រថយន្តអគ្គិសនី

រថយន្តអគ្គិសនីជាង១៤០០គ្រឿង ត្រូវបានចុះបញ្ជីនៅ៨ខែឆ្នាំនេះ កើនឡើងជិត៤ដង


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមជួយលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ព្រមទាំងជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។
រថយន្តអគ្គិសនី
ដោយ

អ្នកជំនាញក្នុងវិស័យយានយន្ត កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា បច្ចុប្បន្នមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ តួយ៉ាងមានរថយន្តអគ្គិសនីជាង១​៤០០គ្រឿង បានចុះបញ្ជីនៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ៤ដង បើធៀបនឹងឆ្នាំមុន។

នាសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះ នៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។ ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏​កំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលបានកំណត់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។

ជាក់ស្តែង តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺស្របទៅនឹងនិន្នាការតំបន់ និងសកល នៃការវិវត្តយ៉ាងឆាប់រហ័សលើវិស័យយានយន្តអគ្គិសនី។ ទន្ទឹមនេះ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា យ៉ាងណាក៏ដោយ ក៏វិស័យយានយន្តអគ្គិសនីកម្ពុជាចាំបាច់ត្រូវទាមទារនូវការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀតផងដែរ។

​លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា នាពេលបច្ចុប្បន្ន មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ហើយក្នុងនោះការប្រើប្រាស់រថយន្តអគ្គិសនី ក៏មានការកើនឡើងជាលំដាប់ផងដែរ។ តួយ៉ាងគិតក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ មានរថយន្តអគ្គិសនីចំនួនជាង១​៤០០គ្រឿង ត្រូវបានចុះបញ្ជី មានការកើនឡើងប្រមាណ៤ដង បើធៀបនឹងឆ្នាំ២០២៣ ដែលមានជាង៣០០គ្រឿងប៉ុណ្ណោះ។

កត្តាដែលជំរុញឱ្យការប្រើប្រាស់រថយន្តអគ្គិសនីមានកំណើនយ៉ាងឆាប់រហ័សនេះ ក៏ដោយសារការប្រើប្រាស់រថយន្តអគ្គិសនី បានជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ធៀបជាមួយរថយន្តប្រើប្រេងឥន្ធនៈ និងបានចូលរួមដល់ការការពារបរិស្ថានផងដែរ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជានឹងទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗលើការបើករោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីជាច្រើននៅពេលខាងមុខ។

​សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់យន្តយន្តអគ្គិសនី ក៏ដូចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ និងបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ ការប្រើប្រាស់រថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនី បានចុះបញ្ជីសរុបចំនួនជាង៣​៦០០គ្រឿង ដោយក្នុងនោះរថយន្តមានចំនួនជាង២​១០០គ្រឿង, ត្រីចក្រយានយន្តចំនួន៤៤៥គ្រឿង និងទោចក្រយានយន្តចំនួនជាង១​១០០គ្រឿង។ យ៉ាងណាមិញ ចំពោះទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន២១កន្លែង ដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន២៧ទូ៕

None



អត្ថបទបន្ទាប់


ធនាគារ ហត្ថា និងក្រុមហ៊ុនធានារ៉ាប់រង លី ហួរ អេសប៊ីអាយ អ៊ិនសួរេន ម. ក ពួតដៃគ្នាក្នុងការផ្តល់នូវដំណោះស្រាយទូទាត់តាមបែបឌីជីថលដ៏ទំនើប ដើម្បីបង្កើនបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ

ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅ…

អាម៉េរិកគ្រោងទិញចូលប្រេងរហូតដល់៦លានបារ៉ែល ដើម្បីបំពេញស្តុកប្រេងរបស់ខ្លួន ស្របពេលតម្លៃប្រេងចុះថោក

រដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន មានផែនការទិញចូលប្រេងរហូតដល់ទៅ៦លានបារ៉ែលសម្រាប់ស្តុកប្រេងយុទ្ធសាស្ត្រ (SPR) របស់ខ្លួន បន្ទាប់ពីបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ