ការបញ្ជាទិញធ្លាក់ចុះជំរុញរោងចក្រភាគច្រើនកាត់បន្ថយការថែមម៉ោង

ការបញ្ជាទិញធ្លាក់ចុះជំរុញរោងចក្រភាគច្រើនកាត់បន្ថយការថែមម៉ោង កំពុងជះឥទ្ធិពលដល់ជីវភាពកម្មករនិយោជិតក្នុងវិស័យកាត់ដេរ


ក្រោយការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់កម្ពុជាពីសំណាក់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកមានការធ្លាក់ចុះបានជំរុញឲ្យរោងចក្រភាគច្រើនកាត់បន្ថយម៉ោងការងារ និងការបន្ថែមម៉ោងដល់កម្មករនិយោជិត។ ការកាត់បន្ថយម៉ោងការងារនេះ កំពុងបង្កជាក្តីបារម្ភដល់កម្មករ និយោជិត ដ្បិតវាអាចធ្វើឲ្យប៉ះពាល់ដល់ការចំណាយ និងជីវភាពរបស់ពួកគេ ស្របពេលកម្ពុជាកំពុងប្រឈមនឹងការកើនឡើងអតិផរណា។
ការបញ្ជាទិញធ្លាក់ចុះជំរុញរោងចក្រភាគច្រើនកាត់បន្ថយការថែមម៉ោង កំពុងជះឥទ្ធិពលដល់ជីវភាពកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

ទោះយ៉ាងណា អ្នកដឹកនាំសហជីពអះអាងថា ការកាត់បន្ថយម៉ោងការងារវាតែងតែកើតមានឡើងជារៀងរាល់ឆ្នាំឲ្យតែរដូវរងាចូលមកដល់ ហើយអ្វីៗនឹងអាចវិលមករកភាពល្អប្រសើរឡើងវិញដើមឆ្នាំក្រោយ។

លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាឃើញថា ក្រោយមានការធ្លាក់ចុះការបញ្ជាទិញផលិតផលស្បែកជើង និងសម្លៀកបំពាក់កម្ពុជាពីទីផ្សារអន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្ខំឲ្យរោងចក្រជាច្រើនត្រូវកាត់បន្ថយម៉ោងការងារ ឬការបន្ថែមម៉ោងដល់កម្មករ និយោជិតក្នុងវិស័យនេះ។ ការកាត់បន្ថយការបន្ថែមម៉ោងនេះ ចង់ ឬមិនចង់វានឹងជះឥទ្ធិពលអវិជ្ជមានដល់ការចំណាយ និងជីវភាពរបស់កម្មករ និយោជិតក្នុងវិស័យនេះ ដ្បិតការកាត់បន្ថយម៉ោងការងារនេះ ធ្វើឲ្យប្រាក់ចំណូលរបស់កម្មករនិយោជិតមានការធ្លាក់ចុះទៅតាមនឹងដែរ។ ទោះយ៉ាងណា បើតាមឧកញ៉ា លី ឃុនថៃ មកទល់ពេលនេះមិនទាន់មានរោងចក្រណាមួយផ្អាកប្រតិបត្តិការ ដោយសារការធ្លាក់ចុះការបញ្ជាទិញនោះទេ។

ជាមួយគ្នានេះលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានគូសបញ្ជាក់ថា មានរោងចក្រកាត់ដេរសម្លៀកបំពាក់មួយចំនួន ដែលជាសមាជិករបស់សមាគម បានព្យួរប្រតិបត្តិការផ្នែកខ្លះរបស់ខ្លួនចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២មកម្ល៉េះ ក្រោយមានការធ្លាក់ការបញ្ជាទិញពីទីផ្សារអន្តរជាតិ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតទេថា បច្ចុប្បន្នមានរោងចក្រចំនួនប៉ុនា្មនបានកាត់បន្ថយការងារ និងធ្វើឲ្យប៉ះពាល់កម្មករនិយោជិតប៉ុន្មាននោះទេ។

ពាក់ព័ន្ធបញ្ហានេះដែរលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាយល់ឃើញថា ការកាត់បន្ថយម៉ោងការងារនៅតាមរោងចក្រមួយចំនួន ប្រាកដណាស់វានឹងធ្វើឲ្យប៉ះពាល់ជីវភាពរបស់កម្មករ និយោជិត ដ្បិតប្រាក់ចំណូលលើការងារពេញម៉ោងតែមួយមុខ វាមិនអាចឆ្លើយតបនឹងការចំណាយរបស់ពួកគេបាននោះទេ។ ដូច្នេះទាមទារឲ្យកម្មករ និយោជិតទាំងនោះត្រូវកាត់បន្ថយការចំណាយ និងចាយវាយដោយការប្រុងប្រយ័ត្ន។ តែយ៉ាងណាលោកយល់ថា ការកាត់បន្ថយម៉ោងការងារដោយសារការធ្លាក់ចុះការបញ្ជាទិញក្នុងវិស័យកាត់ដេរ វារឿងធម្មតាក្នុងវិស័យកាត់ដេរ ពោលគឺបញ្ហានេះ វាតែងតែកើតមានឡើងរៀងរាល់៤ខែនៅចុងឆ្នាំ។ ទោះជាបែបនេះក្ដី លោករំពឹងថា ស្ថានភាពនឹងវិលមករកភាពល្អប្រសើរឡើងវិញនៅដើមឆ្នាំក្រោយ។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ចាប់ពីឆមាសទី១ដល់ខែតុលា ទីផ្សារស្បែកជើងរបស់កម្ពុជាពុំទាន់បង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ ពោលគឺការបញ្ជាទិញនៅតែមានទំនោរធ្លាក់ចុះដដែល។ កត្តានេះធ្វើឲ្យលោកឧកញ៉ាហ៊ានវាយតម្លៃថា ទីផ្សារស្បែកជើងកម្ពុជានឹងអាចធ្លាក់ចុះការបញ្ជាទិញយ៉ាងតិចចម្លោះពី៣០%ទៅ៥០% នៅឆមាសទី២ឆ្នាំ២០២២ បើធៀបនឹងឆមាសទី១។ ការធ្លាក់ចុះនេះត្រូវបានលោកឧកញ៉ាគូសបញ្ជាក់ថា គឺដោយសារការតម្លៃវត្ថុធាត់ដើមនិងទំនិញមានការកើនឡើង គួបផ្សំការដឹកជញ្ជូនមានភាពរអាក់រអួល និងតម្លៃដឹកជញ្ជូនឡើងថ្លៃ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅ៩ខែឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា សម្រេចបានក្នុងតម្លៃសរុបជាង១០ពាន់លានដុល្លារ កើនឡើងជាង២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


រុស្ស៊ីទិញមីស៊ីល និងយន្តហោះដ្រូនពីអ៊ីរ៉ង់កាន់តែច្រើន ខណៈអ៊ុយក្រែនចំអកថា យោធារុស្ស៊ីកំពុងតែដួលរលំ

ព័ត៌មាន
យោងតាមមន្ត្រីជាន់ខ្ពស់ និងអ្នកការទូតអ៊ីរ៉ង់ពីរនាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់បានសន្យាថា ខ្លួននឹងផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលផ្លោង ន…

តើមានសេណារីយ៉ូនៃការគំរាមកំហែងអ្វីខ្លះ ក្រៅពីបញ្ហាដ៏រសើបនៅកោះតៃវ៉ាន់ បានជំរុញឲ្យជប៉ុនផ្តើមងាកទៅពង្រីកវិស័យយោធាកាន់តែខ្លាំងក្លា?

ព័ត៌មាន
យោងតាមមន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគសន្តិសុខជាតិជប៉ុន នៅចន្លោះពេលនៃការចាប់សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ