កត់ធ្ងន់ថា ស្ត្រីដែលមានចំណេះដឹងខ្ពស់ គឺមានទំនោររស់នៅម្នាក់ឯងច្រើនជាងគេ។
ទន្ទឹមនឹងនិន្នាការនៅលីវនេះ អត្រាបង្កើតកូនរបស់ស្ត្រីសិង្ហបុរី ក៏បានធ្លាក់ចុះផងដែរ។ ក្នុងចំណោមស្ត្រីរៀបការហើយដែលមានអាយុពី៤០ ដល់៤៩ឆ្នាំ ចំនួនកូនជាមធ្យមក៏មានការធ្លាក់ចុះផងដែរ។ ទោះជាយ៉ាងណាទម្រង់គ្រួសារដែលមានប្តីប្រពន្ធ និងកូននៅតែជាទម្រង់រស់នៅពេញនិយមបំផុត។
ទោះបីជាទំហំគ្រួសាររួមតូច និងមានកូនតិចជាងមុនក្តី ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ពលរដ្ឋសិង្ហបុរី មានភាពល្អប្រសើរ ដោយប្រាក់ចំណូលប្រចាំខែជាមធ្យមក្នុងមួយគ្រួសារបានហក់ឡើងពីជាង៩,០០០ដុល្លារសិង្ហបុរី ទៅដល់១២,៤៤៦ដុល្លារសិង្ហបុរី ដែលគិតជាមធ្យមកើនឡើង៣,២% ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ អត្រាប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏បានកើនឡើងពីជិត៨៨% រហូតដល់ជាង៩១% ផងដែរ៕
អត្ថបទៈ សួន ឡង់ទី