របាយការណ៍ស្ទង់មតិរួមគ្នាដែលរៀបចំឡើងដោយសមាគមឧស្សាហកម្មមូលបត្រ និងទីផ្សារហិរញ្ញវត្ថុអាស៊ី និងក្រុមហ៊ុនប្រឹក្សាយោបល់លំដាប់សកល KPMG បានបង្ហាញថា ចំណាប់អារម្មណ៍របស់វិនិយោគិនអន្តរជាតិ លើវិស័យហិរញ្ញវត្ថុចំពោះកូរ៉េខាងត្បូង បានហក់ឡើងពី២១% កាលពីឆ្នាំ២០២៥ មកដល់៥០% នៅក្នុងឆ្នាំ២០២៦ នេះ។ តាមរយៈការស្ទង់មតិលើក្រុមហ៊ុនហិរញ្ញវត្ថុយក្សៗចំនួន៣៤ ទោះបីជាចិន និងឥណ្ឌានៅតែរក្សាឋានៈជាទីផ្សារស្នូលដ៏ធំក៏ដោយ ប៉ុន្តែបញ្ហាផ្ទៃក្នុងមួយចំនួនបានធ្វើឱ្យក្រុមវិនិយោគិនចាប់ផ្តើមរារែកចិត្តក្នុងការផ្ទុកទុនបន្ថែមសម្រាប់ផែនការនាពេលអនាគត។ ក្រៅពីកូរ៉េខាងត្បូង ទីផ្សារសិង្ហបុរី ហុងកុង និងជប៉ុន ក៏កំពុងទទួលបានការវាយតម្លៃវិជ្ជមានខ្លាំងផងដែរ។
មូលហេតុដែលនាំឱ្យមានរបត់នេះ គឺដោយសារតែនៅក្នុងប្រទេសចិន ក្រុមវិនិយោគិនមានការព្រួយបារម្ភខ្លាំងលើហានិភ័យភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងបទប្បញ្ញត្តិ ជាពិសេស គឺវិធានការគ្រប់គ្រងលំហូរមូលធនចេញចូល។ ដោយឡែកសម្រាប់ប្រទេសឥណ្ឌា ឧបសគ្គចម្បង គឺស្ថិតនៅលើភាពស្មុគស្មាញនៃច្បាប់ក្នុងស្រុក និងការិយាធិបតេយ្យ ដែលធ្វើឱ្យនីតិវិធីប្រតិបត្តិការអាជីវកម្មចំណាយពេលយូរ ព្រមទាំងមានការរឹតត្បិតខ្លាំងលើទីផ្សារប្តូរប្រាក់បរទេស។
លោក ភីធ័រ ស្ទែន (Peter Stein) នាយកប្រតិបត្តិនៃសមាគមឧស្សាហកម្មមូលបត្រ និងទីផ្សារហិរញ្ញវត្ថុអាស៊ី បានអះអាងថា ការប្រកួតប្រជែងដណ្តើមទុនវិនិយោគនៅក្នុងទ្វីបអាស៊ី កំពុងកើនឡើងកម្តៅយ៉ាងខ្លាំង។ លោកបានបន្តថា កាលពី៥ឆ្នាំមុន ចិន គឺជាគោលដៅលេចធ្លោដាច់គេសម្រាប់ទុនបរទេស ហើយបច្ចុប្បន្នចិន នៅតែសំខាន់ ប៉ុន្តែបណ្តាប្រទេសដទៃទៀត ដូចជាកូរ៉េខាងត្បូង ជាដើម កំពុងតែបង្កើនឧត្តមភាពប្រកួតប្រជែងរបស់ខ្លួនយ៉ាងសកម្ម។ លោក ស្ទែន បានសង្កត់ធ្ងន់ថា ទីផ្សារកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវបានគេមើលរំលង និងវាយតម្លៃទាបកាលពីមុន ឥឡូវនេះកំពុងបង្ហាញសញ្ញាវិជ្ជមាន និងទាក់ទាញបំផុតសម្រាប់លំហូរទុនសកល៕
ដោយៈ សរ សុជាតិ